អាហ្សង់ទីន៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ បន្ទាប់ពីអាហ្សង់ទីន ទទួលបរាជ័យក្នុងពានរង្វាន់វគ្គផ្តាច់ព្រ័ត Copa America រួច កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi ក៏បានប្រកាសខ្លួនចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលបញ្ហាមួយនេះត្រូវបាន មហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថែមទាំងជា ប្រធានបទដ៏ក្តៅកកុក មួយជុំវិញ វិស័យកីឡាបាល់ទាត់ទៀតផង ។

ទាក់ទិននឹងបញ្ហានេះ កាលពីពេលថ្មីៗនេះ Messi បានវិលត្រលប់មកប្រទេសកំណើតរបស់ខ្លូនវិញហើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ មានអ្នកគាំទ្រជាច្រើនអ្នក បានឈររងចាំ ការវិលត្រលប់មកវិញ របស់ក្រុមជម្រើសជាតិ ជាពិសេស Messi។ ពួកគេរង់ចាំទាំងមេឃភ្លៀង ខ្លះទៀត ជិះតាមរថយន្តដឹកកីឡាករ ដោយម្នាក់ៗ នាំគ្នាស្រែកថា «Messi is not leaving» ដែលមានន័យថា «Messi មិនចាកចេញទេ» ។ នេះសបញ្ជាក់ឲ្យឃើញថា អ្នកគាំទ្រគ្រប់រូប មិនចង់ឲ្យកីឡាកររូបនេះចាកចេញពីក្រុមជម្រើសជាតិទេ ។ បើតាមសារពត័ត៌មាន Goal ថ្មីៗនេះក៏បានលើកឡើងដែលថា មានគាំទ្រជាង ១០០,០០០ នាក់ បានចុះហត្ថលេខាគាំទ្រមិនឲ្យ Messi ចាកចេញ ហើយចង់ឲ្យគាត់កែប្រែគំនិតចូលនិវត្តន៍នេះឡើងវិញ មិនត្រឹមប៉ុណ្ណោះទេ ពួកគេក៏បាន កសាងនូវចម្លាក់រូប កីឡាករ Messi មួយ នៅទីក្រុង នៃប្រទេស អាហ្សង់ទីន ផងដែរ ។

ក្រៅពីអ្នកគាំទ្រ សូម្បីតែ ប្រធានាធិបតី អាហ្សង់ទីន ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយដែរ នៅពេលដែលបានលឺនូវដំណឹងនៃការចូលនិវត្តន៍របស់ Messi នេះ ។ ប្រធានាធិបតី នៃប្រទេសអាហ្សង់ទីន លោក Mauricio Macri បានសរសេរក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ជាមួយក្រុមជម្រើសជាតិ ហើយសង្ឃឹមថាពួកយើងនឹងបានឃើញ កីឡាករល្អលំដាប់ពិភពលោក (Messi) បន្តលេងឲ្យក្រុមបានច្រើនឆ្នាំទៀត» ។ ដោយក្នុងនោះគាត់បានដាក់នូវ #NoTeVayasLio ដែលមានន័យថា Don’t Leave Lio (កុំចាកចេញ Lio) ។

បន្ថែមពីនេះទៀត លោកប្រធានាធិបតី ក៏បានធ្វើការទំនាក់ទំនងជាមួយ Messi តាមបណ្តាញទូរស័ព្ទ ហើយគ្រោងនឹងណាត់ជួប Messi ផ្ទាល់ផងដែរ ។

ចំនែកឯលោក Maradona វិញក៏បានស្នើឲ្យ Messi នៅបន្តដែរ បន្ទាប់ពីមុនការប្រកួតនោះ លោកបានរិះគន់ Messi យ៉ាងខ្លាំង ហើយបានថែមទាំងនិយាយថា «បើមិនឈ្នះពានទេ កុំត្រលប់មកវិញ» ក្រោយមកក្រុមក៏បរាជ័យ Messi ក៏បានលាលែងពីក្រុមជម្រើសជាតិ ធ្វើឲ្យ Maradona ដែលជាអតីតវីរៈបុរសបាលទាត់របស់អាហ្សង់ទីន បានកែប្រែគំនិតវិញ ដោយបានថ្លែងប្រាប់អ្នកកាសែតថា « Messi ចាំបាច់ត្រូវតែបន្ត ពីព្រោះក្រុមទាំងមូលត្រូវការគេ ហើយគេនឹងអាចដឹកនាំក្រុមឲ្យឈ្នះពាន World Cup នៅរុស្ស៊ី ឆ្នាំ២០១៨ បាន »

តែយ៉ាងណាមិញ Messi មិនទាន់បានឆ្លើយតបនូវបញ្ហាទាំងនេះទេ។ ចុះចំពោះប្រិយមិត្តវិញ ចង់ឃើញ Messi វិលត្រលប់មក ក្រុមជម្រើសជាតិ អាហ្សង់ទីន វិញដែររឺទេ?

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]