រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សុខ ចាន់​ធីតា ហៅ​តុ សម្រេច​ឲ្យ​ស្វាមី គឺ​នាយ​ខ្យង​ផ្អាក​អាជីព​សិល្បៈ​ប្រមាណ​កន្លះ​ឆ្នាំ បន្ទាប់​ពី​បាន​ធូរស្បើយ​ពី​ជំងឺ​បេះដូង ។ នាយ​ខ្យង​ត្រូវ​បាន​បញ្ជូន​ភ្លាម​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​ជំងឺ​បេះដូង​កើតឡើង​ទាំង​មិនដឹង​ខ្លួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ម្តងទៀត​នៅ​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ២០១៦ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ជំងឺ​ដដែល​នោះ ។

សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល​ម៉ែ​ត​រយៈពេល​៣​ថ្ងៃ អាការ​ជំងឺ​របស់​នាង​ខ្យង បាន​ធូរស្បើយ និង​ត្រូវ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ។ បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ អ្នក​នាង​តុ អះអាង​ថា នាង​សម្រេច​ឲ្យ​ស្វាមី​ផ្អាក​អាជីព​រយៈពេល​កន្លះ​ឆ្នាំ​សិន ដើម្បី​ទុក​ពេល​ថែ​ទាំង​សុខភាព ចំណែក​ជីវ​ភាព​​ក្នុង​គ្រួសារ គឺ​អ្នក​នាង​ទទួល​រ៉ាប់រង​ម្នាក់ឯង​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​អ្នក​នាង សុខ ចាន់​ធីតា ហៅ​តុ​ឱ្យ​ដឹង​ថា ស្វាមី​របស់​នាង​បាន​ធូរស្បើយ​ពី​ជំងឺ​ច្រើន​ហើយ បន្ទាប់​ពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។ ជំងឺ​របស់​ស្វាមី​នាង​ត្រូវ​យកចិត្តទុកដាក់ និង​ផ្តល់​ការ​លើក​ទឹក ដើម្បី​ឲ្យ​ជំងឺ​អាច​ជា​សះស្បើយ ហេតុនេះ​នាង​សម្រេច​ឲ្យ​ស្វាមី​ផ្អាក​ការងារ​មួយ​រយៈ​សិន ពោល​គឺ​ប្រហែលជា​៥​ទៅ​៦​ខែ ដើម្បី​ទុក​ពេល​ឲ្យ​ថែ​សុខភាព​បាន​ល្អ ។ ក្រុម​គ្រូពេទ្យ​ឲ្យ​ស្វាមី​នាង​តុ​សម្រាក​ការងារ​ត្រឹម​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់ និង​គិតគូរ​ពី​អាយុជីវិត​ស្វា​មីនោះ​នាង​សម្រេច​ឲ្យ​ស្វាមី​សម្រាក​ឲ្យ​បាន​យូរ​ជាង​នេះ ។

ចំពោះ​ការ​រ៉ាប់រង​ជីវភាព​គ្រួសារ គឺ​នាង​តុ​ទទួល​បន្ទុក​ម្នាក់ឯង ព្រោះ​មិន​ចង់​ឲ្យ​ស្វាមី​ហត់នឿយ​ក្នុងអំឡុងពេល​នេះ​ឡើយ ព្រោះ​នាង​គិត​ពី​ស្វាមី និង​មិន​ចង់​បាត់បង់​ឡើយ ។ អ្នក​នាង​តុ​ឲ្យ​ដឹង​ថា ស្វាមី​នាង​មិន​បានដឹង​ខ្លួន​ថា​មាន​ជំងឺ​បេះដូង​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ស្រាប់តែ​មាន​អាការ​គេង​មិន​លក់ ហើយ​ចាប់ផ្តើម​ធ្វើទុក្ខ​ក្រពះ ឈាន​ដល់​បេះដូង​តែ​ម្តង ។ អាការ​ជំងឺ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ម្តង​ៗ​គឺ​មានការ​រន្ធត់​តក់ស្លុត​ខ្លាំង ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​វៀតណាម​អះអាង​ថា នៅ​តែ​មួយ​ម៉ោង​ទៀត​ប៉ុណ្ណោះ​ស្វាមី​របស់​អ្នក​នាង​នឹង​ស្លាប់​បាត់បង់​ជីវិត ។ ក្រោយ​ពី​ចេញពី​មន្ទីរពេទ្យ​វៀតណាម ស្វាមី​នាង​ចូល​សង្គ្រោះ​ម្តងទៀត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​អាការ​ជំងឺ​រើ​ឡើង​វិញ ភ្លាម​ៗ ។ ហេតុ​ដែល​អាការ​ជំងឺ​រើ​ឡើងជា​ថ្មី​នេះ គឺជា​ការ​ធ្វេសប្រហែស ដោយសារ​តែ​ក្រុម​គ្រូពេទ្យ​ហាម​មិន​ឲ្យ​ស្វាមី​នាង​ហូប​ប្រៃ និង​ហឹរ​ខ្លាំង​ឡើយ តែ​ថ្ងៃ​នោះ​ស្វាមី​នាង​ហូប​ហឹរ ។

