អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន អមដំណើរដោយ លោកចៅសង្កាត់ស្ទឹងមានជ័យ សេង សាញ់ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ នេះ បាននំាយកថវិកា និង អំណោយមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយផ្ទះរបស់គាត់បានស្រុត និងទ្រេត ចូលទឹក កាលពីយប់រំលងអធ្រាត្រ ដែលធ្វើឲ្យពួកគាត់មានលំបាកក្នុងការរស់នៅ។

សកម្មភាពខាងលើនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយ លោកអភិបាលខណ្ឌមានជ័យ គួច ចំរើន និងមន្រ្តីក្រោមឱវាទ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

យោងតាមមន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដែលរងគ្រោះដោយសារតែ ស្រុត និងទ្រេតនោះ គឺក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន ១០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ ដូចជា ចាន ឆ្នំាំង និងគ្រឿងឧបភោគ បរិភោគ ចំនួន២០មុខ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលរងគ្រោះខាងលើនេះ លោកអភិបាលខណ្ឌមានជ័យ បានសុំឲ្យជនរងគ្រោះទាំងនេះ ប្រញាប់កសាងផ្ទះឡើងវិញ ដើម្បីងាយស្រួល រស់នៅ ចៀសវាងការលំបាកយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ ប្រជាពលរដ្ឋចំនួន ២ គ្រួសារ រួមមាន ឈ្មោះ រឿង សុវណ្ណ ដែលផ្ទះរបស់គាត់ ធ្វើពីឈើ ប្រកស័ង្កសី បានស្រុតចូលទឹក និងឈ្មោះ អាត ម៉េងហ៊ួន ដែលផ្ទះរបស់គាត់ បានទ្រេតចូលទឹក ស្ថិតនៅក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយពីមានហេតុការណ៍នេះ កើតឡើង លោកចៅសង្កាត់ សេង សាញ់ បានធ្វើរបាយការណ៍ និងរាយការណ៍ ភ្លាមៗ ជូនដល់លោកអភិបាលខណ្ឌ ដើម្បីនាំយក អំណោយ និងថវិកា ជូនដល់ជនរងគ្រោះជាបន្ទាន់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្ន ចំពោះលំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតនៅតាមមាត់ទន្លេ និងមាត់ទឹក ចៀសវាងការស្រុត និងទ្រេត នាំឲ្យជួបផលវិបាកយ៉ាងខ្លាំង៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]