សក់ គឺជាផ្នែកមួយជួយបង្កើនសម្រស់ សម្រាប់សុភាពបុរសសុភាពនារី។ ចុះបើសក់មានបញ្ហា! តើគួរដោះស្រាយតាមវិធីណា? នេះនែក៎! មកមើលឱសថធម្មជាតិទាំងប៉ុន្មានមុខនេះមើល៍! ងាយរកបាននៅលើទីផ្សារ និងគ្រប់ទីកន្លែង ងាយស្រួលអនុវត្តដោយខ្លួនឯងទៀតផង ហើយមិនប៉ះពាល់សុខភាពស្បែកក្បាល និងសសៃសក់ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖

១. ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។

• គ្រឿងផ្សំមានដូចជា៖

ផ្លែក្រូចសើច ១គីឡូក្រាម

ទឹកស្អាត ១លីត្រ

• វិធីធ្វើៈ នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។ យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។ ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ  ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។

២. ទឹកប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខ។ ក្នុងនោះយើងក៏អាចនាំវា មកប្រើការជំនួសសាប៊ូកក់សក់បានផងដែរ។

• គ្រឿងផ្សំមានដូចជា៖

ប្រទាលកន្ទុយក្រពើ ៥ ទៅ ១០ ធាង

ទឹកស្អាត ១ លីត្រ

• វិធីធ្វើ៖ យកប្រទាលទៅលាងទឹកឱ្យស្អាត រួចយកកូនកាំបិតមកចិតវះយកសំបកចេញ និងហាន់សាច់វាជាចំណិតស្តើងៗតូចៗ។ ក្រោយមកយកប្រទាលដែលចិតរួចនេះ ទៅកិនបំបែកនៅក្នុងម៉ាស៊ីនក្រឡុក រួចយកមកកក់នៅសក់តែម្តង។ ផ្អាប់វាទុកប្រមាណជា២០នាទី សឹមលាងទឹកស្អាតចេញជាការស្រេច (អាចកក់សាប៊ូកក់សក់តាមក្រោយបានជាធម្មតា)។ អនុវត្តន៍វិធីនេះ​ឱ្យបានញឹកញាប់ នោះនឹងធ្វើឱ្យសក់អ្នកខ្មៅរលោងស្រស់ស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

៣. ទឹកឃ្មុំ ស៊ុត និងប្រេងអូលីវ៖ មិនពិបាករកទិញទេនៅលើទីផ្សារ។ ដើម្បីថែរក្សាសក់ឱ្យមានទម្ងន់ មិនឆាប់ជ្រុះ និងទន់រលោងគួរឱ្យចង់ស្ទាបអង្អែល​ ដែលនេះជាវិធីផ្សំតាំងពីសម័យបុរាណកាលមក តោះសាកល្បងមើល។

• គ្រឿងផ្សំមានដូចជា៖

ទឹកឃ្មុំ

ស៊ុតមាន់

ប្រេងអូលីវ 

• វិធីធ្វើៈ យកពងមាន់មកគោះយកផ្នែកក្រហម និងស ចេញពីគ្នា។ វាយពងក្រហមឱ្យបែកស្អិត និងកូរពងសឱ្យឡើងត្រសុសៗ សឹមដាក់លាយបញ្ចូលគ្នាវិញ។ រួចចាក់ចូលទៅផ្សំជាមួយទឹកឃ្មុំ និងប្រេងអូលីវ (អាចផ្សំតាមបរិមាណនៃសក់របស់អ្នក) បន្ទាប់មកយកមកលាបថ្នមៗនៅលើសក់  ទុកចោលប្រមាណជា ១៥ នាទី ហើយលាងជម្រះដោយទឹកស្អាតធម្មតា។

ចំណាំ៖ ក្នុងចំណោមវត្ថុធាតុដើមទាំង ៣ មុខនេះ អាចប្រើលាបនៅលើសក់ម្តងមួយមុខ ដោយមិនបាច់ផ្សំលាយចូលគ្នាក៏បាន តាមលទ្ធភាព ។

៤. ប្រេងដូង និងស្រាបៀរ៖

ធ្វើឱ្យសក់ស្អាតដោយសារប្រេងដូង៖ អាចយកប្រេងដូងមកលាយជាមួយនឹងពងមាន់១គ្រាប់ (យកតែស៊ុតក្រហម) មកវាយបញ្ចូលគ្នាឱ្យសព្វ ហើយលាបនៅលើសក់ ទុកចោលប្រមាណ១ម៉ោង រួចកក់សម្អាតដោយសាប៊ូកក់សក់ធម្មតា។

