ភ្នំពេញ៖ ទស្សនិកជន នឹងមានឱកាសបានទស្សនា បេក្ខជន បេក្ខនារី ដែលមានមុខមាត់ ដូច ឬស្រដៀងកំពូលតារាភាពយន្តនៃស្ថានីយទូរទស្សន៍ TVB របស់ទីក្រុង ហុងកុង តាមរយៈព្រឹត្តិការណ៍ PNN TVB Showcase 2016 ប្រារព្ធធ្វើនាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ បេក្ខភាពប្រជែងលេចធ្លោរ៦រូប ក្នុងចំណោម ១០រូប ដែលជ្រើសចេញពីកម្មវិធី អ្នកមានមុខមាត់ដូច ឬស្រដៀងកំពូលតារាភាពយន្តហុងកុង នឹងបង្ហាញខ្លួនក្នុង ព្រឹត្តិការណ៍នេះ ដែលសុទ្ធសឹងជាអ្នកមានឱកាសជាប់ជាតារាភាពយន្តនាពេលខាងមុខ។ កម្មវិធី អ្នកមានមុខមាត់ដូច ឬស្រដៀងកំពូលតារាភាពយន្តហុងកុង របស់ ភីអិនអិន បានដំណើរការប្រមាណ ២ខែមកហើយ ដោយមានបេក្ខជន បេក្ខនារីជាច្រើនរយនាក់ចូលរួមប្រកួតប្រជែងតាមរយៈ ការផ្ញើរូបថតរបស់ខ្លួន មកកាន់ទំព័រហ្វេសបុកផ្លូវការរបស់ ភីអិនអិន។

បេក្ខជនទាំង១០រូប រួមនឹងរូបថតរបស់ពួកគេត្រូវបានបង្ហោះលើទំព័រ ហ្វេសបុក ផ្លូវការ ភីអិនអិន ដែលមានអាស័យដ្ឋាន https://www.facebook.com/PNNDramaFanClub/ ថ្មីៗនេះ ភីអិនអិន បានជ្រើសរើស អ្នកដែលមានមុខមាត់ ដូច ឬស្រដៀងតារាភាពយន្តហុងកុង ប្រចាំទូរទស្សន៍ TVB បានចំនួន ១០រូប ដែលចម្រាញ់ចេញពីបេក្ខភាពប្រជែងជាច្រើនរយនាក់។ ពួកគេទាំងអស់ដែលត្រូវបានជ្រើសរើស សុទ្ធតែមានមុខមាត់ដូច ឬស្រដៀង តារាភាពយន្តរបស់ TVB ទាំងអស់។ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ភីអិនអិន នឹងបង្ហាញវត្តមានបេក្ខជនលេខធ្លោរទាំង៦នាក់ ក្នុងកម្មវិធី PNN TVB Showcase 2016 ដោយមានការចូលរួមពីសំណាក់ កំពូលតារាភាពយន្តទីក្រុង ហុងកុង នាង Nancy Wu និងលោក Vincent Wong ទៀតផង។ អ្វីដែលពិសេស ពួកគេទាំង២រូប នឹងចូលរួមសម្រេចជ្រើសរើស សម្រាប់ជយលាភីជាប់ជាតារាប្រុស ស្រី ចំនួន២រូប ដែលនឹងមានឱកាសទទួលពាន រួមជាមួយកុងត្រាផលិតខ្សែភាពយន្តជាមួយ ភីអិនអិន។ កំពូលតារាភាពយន្តហុងកុង នាង Nancy Wu និងលោក Vincent Wong នឹងធ្វើដំណើរជាពិសេស មកកាន់ទីក្រុងភ្នំពេញ នាថ្ងៃទី ១៩ មិថុនាខាងមុខ ដើម្បីជួបផ្ទាល់នឹងប្រិយមិត្តខ្លួនជាច្រើននៅកម្ពុជា។

