នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ផលិតកម្មក្លាស៊ិក (Classic) ដែលមានលោក ហ៊ួរ សុផល ជាចាងហ្វាង បានបើកសម្ពោធជាផ្លូវការ នូវខ្សែភាពយន្ត ជាស្នាដៃទី៥ របស់ផលិតកម្មមួយនេះ ក្រោមចំណង ជើងថា "ទាយាទអារីយ៉ា" ដែលប្រព្រឹត្តទៅនៅរោងភាពយន្តលុច្ស។

ពិធីបើកសម្ពោធនេះ គេសង្កេតឃើញមាន វត្តមានរបស់លោក ថៃ នរៈសត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បករ-សិល្បការិនី ព្រមទាំងបណ្តាភ្ញៀវ កិត្តិយសជាច្រើននាក់ទៀត។

លោក ហ៊ួ សុផល ចាងហ្វាងផលិតកម្ម ក្លាស៊ិក បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តនេះ ជាស្នាដៃទី៥ សម្រាប់ឆ្នាំ២០១២ ហើយសាច់រឿងទាំងមូល យើងចង់និយាយ អំពីការស្នងទាយាទ ដែលខ្មែរយើងទូទៅ តែងមានជំនឿទៅលើអាបធ្មប់ ព្រាយបិសាច។ តែដោយឡែក សម្រាប់ការស្នងទាយាទ ក្នុងខ្សែភាពយន្តនេះ គឺយើងបានឲ្យ តួស្រីស្នងទាយាទ តាមរយៈសត្វក្អែប ជាសត្វអសិរពិស ពីមួយជំនាន់ទៅមួយជំនាន់ និងលាយឡំទៅដោយឈុតឆាកកំប្លែង ស្នេហា នឹងភ័យរន្ធត់ទៀតផង។

លោក ហ៊ួ សុផល រំពឹងថានឹងទទួលបានជោគជ័យ ព្រោះរាល់ការផលិតឡើង និងរាល់ស្នាដៃ របស់ផលិតក្លាស៊ិក តាំងពីរឿងទី១ រហូតដល់រឿងទី៥នេះ គឺមានទស្សនិកជនគាំទ្រច្រើន ពិសេសពីសំណាក់យុវវ័យ ហើយអ្វីដែល ផលិតកម្មក្លាស៊ិក ផលិតឡើងនេះ គឺដើម្បីតម្រូវចិត្តមហាជន និងមានគ្រប់រសជាតិ ក្នុងសាច់រឿង ដើម្បីតម្រូវលើ ទីផ្សារភាពយន្ត។ ក្នុងខ្សែភាពយន្តនេះ ត្រូវបានចំណាយអស់ថវិការ ប្រមាណជាង ៣ម៉ឺនដុល្លារ ក្នុងការផលិត និងប្រើរយៈពេល ៣ខែក្នុងការថត ដែលមាននៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ។

ដោយឡែកលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងកោតសរសើរ ចំពោះផលិតកម្មក្លាស៊ិក ដែលបានផលិតខ្សែភាពយន្ត លើកស្ទួយឲ្យវិស័យសិល្បៈ វប្បធម៌ខ្មែរ និងទទួលបាន ជោគជ័យ ជាបន្តបន្ទាប់ ទោះបីជាមានការរិះគន់ ពីមហាជនយ៉ាងណាក្តី តែវាប្រសើរជាងយើង អង្គុយនៅស្ងៀម មិនធ្វើអ្វីទាំងអស់។

លោកបានបន្ថែមទៀតថា ជួនកាលមានការរិះគន់ ថាអញ្ចេះ ថាអញ្ចុះ ប៉ុន្តែអ្នករិះគន់នោះ មិនបានផលិតរឿងណា មួយចេញនោះទេ។ ផលិតកម្មក្លាស៊ិក បានឆ្លងកាត់ នៅការលំបាក ទំរាំសម្រេចបាន ស្នាដៃនីមួយៗ ប្រកបដោយជោគជ័យ ហើយសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ ងាកមកជួយគាំទ្រខ្សែ ភាពយន្តខ្មែរ ដែលផលិតឡើង ដោយកូនខ្មែរ លើកស្ទួយវប្បធម៌ខ្មែរ។

លោកបន្តថា ជាពិសេសក្នុងផលិតកម្មនេះ យើងឃើញថា គឺសុទ្ធតែប្អូនៗ ក្មួយៗ មានវ័យក្មេងៗ ដែលចេះមានគំនិតដឹកនាំ និងផលិតរឿងបានសម្រេច។ នេះជាការ បង្ហាញឲ្យឃើញ នូវសមិទ្ធផល ហើយលោកក៏បានថ្លែងកោតសរសើរ ចំពោះលោក ហ៊ួ សុផល និងតារាសម្តែង ទាំងស្រីទាំងប្រុស ក្នុងខ្សែភាពយន្តនេះ សូមប្រសិទ្ធពរជ័យ ជួបតែសុភមង្គល និងជោគជ័យ ក្នុងការចាក់បញ្ចាំង ខ្សែភាពយន្តរឿង "ទាយាទអារីយ៉ា" នេះ។

រឿង "ទាយាទអារីយ៉ា" នឹងត្រូវចាក់បញ្ចាំង រយៈពេលពីរសប្តាហ៍នៅរោងភាពយន្ត លុច្ស និងជាស្នាដៃទី៥ របស់ផលិតកម្មក្លាស៊ិក ដែលរឿងកន្លងមកមានដូចជា កូនភ្លោះខ្ទើយចម្លែក, សុគន្ធ ថេរ៉ាយុ លងបះសក់, អាបកាលីប ០០៩ និងរឿង ព្រះនាងព្រិលស៕

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