សក់ស្អាតដោយស្រាបៀរ៖ ស្រាបៀរមិនគ្រាន់តែអាចទទួលទានប៉ុណ្ណោះទេ វាថែមទាំងអាចយកមកប្រើជាវត្ថុធាតុដើម ដែលអាចជួយឱ្យសក់រឹងមាំបានទៀតផង។ លាយស្រាបៀរជាមួយនឹងប្រេងដូងក្នុងបរិមាណស្មើគ្នា ហើយលាបលើសសៃសក់ថ្នមៗ ទុកចោលប្រមាណ៥នាទី ហើយលាងចេញដោយទឹកក្តៅអ៊ុនៗ។ ធ្វើដូច្នេះសារធាតុនៅក្នុងរបស់ទាំង២នឹងជួយ បំប៉នសក់ឱ្យរលោងស្អាត និងមានទម្ងន់ថែមទៀតផង។ 

៥. ផ្លែអាវូកាដូ៖ ផ្លែនេះក៏អាចយកមកប្រើប្រាស់ ដើម្បីថែរក្សាសក់បានដែរ ដោយអ្នកគ្រាន់តែអនុវត្តន៍តាមវិធីងាយៗនេះ។

• គ្រឿងផ្សំមាន៖

ផ្លែអាវូកាដូ ២ ទៅ ៣ ផ្លែ

ប្រេងអូលីវ

• វិធីធ្វើ៖ យកអាវូកាដូស្រស់មកពុះឆ្កឹះគ្រាប់ចេញ រួចឆ្កៀលយកសាច់មកដាក់លាយជាមួយប្រេងអូលីវ ច្របល់ឱ្យសព្វរួចនាំមកលាបនៅលើសសៃសក់ និងទុកចោលប្រមាណជា២០នាទី។ ក្រោយមកលាងសម្អាតចេញដោយទឹកស្អាត ហើយកក់សក់ចេញម្តងទៀត ដោយប្រើសាប៊ូកក់ធម្មតាជាការស្រេច។

៦. គ្រឿងអប់សក់៖ នេះជាវិធីផ្សំវត្ថុធាតុជាច្រើនមុខ ដើម្បីបញ្ចូលគ្នាដើម្បីធ្វើជាគ្រឿងអប់សក់បែបធម្មជាតិមួយ ដែលអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។

• គ្រឿងផ្សំ៖

ផ្លែក្រូចសើច ១គីឡូ ឬច្រើនជាងនេះ (ជាធម្មតាក្រូចសើចគឺជារបស់សំខាន់ជាងគេនៅក្នុងការធ្វើរូបមន្តនេះ អ្នកជំនាញណែនាំថា បើប្រើក្រូចសើចតិចពេកនាំឱ្យវាបញ្ចេញប្រសិទ្ធភាពមិនបានល្អ)

ផ្កាអ័នជ័យ ២ទៅ៣ក្តាប់

ខ្ញីស្រស់ ២ទៅ៣ មើម

Baking Soda មួយកញ្ចប់

ទឹកស្អាត

• វិធីធ្វើ៖

1. លាងផ្លែក្រូចសើច ខ្ញី និងផ្កាអ័នជ័យឱ្យស្អាត

2. ហាន់ខ្ញីស្រស់ និងផ្លែក្រូចសើចជាចំណិតស្តើងៗល្មម

3. យកវត្ថុទាំងបីទៅស្ងោរបញ្ចូលគ្នា (ដាក់ទឹកល្មម មិនច្រើនពេក)

4. បើកភ្លើងតិចៗ ហាមប្រើភ្លើងខ្លាំងដាច់ខាត

5. សង្កេតមើលថា ផ្កា និងផ្លែក្រូចសើចស្រពាប់ល្មមហើយចាំស្រង់ចេញ

6. យកទឹកដែលនៅសល់ទៅរក្សាទុក នៅក្នុងដបស្អាតគ្របឱ្យជិត។ 

• វិធិប្រើ៖ ចាក់ទឹកដែលបានរំងាស់រួចចូលក្នុងចានស្អាតមួយ រួចដាក់ម្ស៉ៅ Baking Soda មួយស្លាបព្រាតូច កូរច្របល់ចូលគ្នា ហើយយកមកអប់ទុកលើសក់មួយសន្ទុះ ទើបលាងទឹកស្អាតចេញ។ អ្នកនឹងភ្ញាក់ផ្អើលនឹងលទ្ធផលរបស់វាក្រោយពីបានអនុវត្តន៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]