ភ្នំពេញ៖ កំពូលតារាភាពយន្តហុងកុង នាង Nancy Wu និងលោក Vincent Wong បានធ្វើប្រិយមិត្តកម្ពុជារបស់ខ្លួន រីករាយជាខ្លាំង ជាមួយនឹងការរាំចង្វាក់រាំវង់ ក្នុងកម្មវិធីផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន កាលពីថ្ងៃអាទិត្យទី១៩ មិថុនា។

កាលពីចុងសប្តាហ៍ កំពូលតារាហុងកុង ទាំងពីររូប បានធ្វើដំណើរទស្សនកិច្ចពិសេសមួយមកកាន់ទីក្រុងភ្នំពេញ ដើម្បីជួបផ្ទាល់ទីមួយ ប្រិយមិត្តរបស់ខ្លួននៅកម្ពុជា។ នាង Nancy Wu និងលោក Vincent Wong បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយផ្ទាល់របស់ ភីអិនអីន PNN TVB SHOWCASE 2016 កាលពីម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី ១៩ ក្នុងស្ទូឌីយ៉ូរបស់ ភីអិនអិន សង្កាត់ព្រែកភ្នៅ។ ប្រិយមិត្តកម្ពុជាជាច្រើនរយនាក់ បានទះដៃ ស្រែកហ៊ោទទួលស្វាគមន៍ កំពូលតារាហុងកុងទាំងពីររូប ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពួកគេពិតជាស្មានមិនដល់ថា នាង Nancy Wu និងលោក Vincent Wong មិនត្រឹមតែស្រស់ស្អាត និងមានទេពកោសល្យក្នុងការសម្តែងខ្សែភាពយន្តនោះទេ ពួកគេថែមទាំងអាចរាំលក្ខណៈ ប្រពៃណីខ្មែរបានយ៉ាងល្អទៀតផ ងគឺចង្វាក់រាំវង់។ 

ជាមួយគ្នានេះ តារាភាពយន្តដ៏ល្បីរបស់ TVB ទាំងពីររូប បានកោតសរសើរនូវរសឱជារស នៃមុខម្ហូបខ្មែរ ក៏ដូចជាស្នាមញញឹម រួសរាយរាក់ទាក់របស់ពលរដ្ឋខ្មែរទាំងមូល ជាពិសេសពួកគេបាន ទាំងនិយាយភាសាខ្មែរទៅកាន់ ប្រិយមិត្តខ្លួនទៀតផង។ (បើសិនជាប្រិយមិត្ត មិនទាន់បានទស្សនាការរាំ និងនិយាយភាសាខ្មែរ របស់ នាង Nancy Wu និងលោក Vincent Wong លោកអ្នកអាចទស្សនាឡើងវិញ ដោយគ្រាន់តែចូលក្នុងទំព័រហ្វេសបុក របស់ ភីអិនអិន មានអាស័យដ្ឋាន https://www.facebook.com/PNNDramaFanClub/ ។

អគ្គនាយកស្ថានីយទូរទស្សន៍ ភីអិនអិន លោក Glen Felgate អះអាងថា ទាំង Nancy Wu និង Vincent Wong ពិតជាបានទាក់ចិត្ត ទស្សនិកជនកម្ពុជាមែនទែន។ ពួកគេទាំងពីរ ថែមទាំងបានធ្វើឲ្យ ពិធីករ ពិធីការិនីរបស់ ភីអិនអិន តារាចំរៀងក្នុងស្រុក និងភ្ញៀវកិត្តិយសជាច្រើនដែលចូលរួមក្នុងកម្មវិធី ស្លុងចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាន។ ទោះជាចាកចេញពីកម្ពុជា ប៉ុន្តែពួកគេពិតជាទទួល បានប្រិយមិត្តគាំទ្រកាន់តែច្រើនថែមទៀត។ នាង Nancy Wu តារាភាពយន្តល្បីល្បាញ និងគួរឲ្យស្រលាញ់ របស់ទីក្រុង ហុងកុង និងមានប្រជាប្រិយភាពខ្លាំនៅកម្ពុជា។ Nancy ល្បីល្បាញដោយសារវត្តមានជាច្រើនរបស់នាង ក្នុងខ្សែភាពយន្តភាគបុរាណចិនរបស់ TVB ហើយក៏ជាម្ចាស់ពានរង្វាន់តារាស្រីឆ្នើមប្រចាំឆ្នាំ២០១៥ រៀបចំដោយ TVB ផងដែរ ជាមួយនឹងការសម្តែងក្នុងខ្សែភាពយន្តរឿង Ghost of Relativity ។

ខ្សែភាពយន្តថ្មី នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាពេលឆាប់ៗនេះគឺរឿង A Fist Within Four Walls ដោយមានវត្តមាននាង Nancy Wu សម្តែងជាតួអង្គឈ្មោះ Tiu Lan ។ ក្នុងខ្សែភាពយន្តនេះ រៀបរាប់ពីតួអង្គ TSO NGAU KUEN ដែលត្រឡប់ទៅកាន់រាជធានី ជាកន្លែងរូបគាត់បាន ជួបជាមួយទន្តពេទ្យ TUEN YING FUNG ។ ក្រោយមក ពួកគេទាំងពីរបានក្លាយទៅជា អ្នកគ្រប់គ្រងភូមិមួយ ឈ្មោះ Bajiquan ។ ដោយមានទេពកោស្យខាងក្បាច់គុន ពួកគេបានរួមគ្នាកំចាត់ក្រុម មនុស្សអាក្រក់នៅក្នុងភូមិដែលដឹកនាំដោយមេកើយ មានឥទ្ធិពលឈ្មោះ LUNG SHING FU ហើយក៏ជាកន្លែង KUEN បានជួបជាមួយ នាង Tiu Lan ម្ចាស់ហាងធ្វើសក់មួយនៅទីនោះ។ ដោយឡែក សម្រាប់ តារាវ័យ ៣២ឆ្នាំរបស់ទីក្រុងហុងកុង លោក Vincent Wong ក៏ជាតារាភាពយន្តដ៏ល្បីល្បាញមិនចាញ់ នាង Nancy Wu នោះដែរ ថែមទាំងទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តនៅកម្ពុជាដូចគ្នា។ Wong ល្បីល្បាញដោយមាន សមត្ថភាពសម្តែងជាច្រើនក្នុងខ្សែភាពយន្តភាគ បែបវាយប្រហាររបស់ TVB។ កាលពីឆ្នាំ ២០១៣ Vincent Wong ធ្លាប់បានឈ្នះពានតារា ប្រុសឆ្នើមពីព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ TVB ក្រោយសម្តែងក្នុងខ្សែភាពយន្តភាគជាច្រើនក្នុងឆ្នាំនោះ ដូចជា រឿង Season of Love រឿង Sergeant Tabloid រឿង A Change of Heart ក៏ដូចជារឿង Will Power and Coffee Cat Mama ជាដើម។

