បើនិយាយពីពងទា ជាប្រភេទអាហារស៊ុតមួយមុខដ៏ពេញនិយម សម្រាប់មនុស្សគ្រប់វ័យ មិនថាតែអ្នករស់នៅទីក្រុង ឬក៏អ្នកនៅតាមជនបទស្រុកស្រែចម្ការ ដាច់ស្រយាលនោះទេ។

ក្នុងមួយថ្ងៃៗមានពងទារាប់ម៉ឺន រាប់លានគ្រាប់ មានលក់នៅគ្រប់ទីកន្លែងទាំងអស់ តាំងពីក្នុងផ្សារតូចរហូតទៅដល់ផ្សារធំៗ សូម្បីតែនៅក្នុងផ្សារទំនើប ក៏មានវត្តមានពងទាលក់នៅទីនោះដែរ។  មានអ្នកខ្លះទទួលទានពងទាជារៀងរាល់ថ្ងៃក៏មិនធុំ (ទ្រលាន់) ដែរ នេះមិនមែនដោយសារតែពងទា មានរសជាតិឆ្ងាញ់ពិសាអស្ចារ្យ ឬជារបស់ពិសេសអ្វីទេ  ប៉ុន្តែមូលហេតុចម្បងនោះ ព្រោះតែពងទាវាមានតម្លៃសមរម្យ ដោយក្នុងមួយគ្រាប់ត្រឹមតែ ៥០០ ឬ៦០០រៀលប៉ុណ្ណោះ ហើយងាយស្រួលរកទិញនៅកន្លែងណាក៏បាន  និងងាយស្រួលចម្អិនបរិភោគជាប្រចាំថ្ងៃទៀតផង។

សាកគិតទៅមើលរកឯណាបាន? របស់ល្អ ទុកមិនឆាប់ខូច ស្រួលចម្អិន ថោកក៏ថោក ជាពិសេសនោះ ពងទាអាចយកមកធ្វើជាមុខម្ហូបបានច្រើនបែបយ៉ាងដូចជា ចៀន ស្ងោរ  ចំហុយ  ឬឆាជាមួយនឹងបន្លែត្រីសាច់ផ្សេងៗបានយ៉ាឆ្ងាញ់ពិសា។ ប៉ុន្តែសូមកុំភ្លេចណាពងទា  ក៏នៅអាចមានវិធីធ្វើជារបស់ញ៉ាំពិសេសបានម្យ៉ាងទៀតដែរ នោះគឺ ពងទាប្រៃ

ពិតណាស់ប្រសិនបើអ្នកចង់ទទួលបាន របស់ញ៉ាំដែលអាចទុកបានយូរមិនឆាប់ខូចនោះសូមកុំមើលរំលងពងទាប្រៃឱ្យសោះ វាសាកសមជាមួយនឹងបបរពេលព្រឹកខ្លាំងណាស់។

ដោយមានឱកាសល្អ  ថ្ងៃនេះគេហទំព័រ Khmerload បានអញ្ញើញអ៊ំស្រីចិត្តល្អម្នាក់ដែលគាត់មានឈ្មោះថា រ៉េត សុខគាន់ ដើម្បីមកចែករំលែកវិធីធ្វើ ពងទាប្រៃ សម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំទាំងអស់គ្នា៖

# គ្រឿងផ្សំមានដូចជា៖

ពងទា និងអំបិល

វិធីធ្វើ៖ តាមការរៀបរាប់របស់អ៊ំស្រី រ៉េត សុខគាន់ ដែលជាស្រ្តីមេផ្ទះដ៏ចំណានម្នាក់ នៅក្នុងក្រុមគ្រួសារ  គាត់បានប្រាប់មកដល់ក្រុមការងារ Khmerload យើងថា ពងទាប្រៃនេះ មិនពិបាកធ្វើទេ  ជាដំបូងយើងត្រូវលាងសម្អាតពងទាជាមុនសិន ដើម្បីកម្ចាត់នូវធូលីដី  និងវត្ថុស្មោគគ្រោកផ្សេងៗទៀត ដែលនៅទំជាប់នឹងសម្បកពងទាចេញឱ្យស្អាត។

