មនុស្សមួយចំនួនធំ ប្រាកដជាចូលចិត្តរដូវភ្លៀងណាស់ ព្រោះពួកគេមិនចាំបាច់រងកម្តៅថ្ងៃខ្លាំង និងបែកញើសជាប់រហូតស្អុយខ្លួន ទៀតនោះទេ។ ប៉ុន្តែអ្នកដឹងទេថា មេរោគជាច្រើន នឹងងាយឆ្លងបំផុត នៅក្នុងអាកាសធាតុសើមបែបនេះ។ អ្នកអាចមានជំងឺក្រពះ ដូចជាបញ្ហាប្រព័ន្ធរំលាយអាហារ និងពោះវៀនធំ ឬមានបញ្ហាផ្លូវដង្ហើម ដូចជាផ្តាសាយ ក្អក ហឺត និងបញ្ហាស្បែកផងដែរ ដូចជា កន្ទួល រមាស់ រោល ឬមុនជាដើម។

ហេតុនេះ អ្នកគួរតែថែរក្សាសុខុមាលភាពស្បែកមុខ ដោយយកចិត្តទុកដាក់ តាមតិចនិច និងប្រភេទស្បែករបស់អ្នក ខាងក្រោមនេះ ៖ 

# ប្រភេទស្បែកស្ងួត

ស្បែកស្ងួត គឺបណ្តាលមកពី កង្វះជាតិវីតាមីន ទៅជួសជុល និងផ្លាស់ប្តូរស្បែកដែលស្ងួត និងខូច។ បញ្ហានេះក៏អាចមកពី ស្បែកមិនបានទទួលជាតិទឹកគ្រប់គ្រាន់ បណ្តាលឲ្យមើលទៅកាន់តែស្ងួត។ ស្បែករបស់អ្នកនឹង កាន់តែមានបញ្ហាថែមទៀត ក្នុងរដូវភ្លៀងបែបនេះ។ តែកុំបារម្ភអី! អ្នកអាចដោះស្រាយបញ្ហានេះបាន ដោយគ្រាន់តែអនុវត្តតាមគន្លឹះសាមញ្ញងាយៗទាំងនេះ ៖

• ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កុំផ្អាកញ៉ាំទឹកឲ្យសោះ ទោះបីជាអ្នកត្រូវឈឺនោមញឹកញាប់ក៏ដោយ។ វាជួយបំពេញជាតិទឹក និងបញ្ចេញរាល់ជាតិពុលក្នុងរាងកាយ។

• សំអាតស្បែកមុខ ឲ្យបានស្អាត។

• ផ្តល់សំណើមឲ្យស្បែក (ដោយផលិតផលថែរក្សាស្បែកផ្សេងៗ) ឲ្យបានញឹកញាប់។ វាជួយរក្សាស្រទាប់ខាងក្រៅនៃស្បែក ទន់ រលោង និងមានសំណើម។

• អ្នកក៏អាចប្រើប្រាស់ទឹកផ្កាកុលាប ឬទឹកដែលមានសារធាតុគ្លីសេរីន (glycerin) ដើម្បីរក្សាស្បែករបស់អ្នកឲ្យកាន់តែមានសុខភាពល្អ។

• ចៀសវាង ការប្រើប្រាស់ផលិតផលដែលមានជាតិអាល់កុលលើស្បែក

វិធីសំអាតស្បែកស្ងួតតាមធម្មជាតិ៖ តិចនិចសម្រាប់ស្បែកស្ងួត ក្នុងរដូវភ្លៀងនេះគឺ លាយគ្រាប់អាល់ម៉ុន ជាមួយនឹងទឹកឃ្មុំបញ្ចូលគ្នា។ អ្នកអាចរកទិញគ្រាប់អាល់ម៉ុនតាមផ្សារទំនើប រួចយកវាមកកិនឲ្យម៉ដ្ឋល្អឲ្យបាន ១០ គ្រាប់។ បន្ទាប់មកចាក់ទឹកឃ្មុំចូល ក្នុងបរិមាណប្រហែល ២ ស្លាបព្រាបាយ រួចកូរឲ្យសព្វ។ អ្នកអាចលាបវាលើផ្ទៃមុខ និងត្រដុសដោយប្រើចុងម្រាមដៃរបស់អ្នកពី ៥ ទៅ ៧ នាទី រួចលាងចេញ និងផ្តិតឲ្យស្ងួត។ វិធីនេះនឹងធ្វើឲ្យស្បែកចាស់ៗត្រូវជម្រុះចោលយ៉ាងងាយស្រួល។

វិធីផ្តល់សំណើមស្បែកស្ងួតតាមធម្មជាតិ៖ លាយទឹកឃ្មុំមួយ ទឹកដោះគោខាប់ស្រស់ និងប្រេងដូង មួយមុខមួយស្លាបព្រាបាយ ចូលគ្នា។ កូរឲ្យសព្វរួចលាបពេញផ្ទៃមុខ និង ក។ ទុកចោល ១០ នាទី រួចលាងទឹកចេញជាការស្រេច។ 

