ចិន៖ វាជារឿងដ៏គួរឲ្យរន្ធត់មួយ ខណៈដែលកូនសិស្សតូចៗប៉ុន្មាននាក់ ត្រូវបានលោកគ្រូបង្រៀនរបស់ពួកគេ ចាប់វាយតប់យ៉ាងដំណំ ដោយសារខឹងមាត់ឡូឡានៅក្នុងថ្នាក់រៀនពេក។

តាមរយៈវីដេអូឃ្លីប ថតដោយកូនសិស្សម្នាក់ បង្ហាញពីទង្វើយ៉ាងព្រៃផ្សៃរបស់គ្រូប្រុសម្នាក់ វាយតប់កូនសិស្សរបស់ខ្លួនយ៉ាងចាស់ដៃ។ សកម្មភាពបែបនេះ ត្រូវរងការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់អ្នកលេងបណ្តាញសង្គម និងអាណាព្យាបាលរបស់ក្មេងទាំងនោះ ក្រោយពីត្រូវបានបង្ហោះលើបណ្តាញសង្គមផងដែរ។

បើតាមប្រភពបានឲ្យដឹងថា គ្រូបង្រៀនចិត្តព្រៃផ្សៃនោះមានឈ្មោះ Wang Xie បានចាប់វាយ និងទះកូនសិស្សម្នាក់ម្តងៗ ទៅលើក្បាល និងខ្នងជាមួយនឹងអំបោសនៅក្នុងថ្នាក់ ដោយមិនសំចៃដៃ។

គួរឲ្យដឹងថា គេអាចស្តាប់​​‌លឺលោកគ្រូ Wang ដឹងថាគាត់ស្រវឹងស្រា និងមានអារម្មណ៍មិនល្អ។ បន្ទាប់ពីកើតមានសម្លេងរំខាន ឡូឡាពីកូនសិស្ស គាត់ក៏ចាប់ផ្តើមបញ្ចេញកំហឹងដាក់កូនសិស្សតែម្តង។

ទន្ទឹមនឹងនោះផងដែរ បើតាមការឲ្យដឹងពីកូនសិស្សនៅក្នុងថ្នាក់រៀនវិញ បានរៀបរាប់ប្រាប់ថា ហេតុការណ៍នេះកើតឡើង នៅពេលដែរកូនសិស្សប៉ុន្មាននាក់នោះ មករៀនយឺត ហើយនាំគ្នាមាត់ឡូឡានៅខាងក្រៅថ្នាក់។

ចំណែកខាងសាលាបានឲ្យដឹងថា លោកគ្រូ Wang បានធ្វើការសុំទោសទៅកាន់កូនសិស្ស និងអាណាព្យាបាលរបស់ពួកគេ ហើយក្មេងៗទាំងអស់នោះក៏ត្រូវបានបញ្ជូនទៅធ្វើការពិនិត្យសុខភាព នៅឯមន្ទីរផងដែរ។

គួររំលឹកដែរថា ហេតុការណ៍នេះកើតឡើងនៅក្នុងសាលារៀនមួយកន្លែង ក្នុងទីក្រុង Li County ភាគខាងជើង ខេត្ត Gansu ប្រទេសចិន។ ហើយក្រោយពីវីដេអូឃ្លីបមួយនេះ បានបែកធ្លាយរួចមក លោកគ្រូ Wang ក៏ត្រូវបានខាងសាលាព្យួរការងារបង្រៀនបណ្តោះអាសន្នសិន ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀតផងដែរ៕

វីដេអូខាងក្រោម៖

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ហេតុការណ៍មួយ កើតឡើងកាលពីល្ងាច ថ្ងៃទី១៧ ខែមិថុនាមុននេះ នៅក្នុងសាលាបឋមសិក្សាមួយ ដែលស្ថិតនៅក្នុងភូមិ Xianglu នៃទីក្រុង Shiyan ខេត្តហួប៉ី របស់ប្រទេសចិន ហើយដែលកូនសិស្សរងគ្រោះ ដោយសារគ្រូបង្រៀនផ្ទាល់របស់គេ វាយយ៉ាងព្រៃផ្សៃនោះ មានឈ្មោះថា Xiao Yong មានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា Xiao ជាសិស្សថ្នាក់ទី៥ ត្រូវបានគ្រូបង្រៀន ដែលមានត្រកូល Yue ហៅឲ្យឡើងឲ្យមកដោះស្រាយ លំហាត់គណិតនៅលើក្តារខៀន ចំពោះមុខមិត្តរួមថ្នាក់ផ្សេងទៀត ក៏ព្រោះតែគេទទួលបាន ពិន្ទុអាក្រក់បំផុត ក្នុងការប្រលងលើកមុន ពោលគឺ៨១លើ១០០ពិន្ទុ។

ទោះយ៉ាងណា Xiao ក៏មិនអាចដោះស្រាយលំហាត់គណិត នៅលើក្តារខៀននោះបានដែរ ហើយនេះក៏ជាមូលហេតុ ធ្វើឲ្យគ្រូបង្រៀនស្ថិតក្នុងវ័យ៥០ឆ្នាំម្នាក់នោះ មានការខឹងសម្បារ យ៉ាងខ្លាំង និងបានស្ទុះទៅយក ខ្សែកាបមកវាយលើរូបគេ ដោយឥតប្រណីដៃឡើយ ក្រោមការស្រែកទ្រហ៊ោយំ ពីសំណាក់សិស្សដទៃទៀត ដែលនៅក្នុងថ្នាក់រៀននោះ។

ស្លាកស្នាមរបស់ Xiao ដែលត្រូវគ្រូបង្រៀនរបស់គេ យកខ្សែកាបមកវាយដោយមិនប្រណី

ក្រោយមកនៅពេលដែល Xiao ត្រឡប់ទៅដល់ផ្ទះវិញ រូបគេក៏មិនហ៊ានប្រាប់ ជីដូនជីតា ដែលជាអ្នកមើលថែគេ ឲ្យបានដឹងនោះដែរ តែស្លាកស្នាមរបួសនេះ ត្រូវបានបងប្អូនជីដូនមួយ របស់គេប្រទះឃើញ ក៏បានដឹងដល់គ្រួសារទាំងមូល ហើយភ្លាមៗនោះ Xiao ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។

ជុំវិញករណីនេះដែរ អ្នកនាំពាក្យឲ្យសាលាបឋមសិក្សា ក្នុងភូមិ Xinglu បាននិយាយថា “គ្រូបង្រៀនត្រកូល Yue បានរស់នៅក្រោមសម្ពាធច្រើនពេក នារយៈពេលថ្មីៗនេះ ជាពិសេសគឺបញ្ហាគ្រួសារតែម្តង ទើបធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ និងជ្រុលដៃវាយ កូនសិស្សយ៉ាងដំណំ បែបនោះតែម្តងទៅ”។

ទោះយ៉ាងណាក៏ដោយ គ្រូបង្រៀន Yue ក៏បានចេញមុខសុំទោស Xiao Yong និងគ្រួសាររបស់គេ តែក្នុងនោះក្រុមអាជ្ញាធរ ក៏បានសម្រេចព្យួរទុក នូវអាជីពជាគ្រូបង្រៀន របស់គេហើយ ដោយសារតែទង្វើមិនគប្បីមួយនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]