ក្រោយមកយកវាទៅដាក់នៅក្នុងក្រឡ  ឬឆ្នាំងដែលបានត្រៀមទុក  រួចចាក់ទឹកស្អាតធម្មតាចូលតាមក្រោយ (តែបើចង់ប្រើទឹកឆ្អិនយកមកត្រាំក៏បានដែរគ្មានបញ្ហាទេ) នៅក្នុងបរិមាណចំណុះសមល្មមមួយលិចគ្រាប់ពងទា។

បន្ទាប់មកទៀត យើងត្រូវដាក់អំបិលចូលបិទគម្របឱ្យជិត  ហើយត្រាំវាទុកក្នុងរយៈពេលយ៉ាងតិចណាស់ក៏ចំនួន ១០ថ្ងៃដែរ ទើបអាចបរិភោគបាន។ ចុងក្រោយបន្ទាប់ពីទុកឱ្យពងទា និងអំបិលរលាយចូលសព្វជាតិគ្នាហើយ  យើងអាចស្រង់វាក្នុងបរិមាណដែលត្រូវការយកមកស្ងោរឱ្យឆ្អិន។  ក្រោយពីឆ្អិនហើយយើងក៏អាចទទួលទានវាបានតាមធម្មតាតាមចំណង់ចំណូលចិត្ត។

ចំណាំ ពងទា១០គ្រាប់ ប្រើអំបិលក្នុងបរិមាណ ២វែកសម្ល

តែប៉ុណ្ណេះ អ្នកក៏ទទួលបាននូវពងទាប្រៃដ៏មានអនាម័យ សម្រាប់បរិភោគក្នុងក្រុមគ្រួសារ។ ​ ហើយជាចុងក្រោយអ៊ំស្រីក៏បានបញ្ជាក់ថែមទៀតផងដែរថា៖ ប្រសិនបើចង់រក្សាពងទាប្រៃនេះ ទុកឱ្យបានយូរគួរស្រង់វាចេញមកពីក្នុងទឹកអំបិល រួចហើយយកផេះមកប្រឡាប់វាជិតល្អ  ទើបអាចរក្សាវាបានយូរមិនងាយខូច។ ចំណែកឯផេះដែលប្រើនោះអាចប្រើផេះអុស  ធ្យូង  ឬបើមានជាផេះអង្កាមទៀតនោះ រឹតតែប្រសើរ  ព្រោះថាផេះអង្កាមវាខ្មៅល្អ  និងមានសារធាតុពិសេសម្យ៉ាងដែលអាចជួយការពារពងទាប្រៃ ឱ្យបានយូរជាងផេះដទៃទៀត។ 

នៅទីបញ្ចប់អ៊ំស្រីក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារខ្មែរឡូតយើង ដែលបានផ្តល់ឱកាសឱ្យអ៊ំស្រី បានបញ្ចេញស្នាដៃផ្ទាល់ខ្លួន និងបានចែករំលែកនូវវិធីសាស្ត្រងាយៗ អំពីការធ្វើពងទាប្រៃ ចែកជូនទៅដល់ស្ត្រីមេផ្ទះផ្សេងៗទៀត ឱ្យបានដឹង ព្រមទាំងបានស្វែងយល់ទាំងអស់គ្នា៕

ចុចអាន៖ ចែករំលែក របៀបធ្វើត្រសក់ត្រាំ ឲ្យបានឆ្ងាញ់ និងអនាម័យល្អ ពីស្រ្តីមេផ្ទះ ជើងចាស់ម្នាក់

ចុចអាន៖ តោះរៀនធ្វើទឹកសណ្តែក មានរសជាតិ ឈ្ងុយឆ្ងាញ់ដោយខ្លួនឯង ម្តងមើល៍!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]