(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានលិខិតអញ្ជើញពីសហព័ន្ធកីឡាយូដូថៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាយូដូលក្ខណៈអន្ដរជាតិមួយ នាខែសីហាខាងមុខ ប្រធានខេមរៈសហព័ន្ធយូដូកម្ពុជា បានដាក់ផែនការពង្រឹងការហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍នេះឲ្យបាន ។

លោក ឡាច វុទ្ធី ប្រធានខេមរៈសហព័ន្ធយូដូ បានឲ្យដឹងថា ឥលូវនេះចំពេញការប្រមូលផ្ដុំក្រុមជម្រើសជាតិស្រាប់ គឺកីឡាករ-កីឡាការិនីម្នាក់ៗ បាននឹងកំពុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមប្រកួតលើឆាកអន្ដរជាតិ ។ ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំកីឡាយូដូថៃ ក៏បានអញ្ជើញកីឡាយូកម្ពុជាទៅចូលរួមពានរង្វាន់អន្ដរជាតិមួយ នៅទីនោះ ដែលគ្រោងធ្វើនៅខែសីហាខាងមុខ ។

ប៉ុន្ដែយ៉ាងណានៅមិនទាន់ច្បាស់ពីពេលវេលាច្បាស់លាស់នោះទេ ព្រោះភាគីនៃប្រទេសសិង្ហបុរី បានស្នើប្រទេសថៃឲ្យពន្យាពេលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយូដូអន្ដរជាតិនេះ ដោយសារសិង្ហបុរី មានរៀបចំព្រឹត្តិការណ៍អន្ដរជាតិមួយក្នុងប្រទេសរបស់ខ្លួនដែរ ។ តែទោះជាបែបនេះក្ដី កីឡាករ-កីឡាការិនីយូដូកម្ពុជា នៅតែបន្ដការហ្វឹកហាត់ជានិច្ច ដើម្បីចូលរួមទោះពេលណាក៏ដោយ ។

លោកបានបញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍ប្រកួតកីឡាយូដូអន្ដរជាតិ នៅប្រទេសថៃនោះ គឺមានការចូលរួមពី​សំណាក់​សហព័ន្ធកីឡាយូដូទូទាំងតំបន់អាស៊ីមិនក្រោម ២០ប្រទេសឡើយ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនិងកីឡាយូដូកម្ពុជានេះ គួររំលឹកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទពីទីក្រុងឡុងដ៍ ថា កីឡាករយូដូកម្ពុជា ខុម រតនៈមុន្នី បាន ទទួលបរាជ័យ ក្រោមថ្វីដៃកីឡាករ ម៉ិកស៊ិកូ Nabor Castillo ដោយលទ្ធផល ០-១០ ។

ការប្រកួតបាន ធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១២ មកម្លេះ ជាការប្រកួតក្នុង ប្រភេទ ទម្ងន់ក្រោម ៦០គីឡូក្រាម ហើយក៏ជាការប្រកួតជម្រុះក្នុងវគ្គទី១ផងដែរ ។ កីឡាករណាចាញ់ នឹងត្រូវហាលអាវតែម្តង ។

នេះជាការកើនរំលឹកមួយដល់អត្តពលិករយូដូកម្ពុជា ដើម្បីឲ្យខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមបានរង្វាន់ជូនជាតិមាតុភូមិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]