កីឡាបាល់ទាត់ ជាកីឡា ដែលមានភាពល្បីល្បាញ ពិសេសនៅកម្ពុជាកំពុងតែមានការគាំទ្រយ៉ាងខ្លាំងផងដែរ។ ក្នុងនោះកីឡាកររបស់កម្ពុជា មានសមត្ថភាព និងភាពប៉ិនប្រសប់ មិនចាញ់កីឡាករល្បីៗ របស់ប្រទេសជិតខាងប៉ុន្មានទេ ដែលបានទាក់ចិត្តយុវវ័យកម្ពុជា ស្រលាញ់គាំទ្រ និងលើកស្ទួយ។

ថ្ងៃនេះផងដែរ Khmerload សូមលើកយកមតិយល់ឃើញ របស់យុវវ័យមួយចំនួន ថាតើកីឡាករបាល់ទាត់កម្ពុជារូបណា ដែលស្ថិតក្នុងបេះដូងពួកគេ និងហេតុផលដែលពួកគេមានទំនោរចិត្តលើកីឡាបាល់ទាត់ផងដែរ។

ជួបជាមួយនិស្សិតស្រីម្នាក់ ឈ្មោះ ផាន់ណា បាននិយាយប្រាប់ Khmerload ថា ៖ “អាយដូល (idol) កីឡាករបាល់ទាត់ ដែលខ្ញុំស្រលាញ់ជាងគេគឺ កែវ សុខផេង ព្រោះគាត់ស្អាត  និងលេងបានល្អ ព្រោះនៅពេលគាត់លេងម្តងៗ គាត់ឧស្សាហ៍ស៊ុតបាល់បញ្ចូលទីបានច្រើន ជាពិសេសខ្ញុំចូលចិត្តគាត់រួសរាយ។  ហើយដោយសារគាត់នេះហើយទើបធ្វើឲ្យខ្ញុំចូលចិត្តកីឡាបាល់ទាត់  ពីព្រោះពីមុនខ្ញុំមិនដែលចូលចិត្តបាល់ទាត់ទេ”

រូបនាងបានបន្ថែមអំពីចំណាប់អារម្មណ៍ លើកីឡាបាល់ទាត់ថា “ខ្ញុំគិតថា កីឡាបាល់ទាត់ក៏ជាផ្នែកមួយ ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ប្រទេសយើងដែរ ព្រោះពីមុនចំពោះវិស័យកីឡានេះ ស្រុកយើងក៏ធ្លាប់បាត់បង់ម្តងហើយ តែមិនមែនទាំងស្រុងនោះទេ តែឥលូវយើងចាប់ផ្តើមពង្រីកឡើងវិញ ដែលនាំឲ្យប្រទេសផ្សេងៗ ក៏ដូចជាប្រទេសជិតខាងគេស្គាល់យើងច្រើន។ ជាចុងក្រោយមានតែសំណូមពរបងប្អូនយើង នឹងរឹតតែគាំទ្រកីឡាបាល់ទាត់តទៀត ព្រោះវាជាការលើកទឹកចិត្តដល់កីឡាករយើងឲ្យកាន់តែខំប្រឹងប្រែង ហើយនាំមុខមាត់មកប្រទេសយើងវិញ”  

កញ្ញា ផាន់ណា
កីឡាករ កែវ សុខផេង

ចំណែកស្រីស្អាតជានិស្សិតឆ្នាំទី ៣ ផ្នែកធនាគារ ឈ្មោះ វល័ក្ខ បាននិយាយដោយភាពរីករាយថា៖ “ខ្ញុំជាអ្នកដែលស្រលាញ់កីឡាបាល់ទាត់ទាំងខ្មែរ ទាំងបរទេស។ ហើយសម្រាប់កីឡាករខ្មែរ ខ្ញុំចូលចិត្ត ធារី ប៊ីន (Thierry Chantha Bin)។ ទោះបីជាគាត់មិនបានកើតនៅស្រុកខ្មែរក៏ដោយ និយាយទៅគឺគាត់កើតនៅបារាំងឯណោះ តែគាត់បានខិតខំមកលេងឲ្យជម្រើសជាតិខ្មែរ គឺមានន័យថាគាត់នៅតែស្រលាញ់ជាតិរបស់គាត់។ ខ្ញុំចូលចិត្តគាត់ ព្រោះគាត់លេងបានល្អ គាត់គោរពតួនាទីរបស់គាត់ ហើយនៅពេលដែលគាត់លេងគឺគាត់ខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តតែម្តង” ។

