ចិន៖ កាលពីពេលថ្មីៗនេះ ប៉ូលិសបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីស្រ្តីជនជាតិចិនម្នាក់ បង្ហោះវីដេអូឃ្លីប បង្ហាញឲ្យឃើញពីខ្លួននាង កំពុងហូបរបស់ចម្លែកៗ ដូចជា ត្រីកន្ទុយបីរស់ អន្ទង់រស់ ដង្កូវរស់ អំពូលភ្លើង និងសូម្បីតែ ដើមដំបងយក្ស ក៏នាងហូបដែរ។

រូបភាព៖ អ្នកស្រី Feng កំពុងហូបអំពូលភ្លើង

ប៉ូលិសបានឲ្យដឹងថា ស្រ្តីរូបនោះ បានថតវីដេអូផ្សាយផ្ទាល់ (Live) បង្ហាញពីសកម្មភាព ហូបរបស់ចម្លែកៗ នៅលើកម្មវិធីមួយ ឈ្មោះថា «Kuaishou» ឬ «Quick Hand» ដោយប្រើប្រាស់គណនីឈ្មោះថា «Chihuo Fengjie» ដែលមានន័យថា «បងស្រី Feng ហូបរបស់គ្រប់យ៉ាង»។

ទោះបីជាយ៉ាងណា មានមនុស្សមួយចំនួន បានចោទប្រកាន់ស្រ្តីរូបនោះថា នាងគ្រាន់តែបំភាន់ភ្នែកគេ ដើម្បីទាក់ទាញគេ ឲ្យចុចមើល តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សកម្មភាពហូបរបស់ចម្លែកៗ របស់អ្នកស្រី Feng បានទាក់ទាញមនុស្សជាច្រើន ឲ្យមក Follow គណនីរបស់គាត់ រហូតដល់ទៅ ជិត ៣០០,០០០នាក់ឯណោះ។

រូបភាព៖ អ្នកស្រី Feng កំពុងហូបដង្កូវរស់

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមដ៏ល្បី របស់ប្រទេសចិន Weibo អ្នកស្រី Feng មានចំនួនអ្នក Follow រហូតដល់ទៅ ១១០,០០០នាក់ និងបានបង្ហោះវីដេអូ ដែលបង្ហាញពី សកម្មភាពហូបរបស់ចម្លែកៗ ច្រើនជាង ៣០វីដេអូ រួចមកហើយ។

បើយោងតាមគណនីរបស់ អ្នកស្រី Feng បានឲ្យដឹងថា គាត់មានវ័យ៤៨ឆ្នាំ រស់នៅក្នុងទីក្រុង Handan ប្រទេសចិន ហើយចំណង់ចំណូលចិត្ត របស់អ្នកស្រី គឺហូបរបស់ចម្លែកៗ ដែលមនុស្សធម្មតា មិនអាចហូបបាន ខណៈរូបភាពគណនី (Profile Picture) របស់អ្នកស្រីគឺបង្ហាញឲ្យឃើញ អ្នកស្រី Feng កំពុងឈរកាន់ សត្វអន្ទង់រស់មួយក្បាល និងខាំក្បាលរបស់វាហូប។

រូបភាព៖ អ្នកស្រី Feng កំពុងហូបអន្ទង់រស់

អ្នកស្រី Feng កំពុងតែបង្កើន ការចាប់អារម្មណ៍ខ្លាំងឡើងៗ ដោយបានថតវីដេអូផ្សាយផ្ទាល់ បង្ហាញឲ្យឃើញ ពីអ្នកស្រីផ្ទាល់ យកបារីជាច្រើនដើម ញាត់ចូលក្នុងច្រមុះ និងមាត់ ហើយថែមទាំងហូបបារី ដែលកំពុងតែឆេះ ទាំងនោះទៀតផង។ ជាងនេះទៅទៀត អ្នកស្រីហ៊ានយកផ្លែឪឡឹក មកបោកនឹងក្បាល ចង់ដឹងថា តើក្បាលអ្នកស្រីរឹង ឬផ្លែឪឡឹករឹងជាង ទៀតផង។

រូបភាព៖ អ្នកស្រី Feng កំពុងយកបារី មកញាត់ច្រមុំ និងមាត់

គួរបញ្ជាក់ផងដែរថា ដោយសារតែវីដេអូ របស់អ្នកស្រី Feng កាន់តែល្បីឡើងៗ ហើយសកម្មភាពរបស់អ្នកស្រី ក៏រឹតតែមិនគួរឲ្យជឿ និងគ្រោះថ្នាក់ទៀតនោះ ប៉ូលិសក្នុងទីក្រុង Handan បានបើកការស៊ើបអង្កេត ចំពោះសកម្មភាព របស់អ្នកស្រីតែម្តង។

លោក Cao Yuyang អ្នកទទួលខុសត្រូវ ចំពោះការស៊ើបអង្កេតមួយនេះ បានប្រាប់ឲ្យដឹងថា វីដេអូរបស់អ្នកស្រី Feng ដែលបានបង្ហោះរាល់ដង គឺថតដោយកូនប្រុស របស់អ្នកស្រីផ្ទាល់តែម្តង បើទោះបីជាអ្នកស្រី អះអាងថា បានថតដោយក្មួយប្រុស របស់អ្នកស្រីក៏ដោយ។

លោក Yang បានឲ្យដឹងទៀតថា អ្នកស្រី Feng មានអាយុ៤៥ឆ្នាំ មិនមែន ៤៨ឆ្នាំ ដូចការអះអាងរបស់អ្នកស្រីឡើយ ចំនែកឯកូនរបស់អ្នកស្រី មានអាយុ២៤ឆ្នាំ។ ឈ្មោះពិតប្រាកដ របស់អ្នកស្រី គឺមិនទាន់ត្រូវបានបង្ហាញ ឲ្យដឹងនៅឡើយទេ។

លោក Yang បានបន្ថែមទៀតថា «មុនពេលថតវីដេអូឃ្លីប ហូបដើមដំបងយក្ស ការពិតបន្លាដើមដំបងយក្ស ត្រូវបាននាងយកកន្ត្រៃ កាត់ចេញរួចទៅហើយ... បន្ទាប់មកនាងទំពារវា និងលាក់ក្រោមអណ្តាត ធ្វើពុតដូចជាលេប ដែលមើលទៅ ហាក់បីដូចជា នាងបានហូបវាអីចឹង»។

រូបភាព៖ អ្នកស្រី Feng កំពុងហូបដើមដំបងយក្ស

ដោយឡែកប៉ូលិសបានទទួលស្គាល់ថា សកម្មភាពអ្នកស្រី Feng ដែលយកផាវ ចងជាប់ចង្កេះ រួចអុចឲ្យផ្ទុះ និងយកផ្លែឪឡឹក មកបោកនឹងក្បាល គឺជាសកម្មភាពពិតប្រាកដ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់។

យ៉ាងណាមិញ នាយកដ្ឋានប៉ូលិសក្នុងក្រុង បានព្រមានប្រជាជនរបស់ខ្លួន កុំឲ្យព្យាយាមចម្លងសកម្មភាព របស់អ្នកស្រី Feng ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ ដល់អ្នកដទៃទៀត។ រីឯវីដេអូរបស់អ្នកស្រី Feng ក៏ត្រូវបានអាជ្ញាធរចិន លុបចេញជាបន្តបន្ទាប់ ពីបណ្តាញសង្គមផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]