កូឡាឡាំពួរ៖ លោក Wahid Omar អតីតរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ី ដែលបានជំរុញឲ្យក្រុមហ៊ុនធំៗ មួយចំនួនមកចុះបញ្ជីពាណិជ្ជកម្មរកស៊ី និងជាអ្នកដឹកនាំឲ្យក្រុមហ៊ុនទាំងនោះឲ្យទទួលបានសមិទ្ធផល ជោគជ័យនាពេលបច្ចុប្បន្នជាច្រើនកន្លងមក ថ្មីៗនេះរូបលោក កំពុងតែទាញប្រជាប្រិយភាពខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីគាត់បានប្រើប្រាស់ នូវកម្មវិធីបញ្ជាថ្មីមួយក្នុងរថយន្ត ដែលមានមុខងារមិននឹកស្មានដល់។

ប្រភពបានឲ្យដឹងថា លោក Tan Sri Abdul Wahid Omar ជាអតីតរដ្ឋមន្រ្តីមួយរូបនៃប្រទេសម៉ាឡេស៊ី ចាប់តាំងពីអាណត្តិជាសមាជិកព្រឹទ្ធសភា របស់គាត់បានបញ្ចប់មក ថ្មីៗនេះគេឃើញថាវត្តមានរបស់គាត់ លើកទីមួយហើយក្នុងទីសាធារណៈ ធ្វើដំណើរដោយរថយន្ត ដែលមានប្រើប្រាស់កម្មវិធី Uber ដែលរូបលោកបានចុះឈ្មោះ ប្រើប្រាស់នូវសេវាកម្មបច្ចេកវិទ្យាមួយនេះ ដើម្បីក្លាយខ្លួនជាអ្នកបើកបរដ៏ឆ្លាតវ័យម្នាក់ ព្រោះ Uber គឺជាបច្ចេកវិទ្យា ឬឧបករណ៍ប្រាប់ពីចំនុចគោលដៅជាក់លាក់មួយ ដែលអ្នកបើកបរពុំចាំបាច់ខ្វល់រឿងវង្វេងផ្លូវឡើយ។

ប្រភពបន្តថា រហូតមកដល់ពេលនេះ រូបគាត់បានសាកល្បងដឹកអ្នកដំណើរចំនួន៨នាក់ ទៅកាន់គោលដៅផ្សេងៗគ្នា។ អតីតរដ្ឋមន្រ្តីរូបនេះ ប្រថុយនឹងគ្រោះថ្នាក់ដែលប្រើប្រាស់មុខងារ Ride-Sharing របស់កម្មវីធី Uber ដោយគ្មានបញ្ហា។

ដោយសាររថយន្តរបស់លោកមានសភាពចាស់ ប្រើប្រាស់១០ឆ្នាំមកហើយ ដូច្នេះគាត់មិនអាចប្រើប្រាស់កម្មវិធី Uber បានឡើយ ព្រោះក្រុមហ៊ុន Uber បានកំណត់គោលការណ៍តឹងរ៉ឹងមួយដែរថា រថយន្តដែលចង់ប្រើប្រាស់កម្មវីធី Uber នេះមិនអាចមានអាយុចាស់ជាងប្រាំបីឆ្នាំឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមហ៊ុនរថយន្ត Proton បើកដំណើរការផ្សព្វផ្សាយនូវរថយន្តស៊េរីថ្មី ជំនាន់ទី៤របស់ខ្លួនម៉ាក Perdana គឺពួកគេហាក់ដូចជាចង់បានអ្នកជួយផ្សព្វផ្សាយរថយន្តថ្មីរបស់ខ្លួន ឲ្យបានល្អបំផុត ដែលជាឳកាសដ៏ល្អមួយសម្រាប់លោក Wahid ខ្ចីរថយន្តសេ៊រីទំនើបម៉ាក Perdana របស់ក្រុមហ៊ុនខាងលើ បើកតាមដងផ្លូវសាធារណៈនៃទីក្រុង Putrajaya តែម្តង បង្កជាភាពភ្ញាក់ផ្អើល។

ទន្ទឹមនឹងនោះផងដែរ លោក Firdaus Fadzil ដែលជាអ្នករួមដំណើរជាមួយគាត់ បានថតបង្ហោះរូបភាពចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោក ជាមួយនិងលោក Wahid ក្នុងសភាពញញឹមយ៉ាងស្រស់ស្រាយ ដើម្បីចែករំលែកបទពិសោធន៍ អំពីការប្រើប្រាស់មុខងារ Ride-Sharing របស់កម្មវិធី Uber ដ៏អស្ចារ្យ និងថែមទាំងផ្ដល់ចំណាត់ថ្នាក់ផ្កាយមេដាយចំនួនប្រាំ ដល់លោក Wahid ផងដែរ។

គួររំលឹកដែរថា អាណត្តិជាសមាជិកព្រឹទ្ធសភារបស់លោក Wahid Omar ទើបតែបានបញ្ចប់កាលពីដើមខែមិថុនានេះ។ លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកាលពីឆ្នាំ២០១៣ មុនពេលដែលគាត់ជារដ្ឋមន្ត្រីនេះ រូបគាត់ធ្លាប់ជាប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ Maybank ផងដែរ ៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]