បរទេស៖ យន្តហោះដ៏អស្ចារ្យមួយប្រភេទ ដែលដំណើរការដោយពន្លឺព្រះអាទិត្យ និងមិនប្រើសាំងនោះ បានធ្វើការហោះសាកល្បង ជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក កាលពីពេលថ្មីៗនេះ និងបានចុះចត ដោយសុវត្ថិភាពហើយ។

យន្តហោះ Solar Impulse ចុះចតនៅឯព្រលានយន្តហោះទីក្រុង Seville ដោយសុវត្ថិភាព

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះដែលមិនត្រូវការសាំង សម្រាប់ដំណើរការមួយប្រភេទនេះ ត្រូវបានគេហៅថា Solar Impulse ក៏ព្រោះតែវាអាច ប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីជាថាមពលសម្រាប់ដំណើរការ ជំនួសសាំង បានចុះចតនៅឯ ព្រលានយន្តហោះនៃទីក្រុង Seville របស់ប្រទេសអេស្ប៉ាញ បានដោយជោគជ័យហើយ ក្រោយពីវាបានហោះចេញពី ទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ មុននេះ។

ការហោះហើរសម្រាប់ជើងនេះ គឺជាតំណាក់កាលទី១៥ហើយ ក្នុងគម្រោងដែលនាំយក យន្តហោះដ៏អស្ចារ្យ Solar Impulse ធ្វើដំណើរជុំវិញពិភពលោក។ ក្នុងនោះដែរ សម្រាប់បេសកកម្មបន្ទាប់ យន្តហោះដំណើរការដោយពន្លឺព្រះអាទិត្យ នឹងធ្វើការហោះហើរ ឆ្លងកាត់មហាសមុទ្រ មេឌីទែរ៉ាណេ និងចុះចតនៅឯទីក្រុង Abu Dhabi នៃប្រទេសសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម។ 

រូបភាពយន្តហោះ Solar Impulse ពេលកំពុងហោះហើរ

យន្តហោះ Solar Impulse ផ្ទុកទៅដោយថ្មថាមពលប្រភេទ photovoltaic ចំនួន១៧,០០០គ្រាប់ ហើយពួកវាមានតួនាទី ក្នុងការផ្តល់ថាមពលទៅដល់ កម្លាំងម៉ាស៊ីនរបស់យន្តហោះដោយផ្ទាល់ និងធ្វើការសាកថាមពលទុកនៅក្នុង អាគុយប្រភេទ lithium-ion ដើម្បីទ្រទ្រង់ការហោះហើរ អំឡុងពេលយប់។

គូសបញ្ជាក់ផងដែរថា យន្តហោះដំណើរការដោយថាមពលព្រះអាទិត្យ គឺជាការបង្កើតឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រ ហើយវានឹងអាចក្លាយជា យន្តហោះសម្រាប់ដឹកអ្នកដំណើរ នាពេលអនាគតផងដែរ ប្រសិនបើការធ្វើតេស្តសាកល្បង និងការពិសោធន៍នានា ទទួលបានជោគជ័យ បន្តទៀត៕ 

ធាតុផ្សំនានារបស់យន្តហោះ Solar Impulse
ក្រុមការងារអបអរសាទរ ចំពោះការហោះហើរសាកល្បង លើកដំបូងបានដោយជោគជ័យ

ប្រភព៖ BBC

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា វាមិនមែនជារឿងធម្មតាទេ ដែលអ្នកអាចធ្វើដំណើរពីក្រុងឡុងដ៏ ទៅកាន់ក្រុងញូវយ៉ក ដោយប្រើប្រាស់រយៈពេលត្រឹមតែ១១នាទី។

ប្រិយមិត្តសាកស្រមើលស្រមៃទៅមើល ថាតើវាអស្ចារ្យប៉ុណ្ណា នៅពេលដែលអ្នក អាចធ្វើដំណើរដោយយន្តហោះ លើចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ ដោយប្រើពេលខ្លីបំផុត ត្រឹម១១នាទី?

នេះជាយន្តហោះប្រភេទថ្មី ដែលមានសមត្ថភាពអស្ចារ្យ ប្រើប្រាស់កំលាំងជំរុញរ៉ុក្កែត ធាក់រុញយន្តហោះទាំងមូលឲ្យហោះទៅលឿនបំផុត ដោយឆ្លងកាត់អាត្លង់ទិក ត្រឹមតែ១១នាទីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ យន្តហោះខាងលើ អាចផ្ទុកអ្នកដំណើរបានត្រឹម១០នាក់ប៉ុណ្ណោះ និងមានតំលៃថ្លៃខ្លាំងណាស់សំរាប់ការជិះម្តងៗ។

អ្នកផ្តួចផ្តើមគ្រោងនឹងបង្កើត យន្តហោះកំពូលល្បឿនខាងលើនេះ ឈ្មោះ លោក Charles Bombardier បានប្រាប់ឲ្យដឹងថា យន្តហោះនេះអាចហោះហើរក្នុងល្បឿន ២០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវាលឿនជាង២-៣ដងនៃ គំនិតគ្រោងបង្កើតយន្តហោះល្បឿនលឿន របស់គាត់មុនៗ។ វានឹងប្រើប្រាស់ liquid oxygen (អុកសុីសែនរាវ) រឺ ប្រេងកាតរ៉ុក្កែត ដោយការរចនារបស់វា នឹងត្រូវគិតគូរយ៉ាងម៉ត់ចត់ចំពោះការទង្គិចនឹងខ្យល់ នៅផ្នែកច្រមុះ និងស្លាបផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេសង្ឃឹមថាយន្តហោះដ៏អស្ចារ្យនេះ នឹងអាចលេចចេញរូបរាងក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]