ប្រិយមិត្ត មានបំណងចង់ជួបផ្ទាល់ជាមួយនឹង Nancy Wu ក៏ដូចជា Vincent Wong អាចចូលមកកាន់ទំព័រ ហ្វេសបុក ផ្លូវការរបស់ ភីអិនអិន ដែលមានអាស័យដ្ឋាន https://www.facebook.com/PNNDramaFanClub/ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការទទួលបានសំបុត្រ។ ខ្សែភាពយន្តថ្មី នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាពេលឆាប់ៗនេះគឺរឿង A Fist Within Four Walls ដោយមានវត្តមាននាង Nancy Wu សម្តែងជាតួអង្គឈ្មោះ Tiu Lan ។ ក្នុងខ្សែភាពយន្តនេះ រៀបរាប់ពីតួអង្គ TSO NGAU KUEN ដែលត្រឡប់ទៅកាន់រាជធានី ជាកន្លែងរូបគាត់បានជួបជាមួយទន្តពេទ្យ TUEN YING FUNG ។ ក្រោយមក ពួកគេទាំងពីរបានក្លាយទៅជាអ្នកគ្រប់គ្រងភូមិមួយ ឈ្មោះ Bajiquan ។ ដោយមានទេពកោស្យខាងក្បាច់គុន ពួកគេបានរួមគ្នាកំចាត់ក្រុមមនុស្សអាក្រក់នៅក្នុងភូមិដែលដឹកនាំដោយ មេកើយមានឥទ្ធិពលឈ្មោះ LUNG SHING FU ហើយក៏ជាកន្លែង KUEN បានជួបជាមួយ នាង Tiu Lan ម្ចាស់ហាងធ្វើសក់មួយនៅទីនោះ។ ដោយឡែក សម្រាប់ តារាវ័យ ៣២ឆ្នាំរបស់ទីក្រុងហុងកុង លោក Vincent Wong ក៏ជាតារាភាពយន្តដ៏ល្បីល្បាញមិនចាញ់ នាង Nancy Wu នោះដែរ ថែមទាំងទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តនៅកម្ពុជាដូចគ្នា។ Wong ល្បីល្បាញដោយមានសមត្ថភាពសម្តែងជាច្រើនក្នុងខ្សែភាពយន្តភាគ បែបវាយប្រហាររបស់ TVB។ កាលពីឆ្នាំ ២០១៣ Vincent Wong ធ្លាប់បានឈ្នះពានតារាប្រុសឆ្នើមពីព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ TVB ក្រោយសម្តែងក្នុងខ្សែភាពយន្តភាគជាច្រើនក្នុងឆ្នាំនោះ ដូចជា រឿង Season of Love រឿង Sergeant Tabloid រឿង A Change of Heart ក៏ដូចជារឿង Will Power and Coffee Cat Mama ជាដើម។ លើសពីនេះ Wong ក៏នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគថ្មី របស់ TVB រឿង Over Run Over សម្តែងជាតួអង្គ Kwan Ting Ming ដែលគ្រោងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃ វេលាម៉ោង ៦ដល់ម៉ោង ៧យប់ ចាប់ពីថ្ងៃទី ២១ មិថុនាតទៅ។ ក្នុងខ្សែភាពយន្តនេះ រៀបរាប់ពីនារីឈ្មោះ LING SUN FUNG និងមិត្តប្រុសរបស់នាង KWOK SHEUNG CHING ដោយពួកគេទាំងពីរសុទ្ធសឹងជាអ្នកចំណូលថ្មី ក្នុងជួរកំលាំងប៉ូលីស។ បន្ទាប់ពី LING SUN FUNG ចូលបម្រើក្នុងជួរកំលាំងប៉ូលីសមិនបានប៉ុន្មាន នាងចាប់ផ្តើមដាក់ការសង្ស័យទៅលើ KWAN TING MING ដែលជាប្រធានក្រុម សម្តែងដោយ VINCENT WONG កំពុងពាក់ព័ន្ធឃុបឃិតជាមួយក្រុមសង្គមងងឹត ធ្វើឲ្យផ្ទៃរឿងកាន់តែទាក់ទាញពីមួយភាគទៅមួយភាគ។

កាលពីដើមឆ្នាំ២០១៦ ស្ថានីយទូរទស្សន៍ ភីអិនអិន បានចុះកិច្ចព្រមព្រៀង ចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីរបស់ TVB កំពុងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង។ TVB PNN SHOWCASE ជាមួយ នាង Nancy Wu និងលោក Vincent Wong និងចាប់ផ្តើមនាថ្ងៃអាទិត្យ ទី ១៩ មិថុនា ពីម៉ោង ៥ល្ងាចតទៅ នៅក្នុងស្ទូឌីយ៉ូ ទូរទស្សន៍ ភីអិនអីន ក្នុងសង្កាត់ព្រែកភ្នៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]