(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ ដល់តារាចម្រៀង មាស សុខសោភា ដែលបាន ចូលរួមសកម្មភាព ថែរក្សាព្រៃឈើ និងធនធានធម្មជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹង ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា« សូម្បីតែកន្លងមក កញ្ញា មាស សុខសោភា ចុះទៅបំបួសដើមឈើអាហ្នឹង គឺជាផ្នែកមួយ ដែលត្រូវតែ ជំរុញចលនាមួយហ្នឹង ឲ្យដើរទៅមុខ។ បានអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់​ចូលរួម នៅក្នុងចលនាមួយហ្នឹង និងទាញអ្នកដទៃទៀត ឲ្យចូលរួមនៅក្នុងចលនាហ្នឹង​ដូចគ្នា ជួនកាលអ្នកចម្រៀងល្បីៗ​​ផ្សេងទៀត ក៏ចូលរួមនៅក្នុងចលនា​ហ្នឹងដែរ ហើយតារាភាពយន្តល្បីៗ ទៅធ្វើ Concert តែមួយយប់ទេ បន្ទាប់មកនាំគ្នាចូលរួម ដាំដើមឈើ ដែលនាំឲ្យមានផល​ប្រយោជន៍ និងរីកចម្រើន​នៃការដាំដើមឈើ​របស់យើង។ យើងមិនត្រឹមតែការពារព្រៃ​ ដែលមាននោះទេ យើងក៏ត្រូវ ដាំបន្ថែមទៀតដែរ»។

ការថ្លែងសរសើរពីសំណាក់ សម្តេចតជោ ទៅកាន់តារាចម្រៀង មាស សុខសោភា គឺធ្វើឡើង ក្រោយពីសង្កេតឃើញថា កញ្ញា មាស សុខសោភា បានចូលរួមសកម្មភាពជាច្រើន ក្នុងការដាំដើមឈើ និងធនធានធម្មជាតិ និង​ចូលរួមថែរក្សាព្រៃឈើ​ជាមួយសិល្បករ-សិល្បការិនី រួមនឹងក្រុមការងារមួយចំនួនទៀត៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងកញ្ញា មាស​សុខសោភា នេះ គួរឲ្យរំលឹកផងដែរថា កំពូលតារាចំរៀងប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា បានផ្តល់នូវអារម្មណ៍កក់ក្តៅ និងសំដីចេញពីដួងចិត្ត ទៅកាន់ម្តាយរបស់កញ្ញា ក្នុងឧិកាសបុណ្យអ្នកម្តាយ កាលពីថ្ងៃ ៨ ឧសភា កន្លងទៅ តាមរយៈកម្មវិធី ស៊ីអារម្មណ៍ ឬ Chit Chat Show របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។

កាលពីខែឧសភាកន្លងទៅ ភិអិនអិន បានចាក់ផ្សាយកិច្ចសម្ភាសន៍ដ៏កម្រ ជាមួយកញ្ញា មាស សុខសោភា កំពូលតារាចំរៀងប្រចាំផលិតកម្ម ថោន ដោយក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ ម្តាយបង្កើតរបស់ មាស សុខសោភា ផ្ទាល់ផងដែរ។ ជាមួយនឹងកេរ្តិ៍ឈ្មោះ បោះសំឡេងជាច្រើនឆ្នាំ លើវិថីសិល្បៈខ្មែរ បានធ្វើឲ្យ មាស សុខសោភា ស្ទើរតែគ្មានពេលគ្រប់គ្រាន់ ផ្តល់ជូនអ្នកមានគុណ ជាទីស្រលាញ់របស់នាង។ ដោយមើលឃើញបែបនេះ ភីអិនអិន តាមរយៈកម្មវិធី ស៊ីអារម្មណ៍ បានរៀបឲ្យមានពេលវេលាដ៏ស័ក្ដិសមមួយសម្រាប់ សោភា បានបង្ហាញពីអារម្មណ៍ របស់នាងទៅកាន់អ្នកម្តាយ។ “ម៉ាក់ ម៉ាក់តែងតែផ្តល់សេចក្តីសុខ និងកំលាំងចិត្តនៅពេលដែលខ្ញុំពិបាកចិត្ត ម៉ាក់គឺជាគ្រប់យ៉ាង សម្រាប់កូន” នេះជាសម្តីពិតចេញពីក្រអៅបេះដូង របស់ មាស សុខសោភា ដែលស្ទើរតែគ្មានឱកាសនិយាយទៅកាន់អ្នកម្តាយរបស់នាងពីមុនមក។

ថ្លែងទៅកាន់ពិធីករពោរពេញដោយសំនួនវោហាររបស់កម្មវិធី ស៊ីអារម្មណ៍ គឺលោក ប៉ែន ចំរុងតារាចម្រៀងរូបនេះ ក៏បានបង្ហើបពីកិច្ចការមួយ ចំនួនក្នុងអាជីពជាតារាចំរៀង ដោយជារៀងរាល់ថ្ងៃនាងស្ទើរ តែគ្មានពេលវេលា សម្រាប់ក្រុមគ្រួសារ ព្រោះក្រៅពីចូលរួមផលិតបទចំរៀង ជាមួយផលិតកម្មថោន កញ្ញាតែតែងចូលរួម កម្មវិធីប្រគំតន្រ្តីធំតូចទូទាំងប្រទេស ជាពិសេសគឺព្រឹត្តិការណ៍ តន្រ្តីតាមបណ្តាខេត្តតែម្តង។ សោភា បញ្ជាក់ទាំងអារម្មណ៍ក្តុក ក្តួលទៅកាន់ អ្នកម្តាយដោយបានពោលថា “ សូមឲ្យម៉ាក់នៅជាមួយកូនរហូត ដើម្បីប្រៀនប្រដៅ កូនឲ្យឆ្ពោះទៅរកផ្លូវដែលល្អ។“ មាស សុខសោភា ជាកំពូលតារាចំរៀងមួយរូប ដែលទទួលបាន ការគាំទ្រខ្លាំងទូទាំងប្រទេស។ តារាចំរៀងរូបនេះ តែងបង្ហាញវត្តមានលើឆាក ប្រគំតន្ត្រីតាមបណ្តាទូរទស្សន៍ក្នុងស្រុកជាច្រើន។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា