ស៊ុយអែត៖ ធ្លាប់តែលឺ ធ្លាប់តែឃើញ ការពិន័យកាតក្រហម នៅក្នុងកីឡាករបាល់ទាត់ ដោយសារមូលហេតុដូចជាការឈូសជើង  ការទាក់ជើង  ការយកដៃទៅប៉ះបាល់ ឬប្រើប្រាស់អកប្បកិរិយាមិនសមរម្យជាដើម តែមិនដែលដឹងសោះថា គ្រាន់តែបញ្ចេញខ្យល់ផោម អាចត្រូវទទួលកាតក្រហមដែរ។

រឿងរ៉ាវនេះ កើតឡើងនៅក្នុងប្រទេស ស៊ុយអែត អំឡុងការប្រកួតរវាង ក្លិប Jarna SK និង Pershagen SK ដែលកីឡាករខ្សែការពារឆ្វេង សញ្ជាតិស៊ុយអែតមួយរូប ដែលមានឈ្មោះថា Adam Lindin Ljungkvist បានទទួលនូវការពិន័យកាតក្រហម ដោយសាររឿងហួសចិត្តមួយ គឺគាត់បានបញ្ចេញខ្យល់ (ផោម) នៅក្នុងអំឡុងការប្រកួត ។

ចំពោះសកម្មភាពបែបនេះ គាត់ត្រូវបានអាជ្ញាកណ្តាល ចោទប្រកាន់ថា ជាអំពើប្រព្រឹត្តដោយចេតនា និងជាសកម្មភាពមិនសមរម្យ មិនសមជាអ្នកកីឡា។

ក្នុងនោះដែរ កីឡាករ Adam Lindin Ljungkvist បានអះអាងថា គាត់មានអាការៈឈឺពោះ ដូច្នេះទើបបញ្ចញវាតែម្តងទៅ។ ភ្លាមៗនោះ គាត់ទទួលបានការពិន័យនូវកាតលឿង ២ដង ដែលស្មើនឹងកាតក្រហម ពេលនោះគាត់ក៏ហួសចិត្តដែរ ដែលនេះជាទង្វើមួយដែលគាត់មិនដែលជួបសោះ នៅក្នុងកីឡាបាល់ទាត់ ។

គាត់បានសួរទៅអាជ្ញាកណ្តាល ថាតើហេតុអ្វីបានជាគាត់មិនអាចឲ្យធ្វើរឿងបែបនេះ ព្រោះជារឿងធម្មជាតិរបស់មនុស្ស តែគាត់ត្រូវបានអាជ្ញាកណ្តាលបដិសេធ ហើយក៏ទទួលបានកាតក្រហម ។

ខណៈនោះដែរ លោកអាជ្ញាកណ្តាល ដែលមានឈ្មោះថា Dany Kako បានប្រាប់ទៅសារព័ត៌មាន Aftonbladet របស់ប្រទេសស៊ុយអែតដែរថា «ខ្ញុំចាត់ទុករឿងនេះ ជាការប្រព្រឹត្តដោយចេតនា  គាត់មានចេតនាធ្វើវា  ហើយនេះគឺជាសកម្មភាពមិនសមរម្យ មួយនៅក្នុងកីឡាបាល់ទាត់  ដូច្នេះហើយទើបខ្ញុំពិន័យគាត់នូវកាតក្រហម»។ គាត់ក៏បានអះអាងបន្ថែមទៀតដែរថា គាត់ធ្លាប់បានជួបរឿងរ៉ាវស្រដៀងគ្នានេះម្តងដែរ ដោយកាលនោះ គាត់ពិន័យកាតក្រហម ដល់កីឡាករមួយរូប ដោយសារតែលួចបត់ជើងតូច ក្នុងអំឡុងការប្រកួត៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]