ចិន៖ កាលពីពេលថ្មីៗនេះ ចិនបានដាក់បង្ហាញ មនុស្សយន្តថ្មីមួយ ដោយស្លៀកពាក់ ក្នុងឈុតប្រពៃណីចិន ដែលមើលទៅ ពិតជាស្រស់ស្អាត ដូចស្រីគ្រប់ល័ក្ខអីចឹង និងបានទាក់ទាញ ចំណាប់អារម្មណ៍មនុស្សជាច្រើន ផងដែរ នៅឯកម្មវិធី 2016 Summer Davos Forum ដែលធ្វើឡើង នៅក្នុងទីក្រុង Tianjin ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្ត ដែលមានសម្រស់ស្រស់ស្អាត ដូចស្រីគ្រប់ល័ក្ខនោះ មានឈ្មោះថា Jia Jia ដោយវាមានរូបរាង និងទំហំ ប៉ុនមនុស្សពិតប្រាកដដែរ។ មិនតែប៉ុណ្ណោះ Jia Jia មានផ្ទៃមុខ និងដៃ ដ៏វិសេសវិសាល ហាក់បីដូចជា មនុស្សពិតៗអីចឹង។ ដោយសារតែ លក្ខណៈពិសេសដូចមនុស្ស និងមានរូបសម្រស់ ស្រស់ស្អាតបែបនេះ Jia Jia ត្រូវបានគេដាក់រហ័ស្សនាមឲ្យថា «Robot Goddess» ទៀតផង។

Jia Jia មានសមត្ថភាព អាចប្រើប្រាស់ភាសាកាយវិការ ប្រព័ន្ធ GPS និង សេវាកម្ម Cloud ផងដែរ។ នាងក៏អាចយល់ខ្លះៗ ពីអ្វីដែលមនុស្សនិយាយទៀតផង។ អ្វីដែលពិសេសនោះ នាងអាចឆ្លើយតប ជាមួយនឹងភ្ញៀវ នៅពេលដែលពួកគេ ប្រាប់នាងថា «នាងស្រស់ស្អាត» «នាងគួរឲ្យស្រលាញ់» ឬ «នាងដូចស្រីក្រមុំវ័យ១៨ឆ្នាំ» ជាដើម។

គួរបញ្ជាក់ផងដែរថា Jia Jia គឺជាគ្រឹះសំខាន់មួយ ក្នុងការអភិវឌ្ឍ នៃបច្ចេកវិទ្យា AI (Artificial Intelligence) នៅក្នុងប្រទេសចិន ដែលរួមមានទាំង មនុស្សយន្តអ្នកបំរើ ព្រះសង្ឃ និង ជំនួយការទិញទំនិញ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសចិន បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមនុស្សយន្តស្រី ដែលមានរូបសម្រស់ស្រស់ស្អាត ដូចមនុស្សពិតៗនេះ ហើយនិយាយថា នាងពិតជាធ្វើឲ្យទាក់ចិត្ត មែនទែន៕

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងការបង្កើតមនុស្សយន្ត នៅក្នុងប្រទេសចិននេះដែរ បុរសម្នាក់​បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល​​ ជាមួយការបង្កើតថ្មី នៃរូបរាងមនុស្សយន្ត ដែលមានមុខមាត់ស្រដៀង តារាម៉ូដែលនិងជាសម្តែងផងនោះ គឺ នាង Scarlett Johansson

បើតាមប្រភពបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Ricky Ma អាយុ៤២ឆ្នាំ បានព្យាយាមបំពេញក្តីស្រមៃរបស់គាត់ ក្នុងការបង្កើតមនុស្សយន្ត ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺថា រូបមនុស្សយន្តដែលគាត់បានបង្កើតឡើងនោះគឺ ស្រដៀងទៅនឹងតារាស្រីសញ្ជាតិ អាមេរិក នាង Scarlett Johansson ថែមទាំងអាចចេះនិយាយបានទៀតផង។ Rick Ma បានចំណាយពេលធ្វើវាឡើងអស់រយៈពេល១៨ខែ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា ៥០,០០០ដុល្លារអាមេរិក។ មនុស្សយន្តដែលគាត់បានបង្កើតឡើងអាចធ្វើចលនាបាន ដូចជា លើកដៃលើកជើង បង្ហាញទឹកមុខ និងថែមទាំងអាច ឆ្លើយតបនូវសំនួរខ្លីៗខ្លះៗ ពេលដែលយើងសួរផងដែរ។​ ឧទាហរណ៍ថា ពេលដែលអ្នកនិយាយទៅកាន់មនុស្សយន្តនោះថា “Cute” (គួរឲ្យស្រលាញ់) នោះវានឹងព្រិចភ្នែកដាក់អ្នក ហើយនិយាយថា “Yeah, thank you” (ចាស៎! អរគុណ) ជាដើម។

ប្រភពបន្តថា លោក Ma បានរួមបញ្ចូលនូវបច្ចេកវិទ្យា 3D ៧០ភាគរយទៅលើ “គ្រោងឆ្អឹង” និងបន្ថែមស្រទាប់ស៊ីលីខូនទៅលើ “ស្បែក” នៅផ្នែកខាងលើនៃមនុស្សយន្ត។ បើតាមសម្តីរបស់លោក Ma បានប្រាប់ថា «កាលពីខ្ញុំនៅតូច ខ្ញុំពិតជាចូលចិត្តលេងតុក្តតាមនុស្សយន្តណាស់ ហើយខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងធ្វើវាឲ្យបាន ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំពិតជាមានវិប្បដិសារីជាក់ជាពុំខាន ប្រសិនបើខ្ញុំមិនបានធ្វើ ឬបង្កើតមនុស្សយន្តឡើង បានដោយខ្លួនឯងនោះ» ។

ក្រោយមកក្តីសុបិន្តបង្កើតមនុស្សយន្តរបស់គាត់ ក៏បានសម្រេចដូចបំណង ដែលធ្វើឲ្យប្រជាជនចិនជាច្រើន មានការសាទរ ភ្ញាក់ផ្អើល និងកោតសរសើរដល់ស្នាដៃរបស់គាត់ជាខ្លាំង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]