(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ Keisuke HONDA មកកាន់ប្រទេសកម្ពុជា បាន​បញ្ចប់​ហើយ ប៉ុន្ដែ​កីឡាករ​ជម្រើស​ជាតិ ជប៉ុន​រូប​នេះ បាន​សម្លឹងឃើញភាពរីកចម្រើនជាច្រើន នៃ​វិស័យ​បាល់​ទាត់​កម្ពុជា តែ​ស្ថិត​ក្នុង​កម្រិត​មួយ​នៅ​ឡើយ ។ ហេតុ​នេះ​កម្ពុជា​ចាំ​បាច់​ត្រូវ​ខិត​ខំ​អភិវឌ្ឍន៍​បន្ថែម​ទៀត ទើបបាល់ទាត់អាចរីកចម្រើនខ្លាំងជាងនេះ ពោលគឺយ៉ាងហោចណាស់​ក៏​ប្រើ​ពេល ១០​ឆ្នាំ​ទៀត​ដែរ ។

ការថ្លែងរបស់ខ្សែប្រយុទ្ធក្លឹប AC Milan រូបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំឡុង​ពេល​ទស្សន​កិច្ច​នៅ​វិទ្យា​ល័យ ឥន្ទ្រ​ទេវី​ម្សិល​មិញ ។ Keisuke HONDA បាននិយាយថា «ជប៉ុន ចូលប្រកួត World Cup លើកដំបូង នៅឆ្នាំ១៩៩៨ គឺជិត ២០ឆ្នាំមកហើយ ប៉ុន្ដែខ្ញុំក៏មិនធ្លាប់ស្រម៉ៃដែរ ។ ដូច្នេះប្រសិនបើថ្នាក់ដឹកនាំ និងកីឡាករកម្ពុជាបន្ដការខិតខំកាន់តែខ្លាំង ខ្ញុំអាចនិយាយបានថា ១០ឆ្នាំទៀត នឹងរីកចម្រើនខ្លាំងដែរ» ។

ជុំវិញការលើកឡើងនេះដែរ គឺស្របពេល Keisuke HONDA មកសិក្សាគម្រោងបើកសាលាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បណ្ដុះ​បណ្ដាល​ក្មេងៗ​នៅ​ទី​នេះ ឲ្យមានសមត្ថភាព និងមានបច្ចេកទេសលេងបាល់ស្របតាមស្ដង់ដាកីឡាករអាជីព ដែល​អាច​ប្រកប​អាជីព​ជា​មួយ​ក្លឹប​នៅ​តំបន់​អឺរ៉ុប​បាន ។ លើសពីនេះ HONDA ក៏នឹងផ្ដល់បទពិសោធន៍ដល់កីឡាករកម្ពុជា ដែល​កំពុង​មាន​ភាព​ខ្វះ​ខាត​ផង​ដែរ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ កាលពីម្សិលមិញនេះ គួររំលឹកផងដែរថា កីឡាករលំដាប់កំពូលនៃជម្រើសជាតិជប៉ុន Honda បានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយលោកបានចូល​ជួប​សំដែង​ការ​គួរ​សម ជា​មួយ​នឹង​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​ទី​ស្នាក់​ការ​អាវុធ​ហត្ថ ទួល​គោក ដើម្បី​ពិភាក្សា​ការ​ងារ​មួយ​ចំនួន មុន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​បង្ហាញ​បច្ចេក​ទេស​បាល់​ទាត់ នៅ​តារាង​ស្ថិត​ក្នុង​វិទ្យា​ល័យ​ឥន្រ្ទ​ទេវី កាលពីពេល​រសៀល​ម្សិលមិញនេះ៕

សូមបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជាហើយ  តាមជើងហោះហើរ EVA Air ច្រកទ្វារ VIP កាលពីថ្ងៃទី០៩ មិថុនា ម្សិលមិញនេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេងបាល់ទាត់ កីឡាករក្មេងៗកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]