អ្នក​នាង​តុ​បាន​ថ្លែងអំណរគុណ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ដែល​បាន​យកចិត្តទុកដាក់​មើលថែ​ជំងឺ​ស្វាមី​នាង​រហូត​បាន​ធូរស្រាល និង​បាន​ណែនាំ​ឲ្យ​ស្វាមី​នាង​ថែទាំ​សុខភាព និង​ត្រូវ​លេបថ្នាំ​រៀងរាល់ថ្ងៃ​តាម​វេជ្ជបញ្ជា ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

រំលឹកឡើងវិញផងដែរថា ស្វាមីរបស់ តារាកំប្លែងកាតុ បានចូលមន្ទីរពេទ្យម្តងទៀត ក្រោយពីរូបលោក ទើបចាកចេញពីមន្ទីរពេទ្យនៅប្រទេសវៀតណាម មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង។ នៅក្នុងទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហាញពីស្ថានភាពលោកខ្យង ដែលត្រូវ ជាស្វាមី អ្នកនាង កាតុ បានចូលបន្ទប់សង្រ្គោះបន្ទាន់ម្តងទៀតហើយ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺបេះដូងរើឡើងវិញ ទាំងយប់តែម្តង។ដោយឃើញស្វាមីបានធ្លាក់ខ្លួនឈឺ ភ្លាមៗបែបនេះ អ្នកនាង កាតុ បានហូរទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែរូបនាងបារម្ភ និងភ័យពីស្ថានភាពជម្ងឺស្វាមីនាងខ្លាំងពេក។

ជាមួយគ្នានោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗជាច្រើន មកសួរសុខទុក្ខដល់មន្ទីពេទ្យភ្លាមៗដែរ មានលោក អ៊ឹម ជីវ៉ា លោកស៊ូ រតនៈ អ្នកនាងខាត់ សុឃីម និងស្វាមី ព្រមទាំងតារាចម្រៀង លោកករុណា ពេជ្រ លោកសុគន្ធ ថេរ៉ាយុ កញ្ញា អាលីហ្សា និង កញ្ញា ស្រីពៅ។

ចំណែកអ្នកគាំទ្រជាច្រើននាក់ បានបង្ហាញទឹកចិត្តបារម្ភ និងសួរសុខទុក្ខពីចំងាយ តាមបណ្តាញហ្វេសប៊ុក ទៅកាន់ស្វាមីរបស់អ្នកនាងកាតុផងដែរ ដើម្បីឲ្យជាសះស្បើយក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកសិល្បករកម្ពុជាដដែល បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត ពីស្ថានភាពជម្ងឺស្វាមី អ្នកនាងកាតុផងដែរថា ពេលនេះ រូបលោក បានធូរស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ពី លោកគ្រូពេទ្យ តែនៅបន្តតាមដានជម្ងឺ២ ទៅ៣ថ្ងៃទៀតសិន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