ភ្នំពេញ : ប្រជាពលរដ្ឋ ប្រមាណ៥០គ្រួសារ រស់នៅក្នុងភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន បានកើតទុក្ខមិនសុខចិត្ត ចំពោះទីតាំងអាជីវកម្ម ស្តុកមាន់ទុកកាប់សាច់លក់ យីហោ ៦៩ តាមបណ្តោយផ្លូវបេតុង ៣២ ដែលបាននិងកំពុង បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅពួកគាត់សព្វថ្ងៃ។

ពួកគាត់បានប្រាប់មជ្ឍ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ម្ចាស់អាជីវកម្មសាច់មាន់នេះ ក្នុងមួយយប់ៗ បានកាប់មាន់ បង្កជាសម្លេងស្រែកខ្លាំងៗ និងមានក្លិនស្អុយ ដែលធ្វើឲ្យពួកគាត់មានការពិបាក ក្នុងការរស់ប្រចាំថ្ងៃ ពិសេសផ្លូវដង្ហើមតែម្តង។

ប្រជាពលរដ្ឋបានបន្តទៀតថា អាជីវកម្មកាប់មាន់យកសាច់លក់នេះ ទើបដំណើរការប្រមាណ២ខែប៉ុណ្ណោះ បាន បង្កផលប៉ះពាល់ជាច្រើន ដូចជា គេច្រកកាកសំណល់ក្នុងថង់ប្លាស្ទីកទុកចោលមុខទីតាំង ធ្វើដូចជាសំរាមធម្មតា ហើយនៅពេល ដែលរថយន្តដឹកសំរាមមានការខនខាន មិនបានមកប្រមូលសំរាម ធ្វើឲ្យកាកសំណល់ទាំងនោះ ជះក្លិនស្អុយអសោច ពោលគឺម្ចាស់អាជីវកម្ម មិនមានកន្លែងស្តុក កាកសំណល់ឲ្យបានត្រឹមត្រូវ ដោយបោះចោល កាកសំណល់ពាសពេញទីតាំង បណ្តាលឲ្យកើតជាក្លិនស្អុយ បណ្តាលឲ្យពួកគាត់ ដែលមាននៅក្បែរ ទីតាំងនោះ ពិបាកនឹងទ្រាំ ហើយក្រៅពីក្លិនស្អុយក៏នៅមានសម្លេង មាន់ស្រែកខ្លាំងៗរំខានការ ដេកពួនពេលយប់ទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កន្លងមកពួកគាត់ បានប្តឹងទៅអាជ្ញាធរសង្កាត់ និងស្ថាប័នពាក់ព័ន្ឋ ឲ្យជួយ ធ្វើអន្តរាគមន៍ ក្នុងករណី នេះផងដែរ។ ប៉ុន្តែរហូតមក ដល់ពេលនេះ ទាំងអាជ្ញាធរ មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ទាំងនោះមិនមានវិធានការ យ៉ាងណាចំពោះទីតាំងកាប់ មាន់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ខូចសុខភាពប្រជា ពលរដ្ឋជិតខាង។ ផ្ទុយទៅវិញ អាជីវកម្មពិឃាតសត្វមាន់ យកសាចនេះ រឹតតែពង្រីក សកម្មភាពឲ្យកាន់តែខ្លាំងក្លា ថែមទៀតពីមួយថ្ងៃទៅមួយ ថ្ងៃ។

ប្រជាពលរដ្ឋបានស្នើដល់ ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន ចុះមក ពិនិត្យ និង បញ្ឈប់អាជីវកម្ម ឬមានវិធាន ការរុះរើទីតាំងកាប់មាន់ ខាងលើនេះ ទៅនៅកន្លែង ណាមួយឆ្ងាយពីទីប្រជុំជន ឬទៅនៅជាយក្រុង ដើម្បីកុំឲ្យ ប៉ះពាល់សុខភាពរបស់ពួក គាត់ដែលរស់នៅជុំវិញកន្លែងនោះ៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]