# ប្រភេទស្បែកខ្លាញ់

មូលហេតុចម្បងដែលនៅពីក្រោយ ស្បែកមានជាតិខ្លាញ់ច្រើនគឺ ការផ្លាស់ប្តូរអ័រម៉ូនដែលបានកំណត់ដោយហ្សែន។ យើងមិនអាចផ្លាស់ប្តូរស្ថានភាពស្បែកនេះ ឲ្យបាត់ជារៀងរហូតបានភ្លាមទេ តែទោះជាយ៉ាងណា ក៏មានវិធីមួយចំនួន ដែលអាចផ្លាស់ប្តូរស្បែករបស់អ្នកបានយឺតៗ និងម្តងបន្តិចៗបាន។ អ្នកអាចអនុវត្តតាមគន្លឹះងាយស្រួលខាងក្រោមនេះ ដើម្បីរក្សាសុខភាពស្បែករបស់អ្នក ៖

• លាងសំអាតមុខរបស់អ្នកឲ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិប្រេងដែលមានលើស្បែកមុខរបស់អ្នក។

• ប្រើប៉ុងដុសសំអាតមុខឲ្យបានទៀងទាត់ ព្រោះវាជួយសំអាតរន្ធញើស និងធ្វើឲ្យស្បែកមុខភ្លឺថ្លា ដោយការកម្ចាត់ស្រទាប់កោសិកាស្បែកចាស់ៗចោល។

• ចៀសវាងការប្រើប្រាស់ ផលិតផលណាដែលកាត់ស្បែកខ្លាំង

• អ្នកក៏អាចប្រើម្សៅដុតនំ ទឹកដោះគោ ក្រូចឆ្មារ និងទឹកឃ្មុំ មកលាបលើស្បែក ដើម្បី

ឲ្យមើលទៅឃើញស្រស់ថ្លា និងមានពន្លឺ

• ព្យាយាមប្រើទឹកក្តៅឧណ្ណៗ ជំនួសទឹកត្រជាក់ រាល់ពេលលាងសំអាតមុខ ព្រោះវាជួយរំលាយជាតិប្រេងដែលមានលើស្បែក និងធ្វើឲ្យមានភាពទន់ រលោង។ 

វិធីសំអាតស្បែកខ្លាញ់តាមធម្មជាតិ៖ អ្នកត្រូវការគ្រឿងផ្សំសំអាតខ្លាំង ដែលអាចមានលទ្ធភាពកម្ចាត់កោសិកាចាស់ៗ និងក្អែលចេញពីផ្ទៃមុខបាន។ អ្នកគួរប្រើគ្រាប់ស្រូវសាលី ដែលអាចទិញតាមផ្សារទំនើប មកខាត់ស្បែករបស់អ្នក ឬអ្នកអាចជំនួសដោយ ផ្លែល្ហុងទុំវិញក៏បាន។

# ប្រភេទស្បែកចំរុះ

ស្បែក ដែលស្ងួតផង ឡើងខ្លាញ់ផង មិនច្បាស់លាស់នោះ គឺត្រូវទាមទារការថែរក្សាឲ្យបានខ្លាំងក្លាជាងគេ។ ពេលស្ងួតគឺត្រូវតែ ធ្វើការសំអាត និងផ្តល់សំណើមឲ្យបានញឹកញាប់ រីឯពេលឡើងជាតិខ្លាញ់ ត្រូវធ្វើការសំអាត និងដុសដោយប៉ុងខាត់ឲ្យបានទៀងទាត់។ មិនថាក្នុងពេលស្បែកអ្នកស្ថិតក្នុងសភាពណានោះទេ អ្នកអាចអនុវត្តតាមវិធីមួយចំនួនខាងក្រោម ដើម្បីរក្សាស្ថានភាពស្បែក ឲ្យកាន់តែមានសុខភាពល្អ ៖

• ដូចដែកបានលើកឡើងពីខាងលើរួចមកហើយ អ្នកត្រូវព្យាយាមទទួលទានទឹក យ៉ាងហោចណាស់ពី ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃ ដើម្បីស្បែកមានសុខភាពល្អ ស្រស់ថ្លា និងរលោងស្អាត។ អ្នកនឹងសម្គាល់ឃើញ ការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ២ ទៅ ៣ ខែប៉ុណ្ណោះ។

• លាងសម្អាតមុខរបស់អ្នក ២ ទៅ ៣ ដងរៀងរាល់ថ្ងៃ ជាមួយនឹងសាប៊ូលាងមុខប្រឆាំងនឹងបាក់តេរី។

• ពេលស្បែកស្ងួត អ្នកត្រូវផ្តិតថ្នមៗឲ្យស្ងួត និងមិនត្រូវត្រដុស ឬជូតខ្លាំងៗដោយកន្សែងទេ ព្រោះវាធ្វើឲ្យស្បែកប្រែជាគ្រើម និងកាន់តែស្ងួត។

• ផ្តល់សំណើមដោយផលិតផលថែរក្សាស្បែកឲ្យបានទៀងទាត់។

• ខាត់ស្បែកមុខ មួយសប្តាហ៍ ពីរដង។

• ប្រើផលិតផលធម្មជាតិ ជាជាងប្រើផលិតផលបែបគីមី

វិធីផ្តល់សំណើមស្បែកតាមធម្មជាតិសម្រាប់ស្បែកខ្លាញ់ និងស្បែកចំរុះ៖ លាយទឹកផ្កាកុលាប ២ ស្លាបព្រាបាយ ជាមួយប្រេងផ្លែស្ត្រប៊ឺរី និងប្រេងផ្លែក្រូច មួយមុខ ២ ដំណក់ចូលគ្នា រួចលាបលើស្បែកមុខ និង ក ទុកចោលរយៈពេល ១០ នាទី បន្ទាប់មកលាងសំអាតចេញ៕ 

ប្រភព៖ Beauty Health Tips | SEASONS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]