ការស្លៀកពាក់តែងខ្លួន គឺជារឿងសំខាន់ណាស់សម្រាប់សុភាពនារី ចុះបើរូបរាងស្គមពេក តើត្រូវស្លៀកពាក់បែបណា? ដើម្បីកុំឱ្យអ្នកដទៃមើលដឹងថា អ្នកមានរូបរាងស្គម មានតែស្បែកគ្របដណ្តប់ឆ្អឹង?

យ៉ាងណាមិញ ខាងក្រោមនេះជារបៀបតុបតែងខ្លួន ឱ្យស្រស់ស្អាតដូចមនុស្សមានសាច់មានឈាម និងអាចបិទបាំងរូបរាងកាយ ដ៏ស្គមកំព្រឹងរបស់អ្នកបាន៖

១.គួរស្លៀកពាក់ខោអាវ ដែលមានឆ្នូតវែងបញ្ឈរ៖ អ្នកគួរជ្រើសអាវ ដែលមានឆ្នូតបញ្ឈរវែងៗ និងរលុងៗ មកពាក់ដើម្បីលាក់បាំងរាងរបស់អ្នក ព្រមទាំងធ្វើឱ្យរាងកាយអ្នកមានទំហំធំជាងមុនបន្តិចដែរ។ បើមិនចាប់អារម្មណ៍ មិនដឹងថាអ្នកស្គមនោះទេ។

២. ជ្រើសរើសសំលៀកបំពាក់ ដែលមានពណ៌ស្រអាប់ៗ៖ ដូចជាខោអាវដែលមានពណ៌ខ្មៅ ពណ៌ត្នោត ពណ៌សូកូឡា ឬពណ៌ស្រគាំៗ ផ្សេងៗទៀតជាដើម អាចជួយបិទបាំងរាងកាយស្គមស្គាំង របស់អ្នកបានមួយចំណែកដែរ។ វាជួយឱ្យអ្នកដទៃ មើលមិនដឹងថាអ្នកស្គមណាស់ណាពេកទេ។

៣.ប្រើក្រវ៉ាត់ចង្កេះ៖ អ្នកអាចប្រើខ្សែក្រវ៉ាត់ក្រាស់ ឬស្តើងតាមការស្រឡាញ់ចូលចិត្តរបស់អ្នក មកក្រវ៉ាត់ពីលើអាវធំ ដែលមានសភាពរលុងៗបន្តិច ដើម្បីជួយឱ្យអាវខាងមុខ និងខាងក្រោយមានលក្ខណៈប៉ោងឡើង។ វិធីនេះជួយឱ្យអ្នកមើលទៅមានរាងធាត់សមល្មម ដែលអាចបិទបាំងរូបរាងតូចស្តើងសុទ្ធ តែឆ្អឹងរបស់អ្នកបានខ្លះដែរ។

៤. ពាក់អាវខ្លួនវែងៗ៖ ការពាក់អាវដែលមានខ្លួនវែងៗ គ្រងពីលើរាងកាយអ្នកនេះ អាចគ្របដណ្តប់ខ្លួនអ្នក ឱ្យមើលទៅរាងចម្លែកបន្តិចមែន តែវាបានលាក់បាំងកន្លែងដែលមិនសូវមានសាច់ របស់អ្នកបានយ៉ាងល្អ ជាងការដែលអ្នកពាក់អាវខើចខ្លីបញ្ចេញក្បាលពោះ។

៥.ស្លៀកសំពត់៖ នេះជាស្ទាយថ្មីមួយទៀតដែលនឹងអាចជួយឱ្យអ្នកមាន រាងធាត់ស្អាតមិនដូចជា ទង់ព្រលឹងនោះទេ។ សំពត់ប៉ោងៗ ឬសំពត់ជើងវែងអាចជួយបិទបាំងជើងស្គមៗរបស់អ្នកបានពេល ដែលចេញទៅខាងក្រៅម្តងៗ។

