មន្ត្រីឆ្មំាសមុទ្រកូរ៉េខាងត្បូង បាននិយាយថា អ្នកនេសាទចិនជាង ៣០នាក់ បានបាត់ខ្លួនក្នុងពេលដែលទូកនេសាទពីរគ្រឿង បានលិចនៅថ្ងៃអង្គារនេះ ក្រោយពីខ្យល់ព្យុះទីហ្វុង បានបក់បោកយ៉ាងខ្លំាងមកលើប្រទេសកូរ៉េខាងត្បូង។

យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ នេះថា កម្មករនៅលើទូកទំាងពីរគ្រឿងនោះសរុបចំនួន ៣១នាក់ហើយទូកបានលិច ដោយសារតែកម្លំាងខ្យល់ និងរលកធំៗដែលបានបោកបក់ មកភាគខាងត្បូងកោះជីស៊ូ។ នេះបើតាមឆ្មាំ ការពារដែនសមុទ្រ ទំាងនោះបានលើកឡើង។

ដោយឡែកទីភ្នាក់ងារព័ត៌មាន យុនហាប់ បានរាយការណ៍កាលពីមុននេះថា កម្មករក្នុងទូកនេសាទទំាងនោះសរុបមាន ៣៤នាក់។ ភ្នាក់ងារឧតុនិយមរដ្ឋ បានចេញសេចក្តីប្រកាស ព្រមានអំពីព្យុះទីហ្វុងនេះដែរ កាលពីព្រលឹមថ្ងៃអង្គារ សម្រាប់ទីក្រុងសេអ៊ូល ដែលជារដ្ឋធានី មានពលរដ្ឋប្រមាណជា ១០លាននាក់ ខណៈព្យុះដែលមានឈ្មោះថា បូឡាវីន នៅតែបន្តបក់ បោកឆ្ពោះទៅភាគខាងជើងទៀតនោះ។

ព្យុះនេះគឺបានបង្កើតជាភ្លៀង និងខ្យល់បក់បោកខ្លំាងនៅភាគខាងត្បូង និងភាគខាងលិចប្រទេស ដែលបណ្តាលឲ្យមានការកាត់ផ្តាច់ចរន្តអគ្គីសនី និងដួលរលំបង្គោលភ្លើង ព្រមទំាងធ្វើឲ្យបាក់ដំបូលព្រះវិហារសាសនាគ្រឹស្គ ដែលខ្ពស់ៗផងដែរ។

ទីភ្នាក់ងារយុនហាប់ បានរាយការណ៍ថា សាលារៀនជាច្រើនបានបិទទ្វារ កាលពីថ្ងៃចន្ទ ហើយសាលារៀនមួយចំនួនទៀត នៅខេត្តផ្សេង ក៏បានបិទទ្វារដែរ នៅថ្ងៃអង្គារនេះ។ ជាមួយគ្នានេះដែរ យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអំពាវនាវឲ្យបញ្ឈប់ជាបណ្តោះ អាសន្ននូវការធ្វើសមយុទ្ធយោធា ដែលគេរំពឹងការនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ៕

DAP-News

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]