បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ ស៊ុយអែត Zlatan Ibrahimovic កាលពីថ្មីៗនេះ បានប្រកាសថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយពីការប្រកួតនៃពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 បញ្ចប់ទៅ ។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ បានឆ្លៀតពេល ប្រកាសចូលនិវត្តន៍ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ៍យប់មិញនេះ ដែលស្តីពីការប្រកួតរវាង ស៊ុយអែត និង បែលហ្ស៊ិក នៅយប់នេះ។

យោងតាម វេបសាយ Swedish Federation របស់ប្រទេសស៊ុយអែត Zlatan បាននិយាយថា «ការប្រកួតចុងក្រោយរបស់ស៊ុយអែត នៅ EURO ក៏ជាការប្រកួតចុងក្រោយរបស់ខ្ញុំដែរ ហើយខ្ញុំសង្ឃឹមថា មិនមែនយប់នេះទៅចុះ» ។ គួរបញ្ជាក់ផងដែរថា ស៊ុយអែត នឹងត្រូវប្រកួតជាមួយ បែលហ្ស៊ិក នៅយប់នេះ ប្រសិនបើ ស៊ុយអែត មិនបានឆ្លងទៅលេងវគ្គ ១៦ក្រុមចុងក្រោយទេ ដូច្នេះកីឡាកររូបនេះ នឹងត្រូវចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅយប់នេះតែម្តង។

គួររំលឹកផងដែរថា Zlatan Ibrahimovic បានឈានជើងចូលក្រុមជម្រើសជាតិដំបូងតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដោយបានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិសរុបទាំងអស់ ១១៥ប្រកួត ស៊ុតចូលទីបាន ៦២គ្រាប់ និងធ្លាប់ស៊ុត Hatrick បាន ៤លើក ផងដែរ ។

Zlatan បានបន្ថែមទៀតថា « ទោះបីជាចាញ់យប់នេះក៏ដោយ ក៏ខ្ញុំមិនពិបាកចិត្តដែរ តែផ្ទុយទៅវិញ ខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជា ប្រធានក្រុមរបស់ ជម្រើសជាតិស៊ុយអែត» ។ គាត់បន្ត «សម្រាប់ព្រឹត្តការណ៍អូឡាំពិក នៅទីក្រុង Rio ខាងមុខនេះ ខ្ញុំនឹងមិនបានចូលរួមទេ ទោះបីជាឈ្មោះខ្ញុំ ស្ថិតក្នុងបញ្ជីបំរុងក៏ដោយ» ។

សម្រាប់លោក Erik Hamren ដែលជាគ្រូបង្វឹករបស់ស៊ុយអែតវិញ គាត់បាននិយាយថា «នេះជាការបាត់បង់នូវកីឡាករល្អមួយរូប សម្រាប់ក្រុមជម្រើសជាតិ ព្រោះ Zlatan គឺជាកីឡាករមួយរូបដែលមានកំរិតនៃការលេងដូច Messi និង Ronaldoដែរ ហើយគាត់ជាអ្នកចូលស៊ុតចូលទីច្រើនជាងគេ និងបានជួយក្រុមជម្រើសជាតិស៊ុយអែតច្រើនណាស់» ។

ទោះបីជា Zlatan នឹងត្រូវចូលនិវត្តន៍ជាមួយក្រុមជម្រើសជាតិក្តី តែពាក្យចចាមរ៉ាមរបស់គាត់ក្នុងការផ្ទេរទៅលេងឲ្យក្លិបបិសាចក្រហម Manchester United នៅតែបន្ត៕

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]