ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យអន្តរជាតិ (IU) ជាង២០០នាក់ បានតវ៉ានៅមុខសាកលវិទ្យាល័យនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ដោយពួកគេកើតទុក្ខ មិនសុខចិត្តរឿងប្រឡងសង មួយមុខវិជ្ជា តំរូវឱ្យបង់រហូតទៅដល់ ១២០ដុល្លារ ដែលចំនួននេះវាច្រើនលើសលុបហួស ពីលទ្ធភាពរបស់និស្សិត។

តាមការអះអាងពីលោក សុវណ្ណ ថាជាអ្នកតំណាងនិស្សិតតវ៉ាជាង២០០នាក់នោះ បាននិយាយឱ្យដឹងថា និស្សិតទាំងអស់ ធ្វើការតវ៉ាទៅលើ៣ចំណុច ទី១. សូមឱ្យសាលាយកតម្លៃបង់ប្រឡងសងមួយមុខវិជ្ជាតែ២៥ដុល្លារប៉ុណ្ណោះបានហើយ។ ២.តម្រូវឱ្យសាលាផ្តល់មូលហេតុឱ្យបានច្បាស់ចំពោះអ្នកដែលបានពិន្ទុសូន្យ និងទី៣. តម្រូវឱ្យសាលាបន្ថែម២៥ពិន្ទុ ទៅលើពិន្ទុធ្លាក់របស់ពួកគេ។

លោក សុវណ្ណ បានលើកឡើងថា “សាលា បានឱ្យពួកយើងខ្ញុំ បង់ថ្លៃប្រឡងសងចំនួន១២០ដុល្លារ ក្នុងមួយមុខវិជ្ជា ហើយនិស្សិតរបស់យើងខ្ញុំ ធ្លាក់ប្រហែល ជាង២០០នាក់ អ្នកដែលធ្លាក់៤មុខវិជ្ជា អញ្ចឹងម្នាក់ត្រូវបង់៤៨០ដុល្លារ តែចំពោះសាលារដ្ឋ អត់មានការបង់លុយប្រឡងសង ឬប្រឡងចេញនោះទេ។

ចំពោះតម្លៃទិញឌឺម៉ង់ប្រឡងសង តម្លៃសុទ្ធតែ១០០ដុល្លារដែលខ្ពស់ពេក ដោយចំនួននិស្សិតទិញឌឺម៉ង់ប្រឡងសង មានរហូតដល់៧០០នាក់ គឺជាង៧ម៉ឺនដុល្លារ។ បើយើងមិនបង់លុយប្រឡងសងទេ សាលាមិនដោះស្រាយឱ្យយើងទេ យើងអាចអត់បានសញ្ញាបត្រ ឬក៏ម៉េចៗ ស៊ីសងនឹងសាលា ពីព្រោះគេមិនទាន់និយាយជាមួយយើងទេ”។

អ្នកតំណាងនិស្សិតតវ៉ារូបនេះ បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា ការបង់ប្រាក់សម្រាប់ប្រឡងសងនេះ មិនមែនជារឿងថ្មីសម្រាប់សាលានេះឡើយ ដោយសារវាបានកើតឡើងជាយូរមកហើយ ប៉ុន្តែនិស្សិតជំនាន់មុនៗ មិនហ៊ានតវ៉ា ពីព្រោះពួកគេ បង់តែ៧០ ឬ ៨០ដុល្លារតែប៉ុណ្ណោះ។ លើសពីនេះ អ្នកតំណាងនិស្សិត បានគំរាមថា បើសិនជាមិនមានដំណោះស្រាយសម្រាប់ពួកគេទេ និស្សិតទាំងអស់នឹងនាំគ្នាទៅមុខផ្ទះសម្តេចតេជោ ហ៊ុន សែន រកការជួយអន្តរាគមន៍។

និស្សិតឆ្នាំទី៦ដែលត្រូវប្រឡងបញ្ចប់ឆ្នាំ កញ្ញា ដានី បាននិយាយឱ្យដឹងថា កញ្ញា ពិតជាមិនពេញចិត្តចំពោះការយកថ្លៃប្រឡងសងដ៏ច្រើនបែបនេះ ហើយចំពោះពិន្ទុប្រឡងវិញ កញ្ញា ហាក់ដូចជាហួសចិត្ត ដោយសារតែ កញ្ញា ដឹងច្បាស់ថា នៅក្នុងសាលានរណារៀនពូកែ ឬមិនពូកែ ប៉ុន្តែដល់ពេលចេញលទ្ធផលប្រឡង អ្នកដែលរៀនពូកែ បែរជាមិនអាចទទួលយកបាន។

បន្ទាប់ពីក្រុមនិស្សិត បានធ្វើការតវ៉ាមួយប្រាវ និងមានការពិភាក្សារវាងនិស្សិត និងភាគីខាងសាលាមក ដំណោះស្រាយនៅតែគ្មានសម្រាប់ក្រុមនិស្សិតទាំងនោះ ដោយសារ សាលា នឹងបញ្ចូនសំណើរបស់និស្សិតទៅកាន់នាយកសាលា ហើយរង់ចំាចម្លើយនៅថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងសុំការបំភ្លឺពាក់ព័ន្ធនឹងការតវ៉ានេះពីភាគីសាកលវិទ្យាល័យអន្តរជាតិ ប៉ុន្តែពុំទាន់មានការឆ្លើយតបពីគណៈគ្រប់គ្រងសាលា ឬអ្នកពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]