លោកវង្ស សុភ័ក្រ ហៅធីអូ គឺជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាស ដែលពីមុនជាសមាជិកនៅក្នុងក្រុមយូធូភា ។ ក្រោយពេលចាកចេញពីក្រុមយូធូភា មក លោក សុភ័ក្រ ត្រូវផលិតកម្មរស្មីហង្សមាសទាក់ទងឱ្យចូលច្រៀង ដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ។ គិតមកដល់ពេលនេះលោកសុភ័ក្រ នៅហង្សមាសបានរយៈពេលកន្លះឆ្នាំហើយ ។

ក្រៅពីអាជីពច្រៀង និងបង្កើតក្បាច់រាំ លោកធីអូ ជានិស្សិតសិក្សាផ្នែក IT  ហើយពេលនេះបន្តថ្នាក់អនុបណ្ឌិតទៀត ។ ឆ្លៀតពីការសិក្សា និងច្រៀង តារាចម្រៀងថ្មីរូបនេះ ក៏ទៅជួយលក់នំអន្សមម្តាយនៅផ្សារអូរប្ញស្សីផងដែរ ។ តារាចម្រៀងវង្ស សុភ័ក្រ ពីមុនសិក្សា នៅវិទ្យាល័យព្រះយុគន្ធរ និងបន្ទាប់មកបន្តចូលសិក្សានៅមហាវិទ្យាល័យផ្នែក IT។  លោកធីអូ ធ្លាប់ដាក់ពាក្យប្រឡងនៅស្ថានីយទូរទស្សន៍  CTN ក្នុងកម្មវិធីស្រីស្រស់ប្រុសស្អាត តែមិនជាប់ចំណាត់ថ្នាក់ទេ ។ ក្រោយមកលោកធីអូ ជួបជាមួយមិត្តភក្តិនៅក្រុមយូធូភា និងបានបង្កើតក្រុមជាមួយគ្នា ដោយពីដំបូងបង្កើតក្បាច់រាំ ។ ដោយមានការមមាញឹកនឹងការរៀនសូត្រពេក តារាចម្រៀងថ្មីនេះក៏ដកខ្លួនចេញពីក្រុមយូធូភា ហើយលោកគិតថា ជីវិតសិល្បៈប្រហែលជាត្រូវចប់ហើយ ។

ក្រោយពីលាឈប់ពីក្រុមយូធូភា បានកន្លះឆ្នាំលោកសុភ័ក្រ ត្រូវផលិតកម្មហង្សមាសទាក់ទងឱ្យចូលច្រៀង ។ គិតដល់ពេលនេះ លោកទើបតែច្រៀងបានចំនួន២បទប៉ុណ្ណោះ គឺបទ «Let’s Boom និងបទ Tonight I am Loving you»។ ទាំងពីរបទនេះ គឺ
លោកច្រៀងលាយជាមួយកញ្ញាពេជ្រ សោភា និងលោកឆន សុវណ្ណរាជ ។ ក្រុមរបស់លោក មានគ្នាចំនួន៥នាក់ គឺស្ទែប ផល ជីមី ជីឃេ និងរូបលោក ហើយនាពេលឆាប់ៗខាងមុខនឹងមានបទចម្រៀងចេញរួមក្រុមនេះ ។

លោកធីអូ និយាយថា កន្លងមកលោកធ្លាប់មានអ្នកគាំទ្រ សំណូមពរឱ្យច្រៀងតែម្នាក់ឯង តែលោកមិនទាន់មានឱកាសគ្រប់គ្រាន់ បូករួមទាំងសំឡេងនៅមានកម្រិតនៅឡើយ គឺមិនទាន់អាចបំពេញបំណងនោះបានទេ ។ លោកធីអូ ក៏ចង់ច្រៀងម្នាក់ឯងដែរព្រោះលោកគិតថា ការច្រៀងម្នាក់ឯងអាចទាក់ទាញ ការចាប់អារម្មណ៍ពីប្រិយមិត្តអ្នកស្តាប់ និងអាចស្វែងយល់បានច្បាស់ពីសំឡេងខ្លួន
ឯង ។

ក្រៅពីចំណាយពេលលើការសិក្សា ការហាត់ច្រៀង ពេលទំនេរលោកវង្ស សុភ័ក្រ ឆ្លៀតទៅជួយលក់នំអន្សមម្តាយនៅឯផ្សារអូរប្ញស្សី ។ លោកធីអូ គឺជាតារាចម្រៀងដែលមិនលាក់ពីប្រវត្តិផ្ទាល់ខ្លួនទេ ខុសពីអ្នកសិល្បៈមួយចំនួន។  អ្នកខ្លះមានម្តាយជាអ្នកលក់កាហ្វេ បែរជាបង្ខំឱ្យម្តាយលក់ផ្ទះ ដើម្បីយកមកទិញម៉ូតូស៊េរីទំនើបជិះយ៉ាងសង្ហា ហើយសុខចិត្តជួលផ្ទះគេនៅ ។ ពេលម្តាយចង់ទៅណាក៏មិនឌុបទៅដែរ គឺឱ្យម្តាយជិះម៉ូតូឌុប និងមិនហ៊ានប្រាប់ពីប្រវត្តិផ្ទាល់ខ្លួនឱ្យគេដឹងទេ ។

លោកវង្ស សុភ័ក្រ មិនមានវង្សត្រកូលជាអ្នកសិល្បៈទេ តែហេតុតែស្រឡាញ់សិល្បៈខ្លាំងពេក ទើបលោកទៅហាត់ច្រៀង នៅក្លឹបសិល្បៈមួយរយៈពេលជិតមួយឆ្នាំ កាលពីឆ្នាំ២០០៩ មុនពេលចូលក្រុមយូធូភា ។ លោកវង្ស សុភ័ក្រ មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ ។ ម្តាយលោកឈ្មោះសុខ ផល្លី ជាអ្នកលក់នំអន្សម ឪពុកឈ្មោះវង្ស សុធា ធ្វើការនៅកំពង់ផែភ្នំពេញ ។ លោកមានបងប្អូន៣នាក់ ក្នុងនោះប្រុស២នាក់ ។តារាចម្រៀងថ្មីនេះ ពុំទាន់លេចធ្លោក្នុងអាជីពរបស់ខ្លួនទេ តែនឹងខិតខំដើម្បីភាពរីកចម្រើននាពេលខាងមុខ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]