ដំឡូងបារាំង ជាដើមមើម ដែលដុះក្នុងដី និងត្រូវបានប្រើប្រាស់ជាអាហារច្រើនបំផុតក្នុងពិភពលោក បន្ទាប់ពី ស្រូវសាលី អង្ករ និងពោត។ មនុស្សជាច្រើន សុទ្ធតែចូលចិត្តរសជាតិរបស់វា តែអ្វីដែលពួកគេមិនដឹងនោះគឺ សំបករបស់ដំឡូងបារាំង ជាផ្នែកដែលមានជីវជាតិច្រើន ជាងសាច់របស់វាទៅទៀត។

ខាងក្រោមនេះ ជាសារៈប្រយោជន៍របស់សំបកដំឡូងបារាំងមួយចំនូន ដែលអ្នកគួរតែរក្សាទុកដើម្បីប្រើប្រាស់ ៖ 

១. សំបូរអាហាររូបត្ថម្ភ

ប្រសិនបើអ្នកបរិភោគ ដំឡូងបារាំងមួយជាមធ្យម អ្នកនឹងទទួលបាន ១៤៥ កាឡូរី តែប្រសិនបើអ្នកបរិភោគទាំងសំបក អ្នកនឹងទទួលបាន ១៥ កាឡូរីបន្ថែមទៀត ដូចជាជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាមួយនឹងវីតាមីន និងសារធាតុរ៉ែជាច្រើនផ្សេងទៀត។ បើយោងតាមទិន្នន័យសារធាតុចិញ្ចឹមរបស់ នាយកដ្ឋានជាតិកសិកម្មរបស់សហរដ្ឋអាមេរិក បានលើកឡើងថា សំបកដំឡូង សំបូរទៅដោយជាតិដែក និងសារធាតុប៉ូតាស្យូមច្រើនបំផុត។ ជាមធ្យមដំឡូងដុតមួយ មានជាតិដែក ៧០ភាគរយ និងសារធាតុប៉ូតាស្យូម ៣៥ភាគរយ ច្រើនជាងដំឡូងដែលចិតសំបកចេញរួច។ សូមអ្នកកុំបារម្ភអី ព្រោះរសជាតិរបស់វានឹងមិនផ្លាស់ប្តូរនោះទេ!

២. សម្រួលប្រព័ន្ធរំលាយអាហារ

យោងតាមក្រសួងកសិកម្មអាមេរិកបានបង្ហាញថា សំបករបស់ដំឡូងផ្តល់នូវជាតិសរសៃ ប្រាំដងច្រើនជាង សាច់ដំឡូងរបស់វាទៅទៀត។ អ្នកនឹងទទួលបាន ជាតិសរសៃ ៤ ក្រាម ជាមធ្យមពីដំឡូងមួយ ដែលជួយរំញោចដល់ប្រព័ន្ធរំលាយអាហារ និងពោះវៀនធំបានយ៉ាងល្អ។

៣. កាត់បន្ថយជាតិស្ករក្នុងឈាម

ដំឡូងត្រូវបានគេចាត់ទុកជាបន្លែដែលមានជាតិម្សៅ ព្រោះតែវាសំបូរទៅដោយជាតិកាបូអ៊ីដ្រាត។ ដោយសារតែជាតិកាបូអ៊ីដ្រាតនេះហើយ ដែលធ្វើឲ្យសាច់ដំឡូងដែលអ្នកបរិភោគ ងាយបំបែកខ្លួនទៅជាជាតិស្ករ រួចជ្រាបចូលក្នុងចរន្តឈាមរបស់អ្នក ដែលបណ្តាលឲ្យកម្រិតជាតិស្ករ ក្នុងឈាមរបស់អ្នកកើនឡើងយ៉ាងឆាប់រហ័ស។ ហេតុនេះ ជាតិសរសៃដែលមានលើសំបកដំឡូងបារាំង អាចជួយកាត់បន្ថយផលប៉ះពាល់នេះបាន ដោយរំលាយអាហារក្នុងក្រពះឲ្យបានយូរ និងកាត់បន្ថយអត្រាជាតិស្ករដែលជ្រាបចូលចរន្តឈាមរបស់អ្នក។

