បារាំង៖ លោក Roy Hodgson បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ ក្រុមជម្រើសជាតិអង់គ្លេសហើយ កាលពីពេលថ្មីៗនេះ បន្ទាប់ពី អង់គ្លេស រងបរាជ័យ នៅ EURO ដែលត្រូវបានបំបាក់ដោយ ក្រុមជម្រើសជាតិ អ៊ីស្លង់ ២-១ កាលពីយប់មិញនេះ ។

វាគឺជាលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដែលគ្មាននរណានឹកស្មានដល់ ថា ប្រទេសដែលមានប្រជាជនតែ ៣៣០,០០០ នាក់ អាចទម្លាក់ ក្រុមខ្លាំង អង់គ្លេស ក្នុងវគ្គ ១៦ក្រុម ចុងក្រោយបាន ។ បន្ទាប់ពីការប្រកួតបញ្ចប់ភ្លាម គ្រូបង្វឹក លោក Roy ក៏បានប្រកាសលាលែងពីតំណែងភ្លាម នៅក្នុងសន្និសីទកាសែតតែម្តង ។

គួរបញ្ជាក់ផងដែរថា លោក Roy Hodgson ដែលមានវ័យ ៦៨ឆ្នាំ រូបនេះ បានចូលកាន់តំណែងជាគ្រូបង្វឹក អស់រយៈពេល ៤ឆ្នាំហើយ ដោយកាលនោះ លោក បានជំនួសតំណែង លោក Fabio Capello ។

ក្នុងសន្និសីទកាសែត លោកបានថ្លែងថា «រូបលោក ពិតជាសុំទោស នូវរឿងរ៉ាវដែលបានកើតឡើង ហើយនេះក៏ជាការបញ្ចប់មួយដែរ» ។

លោកបន្ត « ហើយនេះក៏ជាពេលវេលាមួយដែរសម្រាប់ក្រុម ដើម្បីស្វែងរកអ្នកជំនួសថ្មី ហើយមានទេពកោសល្យ ដើម្បីពង្រឹងក្រុម និងកីឡាករឡើងវិញ។ ពួកគេខំប្រឹងណាស់ ហើយធ្វើបានយ៉ាងអស្ចា្យ ហើយខ្ញុំក៏សង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងមានលទ្ធភាព ឡើងទៅដល់វគ្គផ្តាច់ព្រ័ត នៃពានរង្វាន់ធំៗណាមួយ » ។

គួររំលឹកផងដែរថា លោក Roy ដឹកនាំក្រុមអង់គ្លេស ឈ្នះទាំងអស់ ៣៣ប្រកួត ក្នុងចំនោមការប្រកួតទាំង៥៦ ហើយកុងត្រារបស់លោកនឹងបញ្ចប់ក្រោយ EURO នេះ ។ សូមបន្ថែមទៀតថា លោកក៏ធ្លាប់បាននិយាយដែរថា ប្រសិនជាអង់គ្លេស ធ្វើបានល្អ នៅ EURO ឆ្នាំនេះ លោកនឹងបន្តកុងត្រា តែជាអកុសល អង់គ្លេស ត្រូវត្រលប់ទៅផ្ទះវិញ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដែលជាហេតុធ្វើឲ្យលោកលាលែងពីតំណែងតែម្តង៕ 

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]