ចិន៖ វាជារឿងដ៏គួរឲ្យរន្ធត់មួយ បន្ទាប់ពីកូនសិស្សតូចម្នាក់ ត្រូវបានគ្រូបង្រៀនរបស់គេ ចាប់វាយយ៉ាងដំណំ ដើម្បីជាការដាក់ទណ្ឌកម្ម ព្រោះតែគេដោះស្រាយលំហាត់គណិត មិនបានត្រឹមត្រូវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ កើតឡើងកាលពីល្ងាច ថ្ងៃទី១៧ ខែមិថុនាមុននេះ នៅក្នុងសាលាបឋមសិក្សាមួយ ដែលស្ថិតនៅក្នុងភូមិ Xianglu នៃទីក្រុង Shiyan ខេត្តហួប៉ី របស់ប្រទេសចិន ហើយដែលកូនសិស្សរងគ្រោះ ដោយសារគ្រូបង្រៀនផ្ទាល់របស់គេ វាយយ៉ាងព្រៃផ្សៃនោះ មានឈ្មោះថា Xiao Yong មានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា Xiao ជាសិស្សថ្នាក់ទី៥ ត្រូវបានគ្រូបង្រៀន ដែលមានត្រកូល Yue ហៅឲ្យឡើងឲ្យមកដោះស្រាយ លំហាត់គណិតនៅលើក្តារខៀន ចំពោះមុខមិត្តរួមថ្នាក់ផ្សេងទៀត ក៏ព្រោះតែគេទទួលបាន ពិន្ទុអាក្រក់បំផុត ក្នុងការប្រលងលើកមុន ពោលគឺ៨១លើ១០០ពិន្ទុ។

ទោះយ៉ាងណា Xiao ក៏មិនអាចដោះស្រាយលំហាត់គណិត នៅលើក្តារខៀននោះបានដែរ ហើយនេះក៏ជាមូលហេតុ ធ្វើឲ្យគ្រូបង្រៀនស្ថិតក្នុងវ័យ៥០ឆ្នាំម្នាក់នោះ មានការខឹងសម្បារ យ៉ាងខ្លាំង និងបានស្ទុះទៅយក ខ្សែកាបមកវាយលើរូបគេ ដោយឥតប្រណីដៃឡើយ ក្រោមការស្រែកទ្រហ៊ោយំ ពីសំណាក់សិស្សដទៃទៀត ដែលនៅក្នុងថ្នាក់រៀននោះ។ 

ស្លាកស្នាមរបស់ Xiao ដែលត្រូវគ្រូបង្រៀនរបស់គេ យកខ្សែកាបមកវាយដោយមិនប្រណី

ក្រោយមកនៅពេលដែល Xiao ត្រឡប់ទៅដល់ផ្ទះវិញ រូបគេក៏មិនហ៊ានប្រាប់ ជីដូនជីតា ដែលជាអ្នកមើលថែគេ ឲ្យបានដឹងនោះដែរ តែស្លាកស្នាមរបួសនេះ ត្រូវបានបងប្អូនជីដូនមួយ របស់គេប្រទះឃើញ ក៏បានដឹងដល់គ្រួសារទាំងមូល ហើយភ្លាមៗនោះ Xiao ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។

ជុំវិញករណីនេះដែរ អ្នកនាំពាក្យឲ្យសាលាបឋមសិក្សា ក្នុងភូមិ Xinglu បាននិយាយថា “គ្រូបង្រៀនត្រកូល Yue បានរស់នៅក្រោមសម្ពាធច្រើនពេក នារយៈពេលថ្មីៗនេះ ជាពិសេសគឺបញ្ហាគ្រួសារតែម្តង ទើបធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ និងជ្រុលដៃវាយ កូនសិស្សយ៉ាងដំណំ បែបនោះតែម្តងទៅ”។

ទោះយ៉ាងណាក៏ដោយ គ្រូបង្រៀន Yue ក៏បានចេញមុខសុំទោស Xiao Yong និងគ្រួសាររបស់គេ តែក្នុងនោះក្រុមអាជ្ញាធរ ក៏បានសម្រេចព្យួរទុក នូវអាជីពជាគ្រូបង្រៀន របស់គេហើយ ដោយសារតែទង្វើមិនគប្បីមួយនេះ៕ 

ស្លាកស្នាមរបស់ Xiao ដែលត្រូវគ្រូបង្រៀនរបស់គេ យកខ្សែកាបមកវាយដោយមិនប្រណី

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ កាលពីពេលកន្លងទៅ រូបថតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ឃើញកូនសិស្សស្រី អាយុ៦ឆ្នាំម្នាក់ ត្រូវបានចងជាប់នឹងកៅអី ក្នុងថ្នាក់រៀនរបស់នាង ដែលតាមដឹង ត្រូវប្រភពបញ្ជាក់ថា ព្រោះនាងរពឹសពេក។

រូបភាពនេះដែរ ត្រូវបានបង្ហោះ និងចែកចាយពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គម នានា និងកាសែតក្នុងស្រុក រួមទាំងកាសែត El Universal ដ៏ល្បីឈ្មោះ ក្នុងប្រទេសម៉ិចស៊ីកូផងដែរ។

ទីតាំងកើតឡើង ត្រូវគេដឹងថានៅសាលារៀនឈ្មោះថា «Miguel Higalgo and Costilla» ស្ថិតក្នុងទីក្រុង Nanchital នៃរដ្ឋ Veracruz ប្រទេសម៉ិចស៊ីកូ។ បើតាមការអះអាងរបស់សាលា បានឲ្យដឹងថា សិស្សស្រីរូបនោះ ត្រូវគ្រូចាប់ចង ជាប់នឹងកៅអីបែបនេះ ក៏ដោយសារតែ មានការសំណូមពរ ពីម្តាយរបស់នាងដែរ ព្រោះនាងរពឹសខ្លាំងពេក មិនអាចអង្គុយនៅស្ងៀមបានឡើយ។

បើតាមរូបភាព ដែលត្រូវបានថត និងបង្ហោះនោះ បង្ហាញឲ្យឃើញ សិស្សស្រីនោះកំពុងអង្គុយ នៅលើកៅអីសាលា ដោយមានខ្សែពណ៌ត្នោត ចងខ្លួននាងជាច្រើនជុំ ជាប់ជាមួយនឹង កៅអីពណ៌បៃតងមួយ យ៉ាងតឹងណែនតែម្តង ធ្វើឲ្យនាងមិនអាចរើខ្លួនទៅណារួចឡើយ។

អ្នកនាំពាក្យរបស់ការិយាល័យអប់រំ ប្រចាំរដ្ឋ Veracruz លោកស្រី Adela Osorio Martinez បានប្រាប់ឲ្យដឹងថា «ករណីក្មេងស្រី ត្រូវចងជាប់ ជាមួយកៅអីសាលា កំពុងស្ថិតក្រោមការស៊ើបអង្កេត»។ អ្នកស្រី Adela បានបន្ថែមទៀតថា «ក្មេងស្រីរូបនោះ ត្រូវចងជាប់នឹងកៅអី ដោយសារតែ មានការអនុញ្ញាត ពីម្តាយរបស់នាង ដែលគិតថា នាងរពឹសខ្លាំងពេក និងបានស្នើឡើងជាពិសេស សម្រាប់កែបំបាត់ ភាពរពឹសរបស់នាង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]