(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្ម ថោន អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ដែល​កំពុងតែធ្វើដំណើរ ទៅប្រទេសវៀតណាម ជាមួយស្វាមី​ ដើម្បីពិនិត្យ​​ស្ទែន(ឧបរណ៍បើកសរសៃឈាម) សរសៃបេះដូង​ឡើងវិញ ខណៈដែលអាការៈជំងឺស្វាមីអ្នកនាង បានប្រសើរឡើង​ ច្រើនហើយ​។ ទោះបីជាអ្នកនាង កាតុ ត្រូវចាំបាច់នាំស្វាមីទៅព្យាបាល និងពិនិត្យតាមដានបន្ថែមនៃស្ថានភាពជំងឺក្ដី ប៉ុន្តែនាងក៏នៅតែសរសើពីសមត្ថភាពរបស់គ្រូពេទ្យក្នុងប្រទេស ជាពិសេសគ្រូពេទ្យ កាល់ម៉ែត្រ ដែលបានជួយសង្គ្រោះជីវិត ប្ដីរបស់នាង ដោយការយកចិត្តទុកដាក់ខ្ពស់ រហូតបានធូរស្បើយពីជំងឺ។

ជាការពិត​ដោយសារតែ មានធុរៈត្រូវមើលថែប្ដី នៅក្នុងមន្ទីរពេទ្យ អ្នកនាង សុខ ចាន់ធីតា បានបង្ហាញមុខតែ១៥ នាទីប៉ុណ្ណោះ ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណា ពោលគឺក្នុងពេលអើតមុខមួយភ្លែត ​គ្រាន់តែមកចងដៃរួច ក៏ត្រឡប់ទៅវិញ ព្រោះប្រញាប់រៀបចំខោអាវ ទៅវៀតណាម​ក្នុងថ្ងៃនេះ បន្តទៀត។

អ្នកនាង សុខ ចាន់ធីតា បានថ្លែងប្រាប់ Khmertalking ថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយ​ត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃនេះ អ្នកនាង​នាំស្វាមីទៅត្រួតពិនិត្យ​សុខភាពមើលម្ដងទៀតថា តើ​ស្ទែនដែលដាក់ក្នុងសរសៃបេះ​ដូងស្វាមី ​នាងល្អ ឬអត់?​ ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជ​បញ្ជាពេទ្យ។

ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរ​ពីគុណភាព គ្រូពេទ្យនៃមន្ទីរ​កាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថា​ធ្វើការបានល្អ មិនចាញ់​ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរ​និងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យ​នៅវៀតណាមរួច​ អ្នកនាង នឹងបន្តតាមដាន​ នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះ​មិនចំបាច់ចំណាយលុយច្រើន។

អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើប​នាងយល់ច្បាស់ ។ ​កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្ត​ដល់នាង និងប្ដី៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងស្វាមី កាតុ ធ្លាក់ខ្លួនឈឺនេះ កាលពីប៉ុន្មានថ្ងៃមុននេះ គួររំលឹកផងដែរថា ស្វាមីតារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ កាល់មែត្រ ដោយសារតែជំងឺរបស់លោករើឡើង អាការៈគួរអោយព្រួយបារម្ភ ហើយរហូតមកដល់ពេលនេះ អាការៈស្វាមី អ្នកនាងបានធូរស្រាលបន្តិចហើយ ។

បើតាមផេករបស់សិល្បករខ្មែរ បានផ្សាយអោយដឹងថា អាការៈផ្នែកបេះដូងរបស់លោកខ្យង ក្រោយពីបានធ្វើកា​រសង្គ្រោះ​ភ្លាមៗធ្វើអោយ លោកបានឆ្លងផុត ពីជំងឺមួយនេះ ! និងបានធូស្បើយបន្តិចហើយ តែត្រូវតាមដាននៅក្នុងមន្ទីពេទ្យ រយៈពេលពីបីថ្ងៃសិន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