៦.ស្លៀកខោជើងធំ៖ ខោដែលមានជើងធំៗ នឹងជួយពង្រីកជើងរបស់ អ្នកឱ្យបានមួយកម្រិតដែរ។ អ្នកមិនគួរជ្រើសរើសខោ ដែលមានក្រណាត់រឹបស្អិតជាប់ នឹងសាច់នោះទេ បើអ្នកធ្វើដូច្នេះដូចជា បញ្ជាក់ឱ្យជុំវិញខ្លួន ឃើញយ៉ាងច្បាស់ថាអ្នក គឺជាមនុស្សស្គមកំព្រឹង។

៧.ស្លៀករ៉ូប៖ មិនថារ៉ូបជើងខ្លី ឬរ៉ូបជើងវែងនោះទេ សុទ្ធតែអាចជួយបិទបាំងរាងកាយរបស់អ្នកមិនឱ្យមើលទៅឃើញស្គមពេកបានទាំងអស់។ ជាពិសេសរ៉ូបដែលមានលក្ខណៈប៉ោងបន្តិចផង នឹងធ្វើឱ្យអ្នកមើលទៅដូចជាកូនក្រមុំមួយរូបដ៏ស្រស់ស្អាតនៅក្នុងក្រសែភ្នែកអ្នកដទៃ។

៨. ហាមពាក់អាវយឺត៖ អ្នកមិនគួរពាក់អាវយឺតទេ ព្រោះថាអាវយឺតនឹងរឹបរាងអ្នកឱ្យឃើញរឹតតែតូចជាងមុនទៅទៀត យកល្អគួរជ្រើសយកអាវក ឌុបដៃវែង ដែលមានសភាពរលុងបន្តិចៗមកពាក់វិញ ទើបមើលទៅស្រស់ស្អាតគួរឱ្យស្រឡាញ់។

តិចនិកបន្ថែម៖ មិនគ្រាន់តែការស្លៀកពាក់ប៉ុណ្ណោះទេ អ្នកក៏អាចបន្ថែមនូវភាពស្រស់ស្អាតពីលើនេះថែមទៀតបានដែរ ដោយការតុបតែងម៉ូតសក់ និងលម្អរាងកាយទៅដោយគ្រឿងអលង្ការផ្សេងៗ ទៀតជាដើម៖

ម៉ូតសក់៖ គួរធ្វើម៉ូតទម្លាក់សក់មកខាងក្រោមឱ្យអស់ ឬក៏ពាក់កណ្តាល ដើម្បីបិទបាំងថ្ពាល់ផតរបស់អ្នក ដែលសក់អាចជួយឱ្យ មុខអ្នកធំមើលទៅទាក់ទាញបាន។
គ្រឿងអលង្ការ៖ អ្នកអាចជ្រើសរើសខ្សែក.ប្រភេទសាមញ្ញៗមានម៉ូតមិនរញ៉េរញ៉ៃច្រើនណាស់ណាពេក។ តែក្រវិលគួរជ្រើសយកប្រភេទធំៗបន្តិច (ពេលដែលចងលើកសក់ឡើងលើ) ទើបជួយឱ្យអ្នកមើលទៅស៊ិចស៊ី ស្រស់ផូរផង់។

ចុងក្រោយអ្នកអាចតុបតែងជាមួយនឹងវែ៉នតា ហើយនឹងមួកការពារកម្តៅថ្ងៃ។ វត្ថុទាំងពីរយ៉ាងនេះក៏ជួយបង្កើនសម្រស់ អ្នកមួយចំណែកធំដែរ មិនគួរមើលរំលងទេ។ អ្នកគប្បីប្រើម៉ូតដែលពេញកំពុងពេញនិយម និងសាកសមទៅតាមទម្រង់ផ្ទៃមុខរបស់អ្នក។ តែប៉ុណ្ណេះក៏ស្រស់ស្អាតបាត់ទៅហើយ មិនបាច់កង្វល់នឹងរាងកាយស្គមស្គាំងរបស់អ្នកទៀតទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]