ចិន៖ ថ្មីនេះៗ យន្តហោះឯកជន Boeing 787 ដែលមានតម្លៃរាប់រយលានដុល្លារ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ ហៃណាន “Hainan Airlines” ទិញ ដើម្បីស្វាគមន៍ភ្ញៀវលំដាប់ពិសេស ជាមួយនឹងការឌីហ្សាញឡើង នៃបរិវេណខាងក្នុងយ៉ាងល្អប្រណីត

នេះបើយោងតាមប្រភព បានឲ្យដឹងថា នៅខែក្រោយនេះ ក្រុមហ៊ុនចិន HNA Group ដែលជាក្រុមហ៊ុនមេនៃ ក្រុមហ៊ុនអាកាសចរណ៍ ហៃណាន នេះ នឹងបើកទទួលស្វាគមន៍នូវយន្តហោះឯកជន “Privat Jet” ឬ “Boeing Business Jet” ប្រភេទ Boeing 787 (787 BBJ)  ដែលក្រុមហ៊ុនបានទិញ ក្នុងរង្វង់ទឹកប្រាក់ ៣០០លានដុល្លារអាមេរិក។ សម្រាប់យន្ដហោះឯកជននេះ អាចហោះបានចម្ងាយ ១៥,៧៧១ គីឡូម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបាន ៤០នាក់ និងវ៉ាលិស ក៏ដូចជាប្រេងឥន្ធនៈ និងរបស់របរដែលមានតម្លៃជាច្រើនទៀតផងដែរ។ 

បើតាមប្រភពសារព័ត៌មាន Business Insider បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលគ្រប់គ្នាអាចសាកល្បង ងាកមកជិះយន្តហោះឯកជនប្រភេទ Boeing 787 នេះ និិងទាក់ទងនឹងការគូរប្លង់ ឌីហ្សាញ និង គ្រឿងបរិក្ខាខាងក្នុងយន្តហោះ មួយនេះឡើងគឺ មានការចូលរួមសហការរួមគ្នាពី អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Kestrel រួមជាមួយនឹងដៃគូសហប្រតិបត្តិការ Pierrejean Design Studios និងក្រុមហ៊ុន Greenpoint Technologies ផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមការឲ្យដឹងពី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kestrel លោក Stephen Vella បានឲ្យដឹងថា «ជាការពិតណាស់ វាបានចំណាយពេល ១ឆ្នាំក្នុងការឌីហ្សាញ និង ចំណាយរយៈពេលអស់ជាង ១ឆ្នាំកន្លះទៀត ដើម្បីធ្វើការផលិត និងតំឡើងយន្តហោះមួយនេះ» ។

លោក Vella បានឲ្យដឹងទៀតថា យន្តហោះឯកជននេះដែរ ប្រើប្រាស់បានតែ អ្នកដែលជាប្រធានក្រុមហ៊ុនតែប៉ុណ្ណោះ» ៕  

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

ទន្ទឹមនឹងនោះផងដែរ យន្តហោះដ៏អស្ចារ្យមួយប្រភេទ ដែលដំណើរការដោយពន្លឺព្រះអាទិត្យ និងមិនប្រើសាំងនោះ បានធ្វើការហោះសាកល្បង ជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក កាលពីពេលថ្មីៗនេះ និងបានចុះចត ដោយសុវត្ថិភាពហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះដែលមិនត្រូវការសាំង សម្រាប់ដំណើរការមួយប្រភេទនេះ ត្រូវបានគេហៅថា Solar Impulse ក៏ព្រោះតែវាអាច ប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីជាថាមពលសម្រាប់ដំណើរការ ជំនួសសាំង បានចុះចតនៅឯ ព្រលានយន្តហោះនៃទីក្រុង Seville របស់ប្រទេសអេស្ប៉ាញ បានដោយជោគជ័យហើយ ក្រោយពីវាបានហោះចេញពី ទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ មុននេះ។

ការហោះហើរសម្រាប់ជើងនេះ គឺជាតំណាក់កាលទី១៥ហើយ ក្នុងគម្រោងដែលនាំយក យន្តហោះដ៏អស្ចារ្យ Solar Impulse ធ្វើដំណើរជុំវិញពិភពលោក។ ក្នុងនោះដែរ សម្រាប់បេសកកម្មបន្ទាប់ យន្តហោះដំណើរការដោយពន្លឺព្រះអាទិត្យ នឹងធ្វើការហោះហើរ ឆ្លងកាត់មហាសមុទ្រ មេឌីទែរ៉ាណេ និងចុះចតនៅឯទីក្រុង Abu Dhabi នៃប្រទេសសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម។

យន្តហោះ Solar Impulse ផ្ទុកទៅដោយថ្មថាមពលប្រភេទ photovoltaic ចំនួន១៧,០០០គ្រាប់ ហើយពួកវាមានតួនាទី ក្នុងការផ្តល់ថាមពលទៅដល់ កម្លាំងម៉ាស៊ីនរបស់យន្តហោះដោយផ្ទាល់ និងធ្វើការសាកថាមពលទុកនៅក្នុង អាគុយប្រភេទ lithium-ion ដើម្បីទ្រទ្រង់ការហោះហើរ អំឡុងពេលយប់។

គូសបញ្ជាក់ផងដែរថា យន្តហោះដំណើរការដោយថាមពលព្រះអាទិត្យ គឺជាការបង្កើតឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រ ហើយវានឹងអាចក្លាយជា យន្តហោះសម្រាប់ដឹកអ្នកដំណើរ នាពេលអនាគតផងដែរ ប្រសិនបើការធ្វើតេស្តសាកល្បង និងការពិសោធន៍នានា ទទួលបានជោគជ័យ បន្តទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]