ភ្នំពេញ៖ តាមរយៈសារមួយបង្ហោះលើគណនីផ្ទាល់ របស់តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ នៅរសៀលថ្ងៃនេះ នាងបានបង្ហាញអារម្មណ៍នឿយណាយស្រងាកចិត្ត បង្កប់ដោយកំហឹងលាយឡំនឹងការព្រមាន ទៅកាន់ជំពូកមនុស្សខ្លះដែលបានច្រណែនលើនាង ត្បិតអ្វីអំពើល្អរបស់នាង មិនទទួលបានការដឹងគុណ ឬការអរគុណ បែរជាបានមកវិញនូវពាក្យនិន្ទា និយាយមិនល្អទៅវិញ។

តារាសម្តែងស្រីដែលទើបរៀបការរួចថ្មីថ្មោងរូបនេះ នាងបានសរសេរថា៖ «កើតមកជាមនុស្សគ្រាន់តែដឹងគុណគេ ប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកឯងមានថ្ងៃនេះ ហើយគ្រាន់តែបកមកអរគុណគេតើវាស្លាប់ដែលហ៎? ត្រូវបកក្រោយរំលឹកឡើងវិញថានរណា ជាអ្នកដឹកដៃឲ្យលុយ និងបើកផ្លូវឲ្យអ្នកឯងមានលយរកស៊ីដល់សព្វថ្ងៃនេះ? សុំត្រលប់ទៅដេកគិតឡើងវិញ។ ខ្ញុំជួយគេគឹមិនចង់បានអ្វី ក្រៅពីពាក្យអរគុណនោះទេ មិនដែលទាមទារឲ្យអ្នកសងជាលុយកាក់មកខ្ញុំវិញឡើយ។ មនុស្សចាំបាច់រមើលគុណហើយនិយាយមិនល្អពីគេធ្វើអី? (ព្រោះតែច្រណែន ឬយ៉ាងណា?)»

នាងបានបន្តទៀតថា៖ «មនុស្សបែបនេះគឺមិនអាចឈរនៅលើភាពជោគជ័យរបស់ខ្លួន បានយូរអង្វែងនោះទេ ត្រូវចាំទុកថា បើចេញពីខ្ញុំទៅហើយ ខ្ញុំសូមតែម្យ៉ាងគឺកុំប៉ះពាល់ដល់ខ្ញុំ សូម្បីតែឈ្មោះ។ ខ្ញុំមិនដែលយករូបភាពរបស់អ្នកឯង និងឈ្មោះរបស់អ្នកឯងមកដាក់ក្នុងខួរក្បាលរបស់ខ្ញុំ សូម្បីតែបន្តិច ព្រោវាគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ។ សូមចងចាំនូវអ្វីដែលខ្ញុំបាននិយាយ នៅក្នុងថ្ងៃនេះ កុំឲ្យមានតទៀតឲ្យសោះ»

នាងបានផ្តាំផ្ញើបន្ថែមថា៖ «បណ្តាំចុងក្រោយរបស់ខ្ញុំគឺ៖ អ្នកគួរតែកាត់បន្ថយភាពដើរច្រណែនគេខ្លះទៅ ទើបធ្វើឲ្យអ្នករស់នៅដោយមានសេចក្តីសុខ បើនៅក្នុងខ្លួនអ្នកពោរពេញដោយភាពច្រណែន នោះអ្នកគ្មានថ្ងៃស្គាល់ទេ ពាក្យថាសេចក្តីសុខ។ យល់? (នៅក្មេងណាស់)»

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានលើកមុនផងដែរថា ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ហាក់ដូចជាឡើងយីអ៊ុនខ្ពស់ ក្នុងការងារ ដែលមើលទៅ នាងពិតជាមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាកមើលថែខ្លួនផង។

បើក្រឡេកមើលរូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ តែងបង្ហោះក្នុងបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថា រូបនាងកំពុងតែព្យាយាមកើបលុយ គ្រប់ផ្លូវច្រកល្ហកតែម្តង មិនថា មុខជំនួញរបស់នាង និងការងារសិល្បៈ ថតសម្តែងជាដើម។ ប៉ុន្តែទោះបីជា នាងហត់កាយយ៉ាងណា ក៏មានស្វាមីជាទីស្រលាញ់របស់នាង នៅក្បែររូបនាងជានិច្ច ដែលនេះជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យនាង មានអារម្មណ៍ចង់ធ្វើការបន្ថែមទៀត។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថត ស្វាមីរបស់នាង លោក គឹម សីហា អង្គុយបែរខ្នង ហើយនាងបានសរសេរសារខាងលើរូបថា «សូមជួយរកមុខសញ្ញាផង អាណិតណាស់អង្គុយចាំប្រពន្ធថត តាំងពីព្រឹករហូតដល់យប់ »

ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ច្រណែនលើអ្នកនាង គង់ ចាន់ស្រីមុំ ជាពន់ពេក ដែលមានស្វាមីសុខចិត្តចំណាយពេលអង្គុយរង់ចាំនាងថត រហូតដល់ចប់។ ហើយជាពិសេស ក៏មានមនុស្សមួយចំនួនបាននិយាយដែរថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ចាំមើលថែ មិនឲ្យផុតពីកន្ទុយភ្នែកបែបនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