សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ បុរសជាឪពុកម្នាក់ មានឈ្មោះថា Josh Marshall បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងបានស្គាល់ពីទឹកចិត្តឪពុក ដោយបុរសរូបនេះ បានសាក់រូបស្នាមវះកាត់ នៅលើក្បាល បន្ទាប់ពីបានដឹងថា កូនប្រុសរបស់ខ្លួន ត្រូវគេហៅថា «សត្វចម្លែក» ដោយសារតែ មានស្នាមវះកាត់ យកដុំសាច់ខួរក្បាលចេញ។

លោក Josh Marshall និងកូនប្រុស ឈ្មោះ Gabriel Marshall

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កូនប្រុសរបស់លោក Josh ឈ្មោះ Gabriel Marshall ក្រោយពីទទួលការវះកាត់ ដើម្បីយកដុំសាច់ ក្នុងខួរក្បាលចេញហើយ ក៏បន្សល់ទុក នូវស្នាមវះកាត់ដ៏ធំមួយ នៅចំហៀងក្បាល ដែលវាបានធ្វើឲ្យ Gabriel បាក់ទឹកចិត្ត និងទម្លាក់តម្លៃលើខ្លួនឯង យ៉ាងខ្លាំង។ ដោយហេតុនេះហើយ ដើម្បីបង្កើនទំនុកចិត្ត ដល់កូនប្រុស លោក Josh ដែលរស់នៅក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បានសម្រេចចិត្ត ទៅកោរសក់ចេញ ឡើងរលោងស្រិល រួចចាក់សាក់ រូបស្នាមវះកាត់ នៅចំហៀងក្បាល ដើម្បីឲ្យមើលទៅ ដូចកូនប្រុសរបស់ខ្លួន។

លោក Josh បានប្រាប់សារព័ត៌មានមួយ ឲ្យដឹងថា «ខ្ញុំបានប្រាប់ Gabriel ថា បើសិនជាមានមនុស្ស ចង់សម្លឹងមើល ពួកគេគួរតែសម្លឹងមើលមកយើង ទាំង២នាក់»។

លោក Josh Marshall និងកូនប្រុស ឈ្មោះ Gabriel Marshall

យ៉ាងណាមិញ សកម្មភាពរបស់លោក Josh មិនមែនត្រឹមតែ ជួយពង្រឹងទំនុកចិត្ត ដល់ Gabriel ដែលនៅមានដុំសាច់មួយចំនួនទៀត នៅក្នុងខួរក្បាល ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយដល់ មនុស្សរាប់ពាន់នាក់ ផ្សេងទៀតផងដែរ បន្ទាប់ពីលោក Josh បានយករូបថតគាត់ និងកូនប្រុស ដាក់នៅក្នុងការប្រកួត #BestBaldDad របស់អង្គការមិនរកប្រាក់កម្រៃ ដែលមានឈ្មោះថា St. Baldrick's Foundation។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនេះ លោក Josh ទទួលបានជ័យជំនះ ដោយទទួលបានសម្លេងគាំទ្រ រហូតដល់ទៅ ជាង៥,០០០សម្លេងឯណោះ។

លោក Josh Marshall និងកូនប្រុស ឈ្មោះ Gabriel Marshall

នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក Josh បានសរសេរថា «ខ្ញុំចង់អរគុណដល់អ្នកទាំងអស់គ្នា ដែលបានជួយធ្វើឲ្យ រឿងនេះកើតឡើង... វាគឺជាកិត្តិយសមួយ ដែលទទួលបានជ័យជំនះ ក្នុងការប្រកួត #BestBaldDad ប្រចាំឆ្នាំ២០១៦ ប៉ុន្តែការពិត ខ្ញុំមិនមែនល្អជាង បេក្ខជនដទៃទៀតឡើយ... យើងទាំងអស់គ្នា គឺជាឪពុកដ៏អស្ចារ្យ ដែលព្យាយាមជួយកូនៗរបស់យើង... ដូច្នេះនៅក្នុងភ្នែករបស់ខ្ញុំ យើងទាំងអស់គ្នា គឺជាអ្នកឈ្នះ»៕

ប្រភព៖ Metro

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿងទឹកចិត្តឪពុក ស្រលាញ់ និងលះបង់ដើម្បីកូន ស្រដៀងគ្នានេះដែរ
កាលពីពេលថ្មីៗនេះ បុរសជាឪពុក មានសភាពខ្វិនជើងម្នាក់ ដែលបានបាត់កូនប្រុស កាលពី១៥ខែមុន បាននិងកំពុងតែ ស្វែករងកូនប្រុសខ្លួន ត្រលប់មកវិញ ដោយវារឆ្លងកាត់ផ្លូវ ចម្ងាយរាប់ពាន់គីឡូដី ក្នុងប្រទេសចិន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាឪពុក ដែលមានចិត្ត ស្រលាញ់កូនខ្លាំង សុខចិត្តវារស្វែងរកកូនប្រុសនោះ មានឈ្មោះថា Chen Shengkuan មានសភាពខ្វិនជើង ទាំងសងខាងតែម្តង ហើយបានធ្វើដំណើរ ឆ្លងកាត់ពីក្រុងមួយ ទៅក្រុងមួយផ្សេងទៀត ដោយប្រើប្រាស់ដៃ និងជើងខ្វិន ទាំងសងខាង វារចាកចេញពីស្រុកកំណើត ដើម្បីស្វែករកកូន នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

លោក Shengkuan បានសរសេររឿងរ៉ាវរបស់គាត់ នៅលើក្រដាសមួយផ្ទាំង ជាមួយនឹង រូបថតកូនប្រុសរបស់គាត់ ហើយកាន់វាតាមខ្លួនរហូត ទោះបីជាទៅដល់ទីណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]