Jeffrey Johnson អាយុ ៥៨ ឆ្នាំ ដែលជាអ្នករចនាអាវយឺត បានបាញ់សម្លាប់អតីតមិត្តរួមការងារលោក Steve Ercolino អាយុ ៤១ ឆ្នាំ ដែលជាអនុប្រធានក្រុមហ៊ុនផលិត ខោអាវ Hazan Import Corp ម្នាក់ ចំនួន ៥ គ្រាប់ នៅទីក្រុង New York នាថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១២។ ក្រោយមកលោក Jeffrey Johnson ត្រូវបានប៉ូលីសក្រុង New York បាញ់សម្លាប់នៅពេលគាត់កំពុងដើរលើផ្លូវមួយ ក្បែរអាគារ Empire State ដ៏ល្បីឈ្មោះ ។ ទិដ្ឋភាពនៃការបាញ់សម្លាប់បានថតជាប់ដូចខាងក្រោម ។

តាមព័ត៌មាន AP លោក Jeffrey Johnson មានគំនុំជាមួយ លោក Steve Ercolino ដោយចោទលោក Ercolino ថាមិនបានជួយផ្សព្វផ្សាយស្នាដៃរចនារបស់គាត់ឲ្យអស់ពីចិត្ត ។ លើសពីនេះទៅទៀតលោក Johnson ត្រូវបានក្រុមហ៊ុនបណ្ដេញចេញពីការងារទៀត ។ លោក Johnson បានពួនរងចាំលោក Ercolino នៅក្រៅកន្លែងធ្វើការ ពេលឃើញលោក Ercolino ដើរចូលអាគារ លោក Johnson បានលេចចេញនិងបាញ់លោក Ercolino មួយគ្រាប់ចំក្បាលរួចបាញ់ចំនួន ៤ គ្រាប់បន្ថែមទៀត។ បន្ទាប់ពីសម្លាប់លោក Ercolino រួច Johnson បានដើរចេញពីកន្លែងកើតហេតុធ្វើប្រងើយ មកដល់ចំណុចមួយក្បែរ អាគារ Empire State ប៉ូលីស ២ នាក់ដែលទទួលព័ត៌មានពីឃាតកម្ម បានរត់ទៅឃាត់ខ្លូនលោក Johnson ប៉ុន្ដែមិនទាន់បាននិយាយអ្វីមួយម៉ាត់ផង លោក Johnson បែរក្រោយទាញអាវុធចេញ រកបាញ់ប៉ូលីសទាំង ២ នាក់ ប៉ូលីសបានដក់អាវុធយ៉ាងលឿន បាញ់សំដៅមកលើលោក Johnson ភ្លាមៗ ធ្វើឲ្យលោក Johnson ដួលស្លាប់នៅនឹងកន្លែង ។ ប៉ូលីសបានបាញ់ចំនួន ១៦ គ្រាប់ ក្នុងទីដែលមានមនុស្សខ្នាន់ខ្នាប់ ធ្វើឲ្យមនុស្ស ៩ នាក់បានរងរបួសផងដែរ៕

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]