ភ្នំពេញ ៖ រឿងក្ដីកាលពីពាក់កណ្ដាលឆ្នាំ ២០១០ ពាក់ព័ន្ធទៅនឹងករណីគ្រូពេទ្យឆ្មប ម្នាក់ រំលូតកូន ហើយមានការធ្វេសប្រហែស បណ្ដាលឱ្យមនុស្សស្លាប់ ត្រូវបាន ប្ដីសពស្ដ្រីរង គ្រោះដាក់ពាក្យបណ្ដឹងនោះ តុលាការ គ្រោង នឹងលើកយកមកបើកសវនាការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខនេះហើយ ។

ខណៈតុលាការត្រៀមបើកសវនាការលើសំណុំរឿងខាងលើនេះ បុរសជាប្ដីសពស្ដ្រីរង គ្រោះ បានធ្វើការអំពាវនាវ សូមឱ្យតុលាការ ធ្វើការជម្រះក្ដីប្រកបដោយយុត្ដិធម៌ ដើម្បី ឱ្យវិញ្ញាណក្ខន្ធសពដែលស្លាប់ទៅនោះ បិទ ភ្នែកជិតផង ។

លោកហ៊ីវ ឡេង ដែលជាស្វាមី នៃសព ស្ដ្រីរងគ្រោះ ដែលស្លាប់ដោយសារតែពេទ្យ ធ្វើការរំលូតកូន មានការធ្វេសប្រហែសនោះ បានរៀបរាប់ឱ្យដឹងថា ភរិយារបស់ គាត់ បាន បាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១០ បន្ទាប់ពីពេទ្យនៅក្បែរផ្ទះម្នាក់ឈ្មោះ សែ បូរី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅ ផ្ទះលេខ៧៦២ ផ្លូវ លំក្រុមទី១៤ ភូមិមាន ជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ធ្វើការរំលូតកូនឱ្យភរិយារបស់គាត់ កាលពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ ហើយមានការ ធ្វេសប្រហែស ដោយយកសុក ចេញមិនអស់ រួចមក ។ ក្រោយកើតករណីខាងលើ ដោយ សារតែជារឿងអយុត្ដិធម៌ ដែលប្រព្រឹត្ដឡើង ដោយគ្រូពេទ្យ គ្មានក្រមសីលធម៌ បណ្ដាល ឱ្យអ្នកជំងឺរបស់ខ្លួនស្លាប់ហើយ មិនទទួល ខុសត្រូវនោះ ទើបលោកសម្រេចដាក់ពាក្យ បណ្ដឹងទៅតុលាការ ដើម្បីសុំឱ្យផ្ដន្ទាទោស ជនប្រព្រឹត្ដល្មើស និងសងជំងឺ ចិត្ដទៅតាម ផ្លូវច្បាប់ ។ ប៉ុន្ដែដោយសារភាគីល្មើសអាង ខ្លួនមានលុយ ចេះតែរត់ការ ដើម្បីឱ្យរួចផុត ពីការចោទប្រកាន់របស់តុលាការ តែបន្ទាប់ ពីលោកបានប្ដឹង សុំការអន្ដរាគមន៍ ទៅអគ្គ ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងប្ដឹងសុំ អន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ទើប អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ចេញ សេចក្ដីសម្រេចបញ្ជាឱ្យធ្វើការចោទប្រកាន់ ទៅលើជនសង្ស័យឈ្មោះសែ បូរី ឡើងវិញ បន្ទាប់ពីអយ្យការអមសាលាដំបូង សម្រេច ធ្វើការតម្កល់ រឿងទុក ឥតចាត់ការរួចមក ។

ក្រោយតុលាការសម្រេចធ្វើការចោទប្រកាន់ និងដាក់សំណុំរឿងធ្វើការស៊ើបអង្កេត រយៈពេលជាង២ខែរួចមក តុលាការរាជធានី ភ្នំពេញ សម្រេចលើកយកសំណុំ រឿងខាងលើ ទៅធ្វើការជំនុំជម្រះ នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ដែលគេដឹងថា មានលោកចៅ ក្រម ឌុច គឹមសន ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ ។ ខណៈ តុលាការគ្រោងនឹងបើក សវនាការ លោកហ៊ីវ ឡេង ដែលជាស្វាមី នៃសពអ្នកស្រី ខេម ថា ដែលបានស្លាប់ដោយ សារតែពេទ្យធ្វើការរំលូតកូនឱ្យមានការធ្វេស ប្រហែសនោះ បានធ្វើការអំពាវនាវនិងសំណូម ពរសុំឱ្យតុលាការកាត់ក្ដី មានភាពយុត្ដិធម៌និង ជួយរកយុត្ដិធម៌ ឱ្យសពភរិយារបស់លោក ផង ព្រោះនៅពេលថ្មីៗនេះ មានលេចឮព័ត៌ មាននិងការដើរនិយាយរបស់ភាគីល្មើស ដោយគេអះអាងថា ចាយអស់ប៉ុន្មានក៏ហ៊ាន ដែរ ធ្វើម៉េចឱ្យតែឈ្នះក្ដី។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]