ថៃ៖ យោងតាមគេហទំព័រកម្សាន្តតារាប្រចាំប្រទេសថៃមួយ បានចុះផ្សាយនៅថ្ងៃសុក្រ ទី១ ខែកក្កដា កន្លងទៅថ្មីៗនេះឱ្យដឹងថា កម្មវិធី Miss Grand Thailand 2016 ខ្លួនមានបវរកញ្ញាដែលបានគ្រងមក្កុដជ័យលាភីរួចហើយ គឺកញ្ញាសុផាផន មះលិសន វ័យ ២២ឆ្នាំ មកពីខេត្តសុងខ្លា ទទួលបានមតិភាគច្រើនសរសើរនាងថា មានរូបរាង មុខមាត់ស្រស់ស្អាត  និងល្អឥតខ្ចោះ ខណៈដែលម្ចាស់គ្រងមក្កុដរូបនេះទទួលបានការស្រឡាញ់គាំទ្រពីអ្នកគាំទ្រយ៉ាងច្រើន។

ហើយស្របពេលជាមួយគ្នានេះផងដែរ គេហទំព័រថៃខាងលើនេះ ក៏បានបន្តថា បេក្ខនារីជ័យលាភីឯករបស់យើង (កម្ពុជា) វិញ​គឺកញ្ញា ហេង​ ចន្ថា មានវ័យ១៩ឆ្នាំរស់នៅរាជធានីភ្នំពេញ ក៏មានសម្រស់ស្រស់ស្អាតល្អឯកទាំងរូបរាង មុខមាត់ និងចរិតឫកពារថ្លៃថ្នូរសមរម្យ មិនចាញ់កញ្ញា មះលិសនប៉ុន្មានដែរ ថែមទាំងបានបង្ហោះរូបថតកញ្ញាដ៏ស្រស់សោភារបស់កម្ពុជាយើង នៅក្នុងគេហទំព័រកម្សាន្តរបស់ខ្លួនទៀតផង ដើម្បីឱ្យប្រជាជនគេបានដឹង។

គួររំលឹកឡើងវិញថា ប្រទេសកម្ពុជាយើងគឺមានកញ្ញា ហេង ចន្ថា នាងក្រមុំដែលមានវ័យ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលមានមហិច្ឆតា ថានាពេលអនាគតនឹងក្លាយជាមេធាវីម្នាក់ដ៏ល្អនោះ គឺជាជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី Miss Grand Cambodia 2016 ដែលបានចាក់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ My TV នារាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនាកន្លងទៅ។

ក្រោយទទួលបានតំណែងនេះ នាងនឹងក្លាយជា Miss Grand Cambodia តំណាងឆ្នាំ2016 ហើយចេញទៅ ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand International 2016 ក្នុងពេលដ៏ខ្លីខាងមុខ នៅឯសហរដ្ឋអាមេរិក ដែលខុសពីឆ្នាំមុនគឺបេក្ខនារីជ័យលាភីត្រូវទៅប្រកួតនៅត្រឹមប្រទេសថៃតែប៉ុណ្ណោះ។

ហេង ចន្ថា នាងត្រូវបានមហាជនខ្មែរកោតសរសើរយ៉ាងខ្លាំងដែរថា នាងគឺជាតំណាងនារីខ្មែរម្នាក់ដែលមានទាំងចរិយាសម្បត្តិ  និងរូបឆោមលោមពណ៌ល្អស្រស់ស្អាតដាច់គេក្នុងកម្មវិធីប្រកួតប្រជែងនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយថែមទាំងមានវត្តមាន កញ្ញាឯក Miss Grand International 2015 ចំណាត់ថ្នាក់លេខ១ មកពីអូស្ត្រាលីចូលរួមបំពាក់មក្កុដជាកិត្តិយស ដល់បេក្ខនារីជ័យលាភីយើងទៀតផង។

ជាពិសេសក៏មានកញ្ញាៗ Miss Grand 2015 ដែលតំណាងប្រចាំប្រទេសផ្សេងៗទៀតជាច្រើនរូបផ្សេងទៀត មកចូលរួមផងដែរ នេះគឺពិតជាកិត្តិយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]