សណ្តែក គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលសំបូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់។ មិនតែប៉ុណ្ណោះ គ្រាប់សណ្តែកក៏មានផ្ទុកនូវអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនរហូតដល់ទៅ ៥៨មុខឯណោះក្នុងគ្រាប់សណ្តែកមួយប្រភេទៗ។

ក្នុងនោះសណ្តែកខៀវ ឬសណ្តែកសៀង ក៏អាចផលិតធ្វើជាភេសជ្ជៈមួយប្រភេទដ៏ឈ្ងុយឆ្ងាញ់ និងមានគុណភាពល្អសម្រាប់ថែរក្សាសុខភាពផងដែរ។ សណ្តែកទាំងពីរប្រភេទនេះ អាចរកទិញបាននៅគ្រប់ទីផ្សារ  និងស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសរបស់យើង។

អ្នកពិតជាធ្លាប់បានញ៉ាំទឹកសណ្តែក រួចមកហើយមែនទេ ប៉ុន្តែគ្រាន់តែមិនទាន់បានដឹងពីរបៀបនៃការធ្វើវា!

មិនពិបាកនោះទេ អ្នកក៏អាចធ្វើវាបាននៅផ្ទះដោយខ្លួនឯងដែរ​​  ហើយប្រកបទៅដោយសុវត្ថិភាព និងមានអនាម័យល្អទៀតផង។ ថ្ងៃនេះ Khmerload សូមចែករំលែកវិធីធ្វើទឹកសណ្តែកសៀងសម្រាប់បរិភោគ ពីបងស្រីម្នាក់ ដែលមានរបរជាអ្នកធ្វើទឹកសណ្តែកលក់នៅផ្ទះក្បែរទីក្រុងភ្នំពេញ។ សព្វថ្ងៃបងស្រី ស៊ឹម សុគន្ធ គឺជាស្រ្តីមេផ្ទះម្នាក់យ៉ាងចំណាន  តែដោយសារត្រូវចិញ្ចឹមកូន២នាក់ផង បងស្រីក៏បានសម្រេចចិត្តជ្រើសយកមុខរបរ ជាអ្នកធ្វើទឹកសណ្តែកលក់នៅផ្ទះបន្ថែម ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

ចង់ដឹងថាមានគ្រឿងផ្សំ  និងវិធីធ្វើយ៉ាងណានោះ សូមជួបជាមួយការចែករំលែកបទពិសោធន៍​នៃវិធីធ្វើទឹកសណ្តែកសៀងនេះទាំងអស់គ្នា៖

# ជំហានដំបូងនៃការធ្វើងាយស្រួលដោយយើងគ្រាន់តែ មានគ្រឿងផ្សំ និងសម្ភារៈមួយចំនួន៖

_គ្រឿងផ្សំមានដូចជា៖

• សណ្តែកសៀងកន្លះគីឡូ (អាចយកគ្រាប់សណ្តែកមូល ឬគ្រាប់សណ្តែកកិនក៏បាន)

• ស្ករស ១ គីឡូក្រាម

• អំបិល ១ ស្លាបព្រាកាហ្វេ

• ទឹកដោះគោខាប់ ឬខ្ទិះដូង (តាមចំណង់ចំណូលចិត្ត)

• ទឹកស្អាតចំនួន ៣ លីត្រ

_សម្ភារៈធ្វើមានដូចជា៖

• ម៉ាស៊ីនទឹកក្រឡុក

• ក្រណាត់ស្អាត (ទុកសម្រាប់ច្រោះកាកសណ្តែកចេញ)

• ដបទឹកសុទ្ធ ឬដបស្អាតណាមួយ

• ឆ្នាំងធំ ១ ។

# តាមបទពិសោធន៍កន្លងមករបស់បងស្រី គាត់បានប្រាប់ខ្មែរឡូតថា៖

_វិធីធ្វើ៖

១. ជាដំបូងត្រូវត្រាំសណ្តែកឱ្យរីកជាមុនសិន ដើម្បីងាយស្រួលយកវាកិន ដោយបងស្រីបានបញ្ជាក់ថា ត្រូវប្រើរយៈពេលត្រាំគ្រាប់សណ្តែក ប្រហែលជាពី ៣-៤ម៉ោង។ បន្ទាប់មកស្រង់គ្រាប់សណ្តែក ដែលបានត្រាំនោះ មកលាងសម្អាតយកសំបកចេញ និងកំទេចកំទីនានាឱ្យបានស្អាត។

២. ដួសសណ្តែកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក (ត្រូវចងចាំថានៅក្នុងការក្រឡុកម្តងៗគួរដាក់សណ្តែកទៅក្នុងម៉ាស៊ីនក្រឡុក ក្នុងបរិមាណសមស្របមួយ ដើម្បីកុំឱ្យម៉ាស៊ីនធ្វើការក្រឡុកតឹងតែងខ្លាំងពេក)។ ក្រោយពីម៉ាស៊ីនក្រឡុកម៉ត់ហើយ ត្រូវចាក់វាដាក់ទៅក្នុងក្រណាត់ស្អាត ដែលត្រៀមទុករួចជាស្រេច ដើម្បីច្របាច់យកទឹក និងកាកសណ្តែកចេញពីគ្នា។

៣. ចាក់ទឹកសណ្តែកដែលច្របាច់រួច ដាក់ទៅក្នុងឆ្នាំងហើយចាក់ស្ករស ខ្ទិះដូង និងអំបិលចូលគ្នា កូរឱ្យសព្វរួចដាក់ដាំវាឱ្យពុះ។ (បងស្រីក៏បានបញ្ជាក់ទៀតថា ប្រសិនបើប្រើទឹកដោះគោខាប់ ពេលដាំទឹកសណ្តែកពុះហើយ ចាំចាក់ទឹកដោះគោចូល និងកូរឱ្យសព្វជាការស្រេច)។ ចំណាំ៖ ពេលលើកឆ្នាំងទឹកសណ្តែកដាក់ដាំនៅលើចង្រា្កនបានប្រមាណជា ១០នាទី ត្រូវយកវែកកូរវាម្តងផង ដើម្បីជៀសវាងកុំឱ្យទឹកសណ្តែកឡើងកករ។

៤. បន្ទាប់ពីដាំទឹកសណ្តែកពុះហើយត្រូវលើកវាចុះពីចង្រ្កាន រូចកូរវាឱ្យសព្វម្តងទៀតដើម្បីឱ្យវារលាយបានល្អ។

បន្ទាប់មក អ្នកអាចទទួលទានវាក្តៅអ៊ុនៗក៏បាន ឬចាក់វាទុកឱ្យត្រជាក់សិន ចាំច្រកចូលក្នុងដបទឹកសុទ្ធក៏បាន។ ចុងក្រោយយកវាទៅទុកក្លាសេ្ស ក្នុងធុងទឹកកក ឬ ទូទឹកកកក៏បាន ដើម្បីរក្សាគុណភាពទុកញ៉ាំឱ្យបានយូរ (អ្នកក៏អាចក្លាស្សេវាឱ្យកកខ្លាំងធ្វើជាការ៉េមក៏បាន តាមចំណង់ចំណូលចិត្ត)។ ត្រឹមតែប៉ុណ្ណេះអ្នកក៏ទទួលបាននូវទឹកសណ្តែកសៀងដ៏ឈ្ងុយឆ្ងាញ់ពិសា និងមានអនាម័យខ្ពស់ សម្រាប់ទទួលទានក្នុងក្រុមគ្រួសារអ្នកបានទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]