ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ទូរទស្សន៍ PNN បានរៀបចំនូវសន្និសិទសារព័ត៌មានមួយស្តីពី ការប្រកួត សមរភូមិអ្នកប្រយុទ្ធ ដែលឧបត្ថម្ភដោយភេសជ្ជៈគោជល់ ដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់ ហើយក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីគណៈអធិបតី គឺប្រធានសហព័ន្ធកីឡាប្រដាល់ជាតិ លោក តែម មឺុន ប្រធានផ្នែកកីឡាទូរទស្សន៍ PNN លោក សំណព្វ និងប្រធានផ្នែកលក់ នៃភេសជ្ជៈគោជល់ លោក ទិត ភារម្យ ។ ហើយចំពោះគោលបំណងនៃកម្មវិធី គឺចង់ផ្សព្វផ្សាយអំពីការប្រកួតប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ រវាងកីឡាករ ខ្មែរ និងថៃ ដែលនឹងចាប់ផ្តើមប្រព្រឹត្តឡើងនៅសប្តាហ៍នេះ ។

ស្ថានីយ៍ទូរទស្សន៍ PNN នឹងរៀបចំព្រឹត្តការណ៍ប្រដាល់ដណ្តើមខ្សែក្រវ៉ាត់រវាងអ្នកស្នងមរតកគុណខ្មែរ និងមិត្តរួមអាជីពឆ្លងដែនពីប្រទេសថៃក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម អមដោយកំពូលអ្នកប្រយុទ្ធក្នុងស្រុកវ័យក្មេងប្រជែងយកជើងឯកប្រចាំសប្តាហ៍។ កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ PNN នេះ នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី០៣ ខែកក្កដា តទៅ វេលាម៉ោង ៤ ដល់ម៉ោង ៦ល្ងាច ។

ទស្សនិកជនស្នេហាវិស័យកីឡាប្រដាល់ នឹងជក់ចិត្តដិតអារម្មណ៍នូវឈុតឆាកប្រយុទ្ធដ៏ក្តៅគគុករវាងកីឡាករកម្ពុជា និងថៃ ឈានឆ្ពោះទៅកាន់តំណែងម្ចាស់ខ្សែក្រវ៉ាត់ បូករួមទាំងការប្រកួតលក្ខណៈម៉ារ៉ាតុនស្វែងរកជើងខ្លាំងក្នុងស្រុកប្រចាំសប្តាហ៍ផងដែរ។

លោក សំណព្វ ដែលជាប្រធានផ្នែកកីឡាប្រចាំស្ថានីយ៍ទូរទស្សន៍ PNN បានបញ្ជាក់ថា សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ នឹងផ្តល់ចំណីចក្ខុយ៉ាងពិសេសល្អផ្តាច់ដល់ទស្សនិកជនដែលតែងតែគាំទ្រក្បាច់គុណខ្មែរ ។

ទាក់ទិននឹងសមរភូមិអ្នកប្រយុទ្ធនេះ យើងឃើញមានកីឡាករ ខ្មែរ-ថៃ សរុប ៨រូប ដែលនឹងត្រូវឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ កីឡាទាំងនោះមានដូចជា៖

កម្ពុជា៖

១. ឡុង សុវណ្ណឌឿន

២. ពេជ្រ សីហា

៣. សរ រាជសីហ៍

៤. ឡេះ តើក

ថៃ៖

១. Chokdee Sor Thanapetch

២. Sumaee Sor Weerawan

៣. Thilek Eminen Air

៤. Inseedang Bangfarm Gym

ដូច្នេះទស្សនិកជនអាចចូលរួមទស្សនាកម្មវិធីប្រដាល់សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ រៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃចាប់ពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា តទៅ នៅសង្វៀន PNN ព្រែកព្នៅ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]