លើសពីនេះ Wong ក៏នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគថ្មី របស់ TVB រឿង Over Run Over សម្តែងជាតួអង្គ Kwan Ting Ming ដែលគ្រោងចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃ វេលាម៉ោង ៦ដល់ម៉ោង ៧យប់ ចាប់ពីថ្ងៃទី ២១ មិថុនាតទៅ។ ក្នុងខ្សែភាពយន្តនេះ រៀបរាប់ពីនារីឈ្មោះ LING SUN FUNG និងមិត្តប្រុសរបស់នាង KWOK SHEUNG CHING ដោយពួកគេទាំងពីរ សុទ្ធសឹងជាអ្នកចំណូលថ្មី ក្នុងជួរកំលាំងប៉ូលីស។ បន្ទាប់ពី LING SUN FUNG ចូលបម្រើក្នុងជួរ កំលាំងប៉ូលីសមិនបានប៉ុន្មាន នាងចាប់ផ្តើមដាក់ការសង្ស័យទៅលើ KWAN TING MING ដែលជាប្រធានក្រុម សម្តែងដោយ VINCENT WONG កំពុងពាក់ព័ន្ធឃុបឃិត ជាមួយក្រុមសង្គមងងឹត ធ្វើឲ្យផ្ទៃរឿងកាន់តែទាក់ទាញ ពីមួយភាគទៅមួយភាគ។ កាលពីដើមឆ្នាំ២០១៦ ស្ថានីយទូរទស្សន៍ ភីអិនអិន បានចុះកិច្ចព្រមព្រៀង ចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីរបស់ TVB កំពុងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង។ កិច្ចព្រមព្រៀងនេះ មានតម្លៃរហូតដល់ទៅជាង ១លានដុល្លារ ផ្តល់សិទ្ធិផ្តាច់មុខឲ្យ ភីអិនអិន ចាក់ផ្សាយភាពយន្តភាគចុងក្រោយ និងមុនគេបង្អស់លើកញ្ចក់ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា។ ភាពយន្តភាគដំបូងរបស់ស្ថានីយទូរទស្សន៍ TVB ដែល ភីអិនអិន បានចាក់ផ្សាយ គឺរឿង រាជពេទ្យរជ្ជកាលឆេងចុងក្រោយ ឬ Last Healer in the Forbidden City ចាប់តាំងពីថ្ងៃ ២៨ មេសាមកម៉្លេះ ដែលទើបបញ្ចប់ទៅ នឹងជំនួសដោយភាពយន្តថ្មីចុងក្រោយ មួយទៀត គឺរឿង Blue Veins ឬ ព្រាយជញ្ជក់ឈាម ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១១ថ្ងៃត្រង់តទៅ។ ព្រាយជញ្ជក់ឈាម ជាខ្សែភាពយន្តបែបអភិនិហា ព្រឺព្រួច ថតផ្តិតយករូបភាពដ៏ស្រស់ស្អាតពីប្រទេស ហុល្លង់។ ភាពយន្តនេះ រៀបរាប់ពីជម្លោះរវាងព្រាយជញ្ជក់ឈាម និងក្រុមមនុស្សជីវិតអមត។ តួឯកក្នុងខ្សែភាពយន្តនេះ គឺ Ying Wuet Tseuk សម្តែងដោយ Kevin Cheng ជាមនុស្សមិនចេះស្លាប់ និងមានស្នេហាជាមួយ នាង Lam Mung Nam សម្តែងដោយ នាង Kay Tse។ ក្រោយមកពួកគេទាំងពីបានរកឃើញផ្នូរអាថ៌កំបាំង ប្រាប់ពីហេតុការណ៍ពិតពីអតីតកាលពួកគេ ហើយក៏ជាមូលហេតុនាំឲ្យគេទាំងពីរក្លាយជាអ្នកប្រយុទ្ធ ប្រឈមជាមួយពពួកព្រាយជញ្ជក់ឈាមទាំងនោះ។ នៅមានខ្សែភាពយន្តថ្មីៗជាច្រើនទៀត គ្រោងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដូចជារឿង Dead Wrong, House Of Spirits, My Lover From The Planet Meow, Two Steps From Heaven, Dearest Daddy និងរឿង My Dangerous Mafia Retirement Plan ជាដើម។

ភីអិនអិន ចាក់ផ្សាយខ្សែភាពយន្តភាគរបស់ TVB ៥ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ និង ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៧យប់។ ភីអិនអិន គឺជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត ដែលចាប់ផ្តើមផ្សាយជូនទស្សនា តាំងពីអំឡុង ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ ភីអិនអិន ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ ទស្សនិកជនជាច្រើនផងដែរ។ ក្នុងនាមជាឧស្សហកម្មផលិតកម្មវិធីទូរទស្សន៍ចិនធំបំផុតលើពិភពលោក TVB ក៏ជាស្ថានីយទស្សន៍ដ៏ល្បីល្បាញបំផុតនៅហុងកុង ជាមួយនឹងផលិតកម្មជាច្រើនទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងព័ត៌មានកំសាន្ត សរុបច្រើនជាង ១៩ពាន់ម៉ោង ជាកត្តាធ្វើឲ្យជីវិត រស់នៅបែបកំសាន្តរបស់ពលរដ្ឋហុងកុង ត្រូវបានទទួលស្គាល់ ជុំវិញពិភពលោក។ ក្រៅពីភាពយន្តភាគ TVB ក៏នឹងផ្តល់សិទ្ធិឲ្យ ភីអិនអិន ចាក់ផ្សាយកម្មវិធីជាច្រើនរបស់ខ្លួន រាប់បញ្ចូលទាំងកម្មវិធីកំប្លែង ភាពយន្តឯកសារ និងកម្មវិធីសំខាន់ៗផ្សេងទៀតពេញមួយឆ្នាំ។ បើសិនជាប្រិយមិត្ត មិនទាន់បានទស្សនា ឬចង់ទស្សនាឡើងវិញ នូវការរាំ និងនិយាយភាសាខ្មែរ របស់ នាង Nancy Wu និងលោក Vincent Wong លោកអ្នកអាចទស្សនាឡើងវិញ ដោយគ្រាន់តែចូលក្នុងទំព័រហ្វេសបុក របស់ ភីអិនអិន មានអាស័យដ្ឋាន https://www.facebook.com/PNNDramaFanClub/) ។      

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]