ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសាលាតន្រ្តីអន្តរជាតិ Allergro នៅសាលារៀនវេស្ទឡាញន៍ សាខាដូនពេញ ក្នុងគោលបំណង ប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរវាងសាលាទាំង២ ក្នុងការពង្រឹងកម្មវិធីបន្ថែម លើផ្នែកសិល្បៈនិងតន្ត្រី ដែលមានស្រាប់ ដោយផ្អែកលើកម្មវិធីថ្មីៗ និងស្តង់ដារអន្តរជាតិរបស់សាលាតន្រ្តី Allegro ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បច្ចុប្បន្នកាលនេះ កំពុងដំណើរការ សាលារៀនចំនួន១១ ក្នុងនោះមានសាលារៀនវេស្ទឡាញន៍ចំនួន៧ សាលារៀនណត្យឡាញន៍ចំនួន១ សាលាអន្តរជាតិ Apple Tree ចំនួន១ សាលាអន្តរជាតិ Forest Hill ចំនួន២ ដែលមានសិស្សប្រមាណ១មឺុននាក់ ជាមួយក្រុមហ៊ុនបណ្តុះបណ្តាលភាសាចិន Chang Chang ចំនួន១ ។ បច្ចុប្បន្នមានបុគ្គលិក និងគ្រូបង្រៀន សរុបជាង១ពាន់នាក់ ។

សាលារៀនវេស្ទឡាញន៍ទី១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដោយលោក បិុច បូឡែន និងសហស្ថាបនិកដែលជាមិត្តភក្កិមួយចំនួន ក្នុងទិសដៅរួមចំនែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សេវាកម្មអប់រំដ៏មានគុណភាពមួយពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ការបណ្តុះបណ្តាលបុគ្គលិកអង្គការ ក្រុមហ៊ុន ការស្រាវជ្រាវ និងប្រឹក្សាយោបល់អាជីវកម្ម ។

នេះគឺជា មោទនភាព ដែលសាលារៀន មានឱកាសសហការជាមួយសាលាតន្រ្តីស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងលើកម្មវិធីសិក្សារបស់សិស្សានុសិស្ស លើផ្នែកសិល្បៈ ដែលរួមមាន គំនូរ និងតន្រ្តីជាដើម។ សាលាតន្រ្តីអន្តរជាតិ Allegro ជាសាលាតន្រ្តីលក្ខណៈអាជីព ដែលមានទីស្នាក់ការនៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្តេជ្ញាចិត្តបង្ហាត់បង្រៀនសិស្សឲ្យបានស្ទាត់ជំនាញ។ សាលាតន្រ្តីអន្តរជាតិ Allegro ធ្លាប់បានមកកម្ពុជា២ដង សម្តែងថ្វាយជូនព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រុមហ៊ុនក៏នឹងបើកសាលារៀនវេស្ទឡាញន៍ មួយទៀតនៅតំបន់ចំការដូង ព្រមទាំងពង្រីកទីតាំងសាលារៀនវេស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ដែលមានស្រាប់ផង។ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នៅតែបន្តស្វែងរកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាមួយគ្រឹះស្ថានអប់រំ វិនិយោគិនជាតិ និងអន្តរជាតិនានា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ទិសដៅវិនិយោគរបស់ក្រុមហ៊ុនយើងមានដូចជា ការបើកមជ្ឈមណ្ឌលភាសាបរទេសសម្រាប់ការងារពាណិជ្ជកម្ម និងការទំនាក់ទំនងការងារ សាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅឆ្នាំខាងមុខបន្តទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]