(ភ្នំពេញ)៖ នេះជាលើកទី២សម្រាប់តារាចម្រៀង របស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បាន​ឡើ​ងបង្ហាញវត្តមាន នៅលើ Page Facebook របស់សម្តេចតេជោ ហ៊ុន សែន ខណៈរឿងអាស្រូ​វ នៃ​ការបែកធ្លាយរូបអាក្រាតកាយ នៅតែមិនទាន់មានតម្រុយ ស្វែងរកចាប់ជនអនាមិក​ឃើញ នៅ​ឡើយនោះ។

​បន្ទាប់ពីមានការលើកទឹកចិត្ត និងជួយជ្រោមជ្រែង យ៉ាងខ្លាំង​ពីសំណាក់ អ្នកគាំទ្រ ក៏ដូចជាសិល្បៈដូចគ្នា បានធ្វើឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ដែលកំពុងតែជួបប្រទះ នូវរឿងរ៉ាវអាស្រូវ បែកធ្លាយរូបភាពស្រាត មានកម្លាំងចិត្ត និងអារម្មណ៍ធូរស្រាល​រឹងប៉ឹងឡើងវិញ ដើម្បីជំនះតស៊ូ នៅក្នុង​សមរភូមិសិល្បៈ​ជាបន្ត​ទៀត។ ជាមួយនឹងភាពស្រស់ស្រាយ​ ឡើងវិញនេះ តារាចម្រៀង វ៉ាន់ នីឡា ក៏បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយ​នឹងអ្នកនាង ចន ច័ន្ទលក្ខិណា ផ្សាយផ្ទាល់ក្នុង Page Facebook សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ខ្លះៗ ពីប្រវត្តិមុននឹងនាងក្លាយ​ជា​ តារាចម្រៀងល្បី រហូតមកដល់សព្វថ្ងៃនេះ។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បាននិយាយ​នៅក្នុងឱកាសនោះថា «ក្រោយពីមានការលើកទឹកចិ​ត្ត​ជា​ច្រើន ពីសំ​ណាក់ទស្សនិកជន បានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ដើម្បីបន្តការតស៊ូ​ទៅ​​​មុខ ហើយកំហុសខ្ញុំទទួលស្គាល់ តែអ្វីដែលសំខាន់ដែលចង់បានបំផុតនោះ គឺការលើកទឹ​ក​ចិ​ត្ត ពីមជ្ឈដ្ឋានមហាជន!»។​

វ៉ាន់ នីឡា បានប្រាប់ថា មុននឹងនាងក្លាយជាតារាចម្រៀង មានទ្រនំជ្រកត្រឹមត្រូវ ពីដំបូងនាងក៏ធ្លាប់ជាតារាចម្រៀង ច្រៀងតាមរោងការ និងតាមកម្មវិធីផ្សេងៗផងដែរ ដោយសារតែការពេញចិត្ត និងចូលចិត្តអាជីពជាតារាចម្រៀង។ រហូតមកដល់ពេល​ធំដឹងក្ដី នាងក៏បានសុំបងប្រុស គឺលោក សុខ ជំនោរ ដើម្បីបានចូលច្រៀងក្នុងផលិតកម្ម ប៉ុន្តែបងប្រុសប្រាប់ថា នាងនៅក្មេងកុំទាន់ចង់ច្រៀងអី ធ្វើឲ្យរូបនាងចេះតែទទូចព្យាយាម​ ម្ដងហើយម្ដងទៀត ទម្រាំបងប្រុសដាច់ចិត្តជ្រើសយកនាង ឲ្យចូលច្រៀង។

ចង់ដឹងថា តើតារាចម្រៀង វ៉ាន់ នីឡា មានប្រវត្តិតស៊ូយ៉ាងណា មុននឹងបានចូលប្រឡូកក្នុងសិល្បៈ សមតាមបំណងរបស់នាង សូមទស្សនាកិច្ចសម្ភាសន៍​ទាំងស្រុង ដូចខាងក្រោម៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងរ៉ាវកញ្ញា វ៉ាន់ នីឡា កញ្ញាក៏ធ្លាប់បានផ្តល់បទសម្ភាស៍ម្តងដែរ  គួររំលឹកផងដែរថា តារាចម្រៀងរាងតូចច្រឡឹង សម្ដីស្រទន់ ប្រចាំក្នុង​ផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបង្ហាញវត្តមានផ្ដល់បទសម្ភាសន៍គួរឲ្យភ្ញាក់ផ្អើល​ជាមួយនឹង ក្រុមការងារផ្សាយ​ផ្ទាល់ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  ខណៈដែលការបង្ហាញ​វត្តមាន​តាមរយៈ​កម្មវិធីប្រគំតន្រ្តី តាមស្ថានីយទូរទស្សន៍នានា ត្រូវបានលុបចោល​ជា​បន្តបន្ទាប់ ក្រោយពីតារាចម្រៀងរូបនេះ ទទួលរងគ្រោះដោយសារ​តែជនអនាមិក ដែលគេសង្ស័យថាជាអតីតសង្សារ​របស់នាង ទម្លាយរូបស្រាត​ជាសាធារណៈ​រួចមក។

ពិតណាស់ថា បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវដ៏អាម៉ាស ប្រចាំក្នុងជីវិតជាស្រ្តីរួចមក គេសង្កេតឃើញថា កញ្ញា វ៉ាន់ នីឡា ហាក់ទទួលរងនូវការបាក់កម្លាំងចិត្ត​ជាខ្លាំង រហូតពេលខ្លះនាង​បានបញ្ចេញសារលែងចង់រស់ ព្រោះតែការពេបជ្រាយពីមហាជនចំពោះកំហុសគ្មានការពិចារណា របស់នាងក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក​ ។ ប៉ុន្តែក្នុងនោះក៏មានអ្នកសិល្បៈ​​ និងអ្នកគាំទ្រនាង ជាច្រើន​ទៀត បានផ្ដល់កម្លាំងចិត្ត និងត្រូវតែតស៊ូជំនះ កុំចុះចាញ់ឲ្យសោះ ព្រោះមនុស្សតែងមានកំហុសខុសឆ្គងខ្លះៗ ជារឿងធម្មតា​។

ដើម្បីជាការជួយទាំងកម្លាំងចិត្ត និងផ្លូវច្បាប់ ប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសផ្ដល់មេធាវីដល់ កញ្ញា វ៉ាន់ នីឡា ដើម្បីតតាំងផ្នែកផ្លូវច្បាប់ ចំពោះបណ្ដឹងរបស់នាងដែលបានប្ដឹងវែករក​មុខជនអនាមិកទម្លាយរូបស្រាតទៅតុលាការ ក្នុងការទទួល​បាននូវយុត្តិធម៌ ដើម្បីស្តារ និងស្រោចស្រង់​កេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាងមកវិញ។ ស្របពេលជាមួយនឹង​សំណុំរឿងកំពុងតែដំណើរការ គេសង្កេតឃើញស្រីស្រស់ វ៉ាន់ នីឡា ហាក់មានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការបង្ហាញវត្តមានតាមទីសាធារណៈនានា ព្រោះជនអនាមិក បានតាមគំរាមកំហែងនាងគ្រប់ពេល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា