បារាំង៖ ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកាលពីយប់មិញ មានរហូតទៅដល់៤គូ ហើយលទ្ធផល ពិតជាភ្ញាក់ផ្អើល ដោយក្រូអាត អាចបំបាក់ក្រុមខ្លាំង អេស្ប៉ាញ ២-១ បានហើយឡើងឈរលើកំពូលតារាងនៃ ពូលD ចំនែកឯ អាល្លឺម៉ង់ វិញ មិនទាន់ស្គាល់ពាក្យថាចាញ់ ដោយបានបំបាក់ ក្រុម អៀរឡង់ខាងជើង ១-០ ឡើងឈរលើកំពូលតារាងនៃ ពូលC ។

ទាក់ទងនឹងការប្រកួតក្នុង ពូលC កាលពីយប់មិញ អាល្លឺម៉ង់ មិនទាន់របូតគ្រាប់បាល់ សូម្បីតែមួយគ្រាប់ឡើយ នៅក្នុងការប្រកួតពានរង្វាន់ EURO 2016 នេះ ទោះបីជាការប្រកួតរបស់ខ្លួន ឈ្នះ២ ស្មើ១ យ៉ាងណាក្តី ។ ជាក់ស្តែងកាលពីយប់មិញនេះ ក្រុមឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ បានយកឈ្នះលើ អៀរឡង់ខាងជើង ១-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mario Gomez ។ ថ្វីត្បិតតែអៀរឡង់ មិនទទួលបានជ័យជំនះ ហើយមានចំណាត់ថ្នាក់ លេខ៣ក្តី ក៏ពួកគេអាចមានសិទ្ធិ បានឡើងទៅលេងវគ្គ ១៦ក្រុម ចុងក្រោយដែរ ។

ចំនែកឯមួយគូទៀតក្នុង ពូលC ប៉ូឡូញ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ១-០ ។ ហើយមួយគ្រាប់របស់ ប៉ូឡូញ នេះ ធ្វើឡើងដោយកីឡាករ Jakub Blaszczykowski ។

ក្រលេកមកមើល ពូលD វិញ អេស្ប៉ាញ ដែលជាក្រុមខ្លាំង ហើយថែមទាំង ជាម្ចាស់ការពារតំណែងជើងឯក ផងនោះ បានទទួលបរាជ័យ ក្នុងលទ្ធផល ២-១ ដោយស្នាដៃ ក្រុមជម្រើសជាតិ ក្រូអាត ។ ទោះបីជា អេស្ប៉ាញ បានស៊ុតចូលមុន នៅតង់ទី១ ដោយកីឡាករ Alavaro Morata ក្តី ក្រុមជម្រើសជាតិ ក្រូអាត មិនរាថយ បានវាយបក មកវិញ ២គ្រាប់ ដែលលទ្ធផល គ្រប់គ្រាន់សម្រាប់ឲ្យពួកគេ អាចឡើងឈរលើកំពូលតារាងបាន។  គ្រាប់ស៊ុតបញ្ចូលទីរបស់ក្រូអាត ធ្វើឡើងដោយកីឡាករ Nikola Kalinic និង Ivan Perisic ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អេស្ប៉ាញទទួលបានបាល់ប៉េណាល់ទី មួយដែរ តែធ្វើមិនបានសម្រេច ដោយកីឡាករ Sergio Ramos ដែលជាហេតុធ្វើឲ្យ អេស្ប៉ាញ បានត្រឹមចំណាត់លេខ២ ក្នុងពូលD ហើយនឹងឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ ប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីតាលី ។

សូមបញ្ជាក់ផងដែរថា នេះជាបរាជ័យលើកដំបូងរបស់អេស្ប៉ាញ ក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុប តាំងពីឆ្នាំ២០០៤ មកម្លេះ ។

ចំនែកឯមួយគូទៀត ក្នុងពូលD ទួរគី បានបំបាក់ ក្រុមជម្រើសជាតិ ឆែក ២-០ ដែលធ្វើឲ្យ ទួរគី នៅមានសង្ឃឹម នឹងបានឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែល ឆែក ត្រូវធ្លាក់ចេញពីការប្រកួត EURO 2016 នេះ៕

ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ប្រភព៖ Skysports BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]