រាជធានីភ្នំពេញ ៖ អ្នកមើលការបុរីមួយ ២នាក់បងប្អូនក្នុងចំណោមបក្សពួកប្រមាណជិត១០នាក់ត្រូវកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ សីហា ២០១២ ខណៈពេលប្រើហិង្សាចូលកាប់ទៅលើគូទំនាស់ដល់ក្នុងផ្ទះបណ្តាល ឱ្យរងរបួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ រួចរត់ចូលទៅក្នុងបុរី ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ការចាប់ខ្លួននេះគឺរយៈពេលប្រមាណជិត៣ម៉ោងក្រោយពីកើតមាន អំពើហិង្សាកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៦ សីហា នៅផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដោយក្រុមកម្មករបានធ្វើការគំរាមកំហែងមកលើសមត្ថកិច្ច ។

ជនដៃដល់ដែលត្រូវចាប់ខ្លួន ១-ឈ្មោះទេព រី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងបុរីមួយ ២-ឈ្មោះអាំ ពៅ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ជាបងប្អូន នឹងគ្នា មានទីលំនៅភូមិប្រសូត ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះឈ្មោះគៀង ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបកប្រែក្នុងក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រងរបួសក្បាលពីក្រោយចិញ្ចើម និងមាត់ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។

តាមស្ត្រីឈ្មោះជា ដានី ត្រូវជាប្រពន្ធជនរងគ្រោះឱ្យដឹងថា ក្រុមជនបង្កមានបក្សពួកប្រមាណជិត១០នាក់បានចូលទៅវាយ និងកាប់មកលើប្តីរបស់គាត់ នឹងពូថៅដល់ក្នុងផ្ទះបន្ទាប់ពីមានទំនាស់គ្នា រឿងជននោះចតម៉ូតូបាំងផ្លូវ ហើយប្តីរបស់គាត់ទៅប្រាប់ ។ បន្ទាប់ពីកាប់បង្ករបួស ហើយជននោះរត់ចូលទៅក្នុងបុរីត្រូវសមត្ថកិច្ចរាយការណ៍ទៅព្រះ រាជអាជ្ញាចូលចាប់ខ្លួនបានតែម្តង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]