(ភ្នំពេញ)៖ បន្ទាប់ពីទម្លាក់ក្រុម CMAC ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup រដូវកាលថ្មីនេះ ក្លឹបក្រសួងការពារជាតិ បានបង្ហាញពី​មហិច្ឆតា​ដ៏​ធំធេង​មិន​ធ្លាប់​មាន ដោយ​ចង់​គ្រង​តំណែង​ជើង​ឯក​ពាន​លំដាប់​កំពូល​កម្ពុជា​ទាំង​ពីរ​គឺ​ពាន Hun Sen Cup និង​ពានលីគកំពូលកម្ពុជា (C-League) ដើម្បីឆ្លើយតាមការខិតខំជាខ្លាំងនារដូវកាលថ្មី ឆ្នាំ២០១៦នេះ។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបាននិយាយថា «ទិសដៅឆ្នាំ២០១៦នេះ ទាំងលីគ ទាំងពាន Hun Sen Cup គឺថ្នាក់ដឹកនាំក្លឹប បាន​ដាក់​គម្រោង​ដណ្ដើម​យក​តំណែង​ជើងឯកទាំងពីរ...។ ការចង់បានទៅពីរបែបនេះ គឺយើងចង់បង្កើត​ឱកាស​សម្រាប់​ក្រុម​បាន​ចេញ​ទៅ​ប្រកួត លើ​ឆាក​អន្ដរ​ជាតិ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។ នេះគឺជាក្ដីស្រម៉ៃរបស់ខ្លួន នឹងព្យាយាមធ្វើឲ្យបានក្នុងរដូវកាលនេះ»

ការលើកឡើងរបស់គ្រូបង្វឹករូបនេះ គឺស្របពេលក្រសួងការពារជាតិ បានពង្រឹងសមត្ថភាពក្រុម និងកីឡាកររបស់ខ្លួនយ៉ាងខ្លាំងទាំងកីឡាករក្នុងស្រុក និង​កីឡាករ​បរ​ទេស​។ ជាក់ ស្ដែងកាលពីម្សិលម្ងៃ ក្រុមនេះបានទម្លាក់ក្រុម CMAC ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup គឺ​ជា​ជោគ​ជ័យ​មួយ​ជំហាន ដែល​ធន​ធាន​កីឡាករក្នុងស្រុកធ្វើបាន។ លើស​ពី​នេះ​ពួក​គេ ក៏​បាន​ជួយក្រសួងការពារជាតិ ឈរកំពូលតារាងលីគកំពូលកម្ពុជា ជាងពាក់កណ្ដាលរដូវកាលទៀតផង។

យ៉ាងណាមិញលោក ទេព ឡុងរចនា មិនទាន់ហ៊ានអះអាង ១០០% ថាអាចសម្រេចបានគោលដៅធំៗទាំងពីរនេះនៅឡើយទេ ប៉ុន្ដែជំហានបន្ទាប់ គឺ​លោក​ត្រូវ​រក​វិធី​សាស្ដ្រ​គ្រប់​បែប​យ៉ាង ដើម្បី​ទប់ទល់ជាមួយ ក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃទី០២ ខែ​កក្កដា​ស្អែក​នេះ​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup ឆ្នាំ២០១៦។ ដោយឡែកការប្រកួតលីគកំពូលកម្ពុជា លោកក៏នឹងព្យាយាមស្វែងរកជ័យជម្នះ ដើម្បីដណ្ដើមតំណែងកំពូលតារាង ពីក្រុមបឹងកេតអង្គរត្រឡប់មកវិញផងដែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងកីឡាបាល់ទាត់នេះ ក្រលេកមកមើលបាល់ទាត់តំបន់អឺុរ៉ុបវិញម្តង គឺ ព័រទុយហ្គាល់ បានឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត ដោយបានយកឈ្នះលើ ក្រុមជម្រើសជាតិប៉ូឡូញ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី

 ទាក់ទងនឹងការប្រកួតកាលពីយប់មិញនេះ Robert Lewandowski ជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យប៉ូឡូញ នៅនាទី២ ប៉ុន្តែក្រោយរំលង៣០បន្ទាប់ ពោលគឺ នៅនាទី៣៣ កីឡាករវ័យក្មេងរបស់ក្លិប Bayern Munich គឺ កីឡាករ Renato Sanches បានស៊ុតចូលតាមស្មើវិញ ដែលធ្វើឲ្យលទ្ធផលប្រែប្រួល ១-១ ។ សូមបញ្ជាក់ផងដែរថា កីឡាករ Sanches បានបំបែកកំណត់ត្រាមួយ គឺជា កីឡាករក្មេងជាងគេដែលស៊ុតចូលនៅព្រឹត្តការណ៍ EURO ។

លទ្ធផល ០-០ នេះអូសបន្លាយដល់ចប់ការប្រកួត៩០នាទី ហើយនេះគឺជាការប្រកួតទី៥ដែរ ដែល ព័រទុយហ្គាល់មិនទាន់ស្គាល់ជ័យជំនះសោះ ក្នុងរយៈពេល៩០នាទី ។ ចូលដល់ម៉ោងបន្ថែម ១៥នាទី ពីរដង ក្រុមទាំង២នៅតែធ្វើអ្វីគ្នាមិនបាន ពោលគឺនៅតែរក្សាលទ្ធផល ១-១ ក្នុងវគ្គ Extra Time ធ្វើឲ្យការប្រកួតឈានដល់វគ្គស៊ុតប៉េណាល់ទី យកឈ្នះចាញ់ ។

ក្នុងវគ្គប៉េណាល់ទីនេះ ចាប់ផ្តើមស៊ុតដំបូងដោយ តារាឆ្នើម Cristiano Ronaldo របស់ ព័រទុយហ្គាល់ ហើយក៏បន្តការស៊ុត រហូតមកដល់ កីឡាករ ប៉ូឡូញ មួយរូប Jakub Blaszczykowski គឺ គាត់បានបាត់បង់នូវឱកាស៊ុតបញ្ចូលទី ធ្វើឲ្យព័រទុយហ្គាល់មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត បន្ទាប់ការស៊ុតយកជ័យជំនះពីកីឡាករ Ricardo Quaresma របស់ព័រទុយហ្គាល់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]