ស្ត្រីវ័យក្មេងដែលមានសម្រស់ស្រស់ស្អាតម្នាក់ មកពីក្រុងភ្នំពេញ ដើម្បីធ្វើការចែកចាយ ថ្នាំញៀននៅកោះកុង ត្រូវជាប់ខ្នោះនគរបាលក្រុងខេមរៈភូមិន្ទ កាលពីថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១២ ម៉ោង២និង៤០នាទីរសៀល នៅចំណុចផ្ទះសំណាក់អៀ អូន ស្ថិតនៅភូមិ១  សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។

ការចុះឃាត់ខ្លួនស្ត្រីវ័យក្មេងខាងលើមានការចូលរួមពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកោះកុង លោកដាត់ គយណូ អធិការក្រុង លោក ម៉ីន រស្មី អធិការរងក្រុង ព្រមទាំងកម្លាំង សមត្ថកិច្ចនៅក្រោមឱវាទ។

លោដាត់ គយណូ អធិការក្រុងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថានៅ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ថា ស្រ្តីវ័យក្មេងដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ មានឈ្មោះថា ស្រីមុំ អាយុ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅផ្ទះជួលជិតអង់តែនទូរទស្សន៍ទួលគោក ខណ្ឌទួល គោក រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាបបាន នៅក្នុងផ្ទះសំណាក់អៀរ អូន បន្ទប់លេខ១០៨ ហើយសមត្ថកិច្ចឆែកឆេរ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក មួយកញ្ចប់ផ្លាស់ស្ទិច ពណ៌ស ទម្ងន់១០ក្រាម ខ្សែកបន្តោងដាំត្បូង១ខ្សែ ខ្សែជើង១ខ្សែ ប្រាក់ដុល្លារចំនួន១៣០ ដុល្លារ ប្រាក់បាតចំនួន២០០០បាត ប្រាក់រៀលចំនួន២៦៥០០រៀល ទូរស័ព្ទដៃម៉ាកណូគា១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

លោកអធិការបន្តទៀតថា មុខសញ្ញានេះកម្លាំងលោកបានធ្វើការស្រាវជ្រាវរយៈពេលយូរណាស់មកហើយ ហើយការឃាត់ខ្លួនស្ត្រីល្មើសខាងលើនេះក្រោមការបញ្ជាពីលោកស្នងការផ្ទាល់ ដើម្បីសុវត្ថិភាពភូមិ-ឃុំ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកអធិការបានបញ្ជាក់ថា ជនល្មើសខាងលើលោក កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានខេត្តព្រមទាំងវត្ថុតាង ដើម្បីចាត់ការបន្ត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]