ខេត្តកណ្តាល ៖ សពស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានប្រទះឃើញនៅក្នុងត្រពាំងទឹកមួយ ស្ថិតក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៦ សីហា ។ សពស្ត្រីរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយត្រូវបានសមត្ថកិច្ចនាំយកទៅតម្កល់ទុកនៅវត្តសំរោង ក្អែ ដើម្បីរង់ចាំរកក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាម ទំនៀមទម្លាប់ ។

លោកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ និងមន្ត្រីកងរាជអាវុធហត្ថស្រុកកៀនស្វាយថ្លែងថា សពស្ត្រីខាងលើនេះមានស្នាមរបួសក្បាលនិងថ្ងាសដូចត្រូវ គេវាយសម្លាប់រួចប្លុងសពចោលក្នុងស្រះទឹកដែលមានចម្ងាយ ប្រមាណ៤០ម៉ែត្រ ពីផ្លូវជាតិលេខ១ ។ លោកអធិការនគរបាលស្រុកនិយាយថា នៅក្បែរស្រះទឹកដែលប្លុងសពចោលនោះមានខោអាវមួយកូន ស្បោងផងដែរ ។ តាមសមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្ត្រីរូបនេះអាចត្រូវអ្នកស្គាល់គ្នាលួងលោមយកមក សម្លាប់នៅចំណុចខាងលើដោយសារទីនោះជាកន្លែងស្ងាត់ ប៉ុន្តែពុំទាន់ដឹងថា ការសម្លាប់នោះផ្តើមចេញពីមូលហេតុអ្វីឡើយ ។

គួរបញ្ជាក់ថា អ្នកប្រទះឃើញសពស្ត្រីខាងលើនេះដំបូងគេគឺជាកសិករដែលទៅ ឃ្វាលគោនៅទីនោះ បានឃើញមានឈាមនៅជាប់ស្មៅក្បែរត្រពាំងក៏តាមរកមើល ស្រាប់តែប្រទះឃើញសពស្ត្រីរងគ្រោះនៅត្រពាំងទឹក ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ ។

លោកអធិការនគរបាលស្រុកកៀនស្វាយបាន អំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំប្រថុយជីវិតទៅដល់ ភូមិសាស្ត្រខាងលើនេះតែម្នាក់ឯង ព្រោះទីនោះជាតំបន់ដាច់ស្រយាលស្ងាត់ណាស់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]