តួកគី៖ វីដេអូស្តែងមួយ ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាព របស់ពួក ISIS ចូលទៅបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងបរិវេណព្រលានយន្តហោះ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងតក់ស្លុតយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធម្សិលមិញនេះ មានអំពើភេរវកម្មមួយ បានវាយប្រហារទៅលើ ព្រលានយន្តហោះ Ataturk ដែលស្ថិតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី ដោយក្នុងនោះផ្អែកលើរបាយការណ៍ចុងក្រោយ បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់ និង២៣៩នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ស្របពេលជាមួយគ្នានេះដែរ សកម្មភាពរបស់ភេរវករម្នាក់ ដែលបានដើរចូលមកបំផ្ទុះ គ្រាប់បែកអត្ថឃាត ស្ថានីយ៍អ្នកដំណើរ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពមួយ ហើយមនុស្សជាច្រើន កំពុងតែមានការចាប់អារម្មណ៍ ទៅលើវីដេអូមួយនេះ។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងអំឡុងពេលដែល មានមនុស្សជាច្រើន កំពុងដើរទៅមកនៅក្នុងស្ថានីយ៍ ក៏ស្រាប់តែមានបុរសម្នាក់ ដើរចូលមកយ៉ាងលឿន រួចក៏បំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងអាវកាក់របស់គេភ្លាមៗ ដែលនាំឲ្យមានកម្លាំងផ្ទុះយ៉ាងខ្លាំងនៅទីនោះ។

ក្រុមប៉ូលីសបានអះអាងថា ក្នុងសកម្មភាពវាយប្រហារ របស់ក្រុមសកម្មជន ឥស្លាមជ្រុលនិយម ISIS មិនត្រឹមតែមានជាលក្ខណៈ បំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះទេ ក៏នៅមានសកម្មជនផ្សេងទៀត ឈរចាំនៅខាងក្រៅស្ថានីយ៍ ប្រដាប់ដោយកាំភ្លើង AK-47 ធ្វើការបាញ់រះទៅលើ ក្រុមមនុស្សដែលព្យាយាមរត់ចេញមកខាងក្រៅ តែទោះយ៉ាងណា ក្រុមប៉ូលីសរក្សាសន្តិសុខ នៅទីនោះ ក៏បានធ្វើការរារាំង និងបង្ក្រាប ដែលនាំឲ្យចំនួន មនុស្សស្លាប់ មិនមានទំហំធំធេង៕

ខាងក្រោមនេះគឺជា វីដេអូដែលថតបាន អំពីសកម្មភាពរបស់ភេរវករ៖  

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរ អំពើភេរវកម្មមួយទៀតហើយ បានកើតឡើងកាលពីយប់មិញ ថ្ងៃទី២៨ មិថុនា ២០១៦ នៅព្រលានយន្តហោះAtaturk នៃទីក្រុង Istanbul និងបានឆក់យកអាយុជីវិត មនុស្សយ៉ាងតិច ៥០នាក់ និង៦០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណជា៨ល្ងាច (ម៉ោងក្នុងស្រុក)។​ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា សន្តិសុខម្នាក់ បានព្យាយាមស្ទុះទៅចាប់ភេរវករ រារាំងមិនឲ្យចូលក្នុងស្ថានីយ៍អ្នកដំណើរ តែភ្លាមៗភេរវករ បានបំផ្ទុះគ្រាប់បែក ជាប់នឹងអាវកាក់ បណ្តាលឲ្យមានការផ្ទុះឡើងយ៉ាងខ្លាំង។ ចំណែកលទ្ធផលមកទល់ពេលនេះ មានមនុស្សរហូតដល់៥០នាក់ហើយបានស្លាប់ ស្របពេលដែល ៦០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ប្រភពព័ត៌មានបានធ្វើសេចក្តីរាយការណ៍ថា ក្រុមឥស្លាមជ្រុលនិយម ISIS ជាអ្នកនៅពីក្រោយអំពើវាយប្រហារភេរវកម្មនេះ។ តែទោះយ៉ាងណា ក្រុមនេះមិនទាន់ចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ។

គូសបញ្ជាក់ដែរថា ព្រលានយន្តហោះ Ataturk របស់ប្រទេសតួកគី ជាព្រលានយន្តហោះមមាញឹកបំផុតលំដាប់ទី៣ប្រចាំទ្វីបអឺរ៉ុប ហើយក្រុមហ៊ុនអាកាសចរណ៍របស់តួកគីជាច្រើន ជាដៃគូសហការផ្លូវការ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ទ្វីបអ៉ឺរ៉ុប ឆ្នាំ២០១៦ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសបារាំងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]