កញ្ញា បានបញ្ចេញមតិថែមទៀតថា “សម្រាប់ខ្ញុំគឺចូលចិត្តបាល់ទាត់តាំងពីរៀនថ្នាក់ទី ៦ ស្រលាញ់ដោយចំណង់ចំណូលចិត្ត ហើយខ្ញុំក៏ជឿថាមានអ្នកដែលស្រលាញ់ដោយពិតប្រាកដដែរ ព្រោះដូចជា មិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួន សុទ្ធតែចំនាយពេលទំនេរទៅលេងបាល់ មើលបាល់ ហើយពេលខ្លះសុខចិត្តគេចរៀនទៅមើលបាល់ទៀតផង។ តែក៏មាន អ្នកខ្លះគឺតាមតែគ្នាដែរ ហើយអ្នកខ្លះគឺដើម្បី គាំទ្រ លើកទឹកចិត្ត នៅពេលមានការប្រកួតម្តងៗ។ និយាយរួម គឺមានអ្នកដែលតាមគ្នា អ្នកខ្លះដើម្បីជាតិ និងអ្នកខ្លះដោយសារការស្រលាញ់។ ទោះយ៉ាងណា ដើម្បីជាតិយើង និងវិស័យកីឡាយើង មានការរីកចំរើន យើងគួរតែនាំគ្នាគាំទ្រទាំងអស់គ្នា”

កញ្ញា វល័ក្ខ
កីឡាករ ធារី ប៊ីន

បែរមកអ្នកគាំទ្របុរសវិញម្តង ដែលមានឈ្មោះថា “រដ្ឋា” ជានិស្សិតសកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ Khmerload ឲ្យដឹងថា ៖ “អាយដូលរបស់ខ្ញុំគឺ គួច សុគម្ភៈ ព្រោះគាត់ជាកីឡាករម្នាក់ ដែលពិបាករកបាន ហើយគាត់ជាកីឡាករដែលខ្ញុំស្គាល់ដំបូងគេ តាំងពីចេះមើលបាល់ពីតូចៗមកម៉្លេះ។ និយាយទៅ គាត់លេងអត់ប្រកាន់តួនាទី គាត់លេងអត់មានភាពខ្ជិលច្រអូសទេ ហើយសម្រាប់អត្តចរិតគាត់វិញ គឺសុភាព ស្លូតបូត ជាមនុស្សចិត្តត្រជាក់ មិនចេះបញ្ចេញកំហឹងលើទីលានប្រកួតទេ ទោះបីមានគេលេងបង្កកំហុសលើគាត់ក៏ដោយ។ រឿងមួយទៀតដែលខ្ញុំចង់និយាយគឺ ការដែលយើងបាក់ទឹកបាក់ដីទៅមើលបាល់ទាត់ ក៏ដោយសារតែយុវវ័យយើងចូលចិត្ត ភាពសប្បាយៗ ព្រោះនៅទីនោះ យើងឃើញមានគេហ៊ោ គេរាំ ហើយក៏ទៅតាមគ្នាទៅ តែអ្នកខ្លះដោយសារចិត្តស្រលាញ់ គាំទ្របានជាទៅ ហើយកត្តាមួយទៀតគឺកត្តាជាតិនិយម គឺមកគាំទ្រដើម្បីជាតិ។ ខ្ញុំក៏សូមសំណូមពរឲ្យអ្នកគាំទ្រ កុំធ្វើអ្វីដែលហួសពីកម្រិតអ្នកគាំទ្រ ឬជ្រុលហួសហេតុពេក ដែលអាចនាំឲ្យខូចមុខមាត់ប្រទេសជាតិបាន”

លោក រដ្ឋា
កីឡាករ គួច សុគម្ភៈ

សរុបមក ម្នាក់ៗសុទ្ធតែមានកីឡាករបាល់ទាត់ខ្មែរ ក្នុងដួងចិត្តខុសៗគ្នា ទៅតាមចំណូលចិត្ត និងលក្ខណៈពិសេសរបស់កីឡាករទាំងនោះរៀងៗខ្លួន។ ចុះប្រិយមិត្តរបស់ Khmerload វិញមានអាយដូល ជាកីឡាកររូបណាដែរ និងមានមតិយោបល់យ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]