រឿងដែលមិនគួរអោយជឿបែបនេះ ប្រហែលជាធ្លាប់តែមានក្នុងរឿងព្រេង ឬក៏ក្នុងខ្សែរភាពយន្តតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្មីៗនេះ បុរសម្នាក់ដែលរស់នៅក្នុងទីក្រុងប៉េកាំង បានឡើងជិះលើឡានតាក់ស៊ីមួយ នឹងត្រូវបានមុតជាមួយនឹង ម្ចុលសំរាប់ចាក់ថ្នាំមួយដែលបានជាប់នឹងកៅអីឡានផ្នែកខាងមុខ។ ម្ចុលនោះវាបាន ចាក់ចំលើជង្គង់របស់គាត់។ ហើយនៅពេលដែលគាត់បានឃើញនៅក្នុង ម្ចុលចាក់ថ្នាំនោះមានដូចជាសារធាតុ រាវអ្វីម៉្យាងនៅក្នុងនោះ គាត់ចាប់ផ្តើមមានការព្រួយបារម្ភ និងបានទៅពេទ្យដើម្បីពិនិត្យ។

បុរសម្នាក់ដែលមាននាមត្រកូល Xu មិនយូរប៉ុន្មានក៏បានទទួលលទ្ធផលថា នៅក្នុងម្ចុលនោះមានផ្ទុកមេរោគអេដស៍។

ចំពោះលទ្ធផលនេះ វាបានធ្វើអោយ Xu មានអារម្មណ៍តក់ស្លុតជាខ្លាំង។ ប៉ុន្តែគាត់បានទទួលដំណឹងពីរ ដែលមួយជាដំណឹងល្អ និងមួយទៀតជាដំណឹងអាក្រក់។

លទ្ធផលធ្វើតេស្តឈាមរបស់គាត់ បញ្ជាក់ថាគាត់គ្មានផ្ទុកមេរោគអេដស៍នោះទេ ប៉ុន្តែគាត់ត្រូវធ្វើការពិនិត្យឈាម ពីរ ឬ បីដងទៀតដើម្បីអោយប្រាកដក្នុងចិត្ត។ ចំពោះដំណឹងអាក្រក់សំរាប់គាត់ វិញគឺ ក្រោយពីដឹងថាគាត់ប្រហែលជានឹងអាច មានផ្ទុកមេរោគអេដស៍ មិត្តស្រីរបស់គាត់បានផ្តាច់ទំនាក់ទំនង ជាមួយគាត់។

ម្ចាស់តាក់ស៊ីបាននិយាយថា នៅថ្ងៃនោះគឺគាត់បានដឹកភ្ញៀវស្រីចំនួន ៣នាក់មុនបុរសម្នាក់នេះ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ ថាមានអ្វីគួរអោយសង្ស័យនោះទេ។

ប៉ូលីសបានបដិសេធមិនធ្វើការស៊ើបអង្កេត ចំពោះរឿងនេះ ដោយលើកហេតុផលថា នេះគ្រាន់តែជាឧបទ្ទវហេតុ ដែលគ្មាននរណាម្នាក់ចង់អោយកើតឡើង នោះទេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]