បុរសខ្មែរ-អ៊ិស្លាមម្នាក់បើករថយន្តសាំងយ៉ុង ពណ៌ស មួយគ្រឿង រួមដំណើរដោយប្រពន្ធកូនបងប្អូនប្រុសស្រី ជាង១០នាក់បានក្រឡាប់ បណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៨នាក់រងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល ខណៈដែលពួកគេធ្វើដំណើរពីទីរួម ខេត្តបាត់ដំបងឆ្លងកាត់ខេត្តប៉ៃលិន ដើម្បីទៅចូលរួមពិធីមង្គលការបងប្អូន នៅស្រុកសំពៅលូន ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុឃើញ មនុស្សមាឌធំដឹកក្របី១នឹមកាត់មុខព្យាយាមគេច ក៏ក្រឡាប់តែម្តង។

អ្នករងរបួសធ្ងន់ទាំង៨នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Emergency ខេត្តបាត់ដំបង និង អ្នករបួសស្រាលសម្រាកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។ 
ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី២៥ សីហា ២០១២ តាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចផ្លូវកោងទល់មុខ ទីបញ្ជាការកងវរសេនាតូចលេខ៥៣៥ (បន្ទាយទាហានស្រែម្អម) ស្ថិតក្នុងភូមិស្រែម្អម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលស្រុកសាលាក្រៅឱ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ពណ៌ស មួយគ្រឿង បើកក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរក្នុងរថយន្ត ក្មេងចាស់ប្រុសស្រីជាង១០នាក់ ។ ខណៈមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតម្តងទៅស្តាំម្តងទៅឆ្វេង ក្រឡាប់នៅលើចិញ្ចើមផ្លូវតែម្តង ។ ម្ចាស់រថយន្តនេះឈ្មោះតាន់ តុងយ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិបាសែត ឃុំតាពុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]