ខេត្តកណ្តាល ៖ ​បុរស​​​ម្នាក់​ត្រូវបានប៉ូលិស​​​ស្រុក​លើកដែក​​​​ចាប់ខ្លួន​បញ្ជូនទៅ​​កាន់សាលា​ដំបូង​ខេត្ត​ កាលពី​រសៀល​ថ្ងៃទី២៤ កុម្ភៈ​​​ បន្ទាប់​ពី​​បុរសនោះ​​មានទំនាស់ក្នុងគ្រួសារ​​​ ហើយទាត់​ប្រពន្ធ​មួយជើង​​ខុស​​ទៅត្រូវ​កញ្ចឹងក​កូន​ស្រី​អាយុ​៥​ឆ្នាំ​​បណ្តាលឱ្យស្លាប់​ភ្លាមៗ ។ ​ហេតុការណ៍នេះ​កើតឡើង​កាលពីម៉ោង​​៨ និង​៥៥​នាទី​យប់នៅ​​រោង​ស្នាក់នៅ​​​រកត្រី​​ចំណុច​ទួល​ភូមិព្រែកតា
មាស ក្នុងភូមិស្ពានដែក ​ឃុំព្រែក​ទន្លាប់ ស្រុក​លើកដែក ។

មន្ត្រី​ប៉ូលិសបាន​ឱ្យ​ដឹងថា បុរសដែល​​ត្រូវ​បាន​ចាប់ខ្លួនឈ្មោះ​សេង ធឿន ​អាយុ​៤៦​ឆ្នាំ ​​​ជាអ្នកនេសាទ ​ចំណែ​កូនស្រី​ដែលឪពុក​​ទា​ត់​ត្រូវ​​មួយជើង​​​ចំកញ្ចឹងកស្លាប់ឈ្មោះ​ធឿន សុខម៉េង ​​​អាយុ​៥ឆ្នាំ ​​ម្តាយឈ្មោះ​​ហួន សារឹម ​អាយុ​២៩​ឆ្នាំ ​។ ​គ្រួសារ​នេះ​បាន​មកស្នាក់នៅ​ក្នុងភូមិ-ឃុំ​កើត​ហេតុ​​ មានស្រុកកំណើតភូមិឃ្លាំង​​ខាង​កើត​​ ឃុំលើកដែក ស្រុកកោះធំ​ ។ បើតាម​ស្ត្រី​​​​ឈ្មោះ​ហួន សារឹម ជាប្រពន្ធ ​បានរៀបរាប់​ប្រាប់​ប៉ូលិស​​ថា ​​​នៅយប់កើត​ហេតុ​​​ ប្តីគាត់ឈ្មោះសេង ធឿន ​បាន​ដេញ​កូនស្រីរងគ្រោះ ​ឱ្យចូលដេក ​​ប៉ុន្តែ​​កូន​មិន​ព្រមចូល​ដេក ក៏យក​រំពាត់​ប្ញស្សី​​វាយកូន៣-៤​​រំពាត់ ធ្វើឱ្យកូនយំទ្រហឹង ​​​ឃើញ​បែបនេះ​​ គាត់បាន​ឃាត់​កុំ​ឱ្យ​​​​វាយ​ទៀត ​ក៏ទាស់់​​ពាក្យ​​សម្តី​ជាមួយគាត់​​​​បន្តិច​​បន្តួច ។ ​​ពេលនោះ​គាត់ខឹង​ ក៏បាន​វាយប្តី​​​​ចំនួន២ដៃ ឯ​កូនស្រី​​រង​គ្រោះ​នៅ​យំអោប​ជើង​គាត់ ភ្លាមនោះ​ប្តីគាត់​បាន​ទាត់គាត់​​​មួយជើង តែ​​​មិនត្រូវ​បែរ​ជាទៅ​ត្រូវ​ចំកញ្ចឹងក​​​កូន​ស្រី បណ្តាលឱ្យ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តងទៅ ។

បុ​រសឈ្មោះ​សេង ធឿន បាន​ឆ្លើយសារ​ ភាព​​​ប្រាប់ប៉ូលិសថា ​​ខ្លួនពិត​ជា​គ្មានចេតនា​​​​ទាត់​សម្លាប់​កូន​ស្រីជាទីស្រឡាញ់​របស់ខ្លួននោះទេ ​​​ទោះបីជា​​ជីវភាព​ទី​ទ័លក្រ​​​ប្រកប​​​​របរ​រើស​ខ្យង​​​​លក់​​ក៏ដោយ គាត់​​គ្រាន់តែវាយ​ដោយ​រំពាត់​ ដើម្បី​ប្រដៅ​តែប៉ុណ្ណោះ ​​​តែ​ប្រពន្ធគាត់​​​កាន់ជើង​កូន​ ហើយ​បានវាយគាត់​ជាច្រើនដៃធ្វើឱ្យ​គាត់ទ្រាំ​​មិនបាន ក៏ទាត់ប្រពន្ធមួយជើង​ ​​​តែ​​ប្រពន្ធ​គាត់​គេចផុត ​ក៏ទៅត្រូវ​ចំកញ្ចឹង​ក​កូនស្រីស្លាប់តែ​ម្តង ។

នៅព្រឹកថ្ងៃទី២៤ កុម្ភៈ​ ស្ត្រីជាប្រពន្ធ​បានមក​តាម​ប្តី​ដែល​ត្រូវបានចាប់ខ្លួន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ដើម្បី​សុំដកពាក្យបណ្តឹង ​​វិញ​ ដោយ​យល់ថា​ បើប្តី​ត្រូវជាប់ឃុំ​​​គ្មាន​អ្នកណា​​ជួយ​រក​​ស៊ីចិញ្ចឹម​កូនតូចៗ​២នាក់ទៀតនៅផ្ទះ ហើយ​រឿង​​​​ដែល​កើតឡើងនេះ ជា​​រឿង​អចេតនា​តែ​ប៉ុណ្ណោះ ។ ​​ទោះ​បីជា​បែបណា ​​​ប៉ូលិស​​មិន​យល់​ព្រម​​ដោះលែង​បុរស​ជាប្តី​ទេ គឺ​បាន​​​​បញ្ជូនទៅ​ឱ្យ​តុលាការ​​ចាត់ការបន្ត​​​តាម​នីតិ​វិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]