៤. បង្កើនរសជាតិស៊ុប

ចាប់ពីពេលនេះតទៅ គ្មានហេតុផលណា ដែលអ្នកត្រូវចិតសំបកដំឡូងបារាំងសម្រាប់ស្ងោរស៊ុបទៀតទេ។ សំបកដំឡូងសំបូរទៅដោយជីវជាតិ phytonutrients និង phytoenzymes ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាអាហាររូបតម្ថម្ភដែលរាងកាយអ្នកត្រូវការក្នុងរបបអាហារ ជារៀងរាល់ថ្ងៃ។ វានឹងធ្វើឲ្យស៊ុបរបស់អ្នកកាន់តែ មានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។ 

៥. ថែរក្សាស្បែកមុខ

តើអ្នកដឹងទេថា សំបកដំឡូងបារាំង ផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ផ្ទៃមុខដែរឬទេ? ប្រសិនបើអ្នក ៖

• ហើមភ្នែក ៖ អ្នកអាចយកសំបកដំឡូងបារាំង មកបិទសង្កត់ពីលើ ភ្នែករបស់អ្នក

• ចង់ឲ្យមុខស ៖ យកសំឡី មកផ្តិតយកជ័រដែលមានលើសំបកដំឡូងបារាំង រួចជូតឲ្យសព្វពេញផ្ទៃមុខ

• មានរង្វង់ភ្នែកខ្មៅ ៖ អាចកាត់បន្ថយបាន ដោយយកសំបកដំឡូងបារាំងមកបិទពីលើភ្នែករបស់អ្នក

• មានបញ្ហាស្បែកមុខខ្លាញ់ ៖ អ្នកអាចយកសំបកដំឡូងមកត្រដុសនឹងស្បែកមុខ ដើម្បីបំបាត់ជាតិខ្លាញ់

អ្នកក៏អាចយកសំបករបស់ដំឡូងបារាំងមកត្រដុសនឹងមុខ ដើម្បីកម្ចាត់ និងការពារការកើតមុន មុនសាច់ និងអាចម៍រុយផងដែរ។

៦. ថែទាំសក់

តើអ្នកធ្លាប់ដឹងថា សំបកដំឡូងបារាំង អាចធ្វើឲ្យសក់របស់អ្នកដុះបានលឿនដែរឬទេ? ជំនួសដោយការបោះសំបកទាំងនោះចោល អ្នកគួរប្រមូលវាមកដាក់ចូលម៉ាស៊ីនក្រឡុក ដែលអាចឲ្យអ្នកទទួលបានទឹកដំឡូង ដែលសំបូរទៅដោយសារធាតុចិញ្ចឹមក្នុងនោះ។ អ្នកគ្រាន់តែយកទឹក របស់វាមកលាបលើស្បែកក្បាលរបស់អ្នក រួចធ្វើការម៉ាស្សារយៈពេល ៥ នាទី។ បន្ទាប់មក អ្នកត្រូវទុកចោល ១៥ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗ។ វិធីនេះនឹងជួយឲ្យសក់របស់អ្នកដុះកាន់តែវែង និងមានភាពរឹងមាំ។ ជាពិសេស វាក៏អាចជួយឲ្យសក់ស្កូវ ប្រែជាសក់ខ្មៅវិញបានទៀតផង។

៧. ប៉ូលា និងដុសសម្អាត

កំសៀវ ខ្ទះ និងកាំបិត អាចដុះរុសសម្អាត ដោយសំបកដំឡូងបារាំង ដើម្បីឲ្យកាន់តែមានភាពភ្លឺចែងចាំង។ ជាតិអាស៊ីត ដែលមាននៅក្នុងជ័រដំឡូងបារាំង អាចរំលាយច្រែះបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកគ្រាន់តែយកសំបករបស់ដំឡូងមកត្រដុសលើ ខ្ទះ កន្លែងលាងចាន និងផ្ទៃលោហៈផ្សេងទៀត ដើម្បីកម្ចាត់ច្រែះ និងភាពសឹករិចរិល។ បន្ទាប់មកដុសសម្អាតវាជាមួយសាប៊ូ រួចលាងទឹកចេញជាការស្រេច។

៨. ជីកំប៉ុស

អ្នកអាចប្រើប្រាស់ សំបកដំឡូងបារាំង ជាជីដ៏ល្អសម្រាប់ដំណាំ និងសួនផ្ការក្នុងផ្ទះរបស់អ្នក។ នេះក៏ដោយសារតែសំបករបស់ដំឡូង មានប្រយោជន៍អាហារូបត្ថម្ភច្រើនជាងសាច់ក្នុងរបស់វាទៅទៀតនោះ ទើបវាជាជីដ៏ល្អបំផុត សម្រាប់ដំណាំផ្សេងៗរបស់អ្នក៕ 

ប្រភព៖ LIVESTRONG | HubPages

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]