(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ ជាមួយនឹងគម្រោងបើកសាលាបាល់ទាត់ ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​បាល់​ទាត់​អាស៊ី Keisuke Honda បានធ្វើការជំរុញដល់យុវជន​កម្ពុជា​គ្រប់​វ័យ ត្រូវ​មាន​ក្ដី​ស្រម៉ៃ​ឲ្យ​បាន​ខ្ពស់ បើ​សិន​ចង់​ក្លាយ​ជា​កីឡាករ​អាជីព ដែល​មាន​សមត្ថ​ភាព​អាច​លេង​ជា​មួយ​ក្លឹប​នៅ​តំបន់​អឺរ៉ុប​បាន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិទ្យាល័យឥន្ទ្រទេវី មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់​ខ្លួន​កីឡាករ Keisuke Honda បាន​និយាយ​ថា លោក​ចាប់​អារម្មណ៍វិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ន ពិសេស​អំឡុង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ កាលពីពេលថ្មីៗកន្លងទៅ គឺកីឡាករកម្ពុជា មានភាពរីកចម្រើនជាមុន ប៉ុន្ដែ​មិន​ទាន់​គ្រប់​គ្រាន់​ធ្វើ​ជា​កីឡាករ​អាជីព​នោះ​ទេ ។

កីឡាករអន្ដរជាតិរូបនេះ បានបន្ដថា ដើម្បីក្លាយជាកីឡាករអាជីព និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈានទៅប្រកួតលើឆាកអន្ដរ​ជាតិ ឬតំបន់អឺរ៉ុប កីឡាករម្នាក់ៗ ត្រូវមានការកំណត់គោលដៅជាមុន ។ លោកសង្កត់ធ្ងន់ថា «បើចង់ក្លាយជាកីឡាករអាជីព ត្រូវ​មាន​ក្ដី​ស្រម៉ៃ​ខ្ពស់ ទើបបំណងនោះទទួលបានជោគជ័យ ប៉ុន្ដែ​ក៏​ត្រូវ​មាន​ការ​ព្យាយាម​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ផង​ដែរ»។

ជាមួយនឹងការផ្ដល់ទស្សនៈជំរុញលើកទឹកចិត្តយុវជនកម្ពុជានេះ គឺស្របពេល Keisuke Honda គ្រោង​បើក​សាលា​បាល់​ទាត់​មួយ​ក្នុង​ប្រទេស​កម្ពុជានាពេលឆាប់ៗខាងមុខ ហើយលោកថែមទាំងប្ដេជ្ញាចិត្ត​បណ្ដុះ​បណ្ដាល​ក្មេងៗ​កម្ពុជា និងធ្វើឲ្យក្ដីស្រម៉ៃរបស់ពួកគេ​ក្លាយជាការពិត ដើម្បីរួមចំណែកលើកស្ទួយ​វិស័យ​បាល់​ទាត់​កម្ពុជា និង​ធ្វើ​ឲ្យ​ក្លឹប​បាល់​ទាត់​កម្ពុជា សម្បូរ​ទៅ​ដោយ​កីឡាករ​មាន​សមត្ថ​ភាព ហើយ​ក្លាយ​ជា​ក្លឹប​អាជីព ដែលអាចប្រកួតប្រជែងលើពិភពលោកបានទៀតផង ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]