(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាប់ពាន់នាក់ បានដាក់ពង្រាយនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរក្សាសុខសុវវត្ថិភាព ជូនថ្នាក់ដឹកនាំ មន្រ្តីកីឡា កីឡាករ និងអ្នកគាំទ្រគ្រប់រូប ក្នុងឱកាសទស្សនាការប្រកួតបាល់ទាត់រវាងកម្ពុជា ប៉ះចិនតៃប៉ិ (Chinese Taipei) នាម៉ោង៧យប់នេះ ក្នុងវគ្គជម្រុះជើងទី២ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ទាំងកម្លាំងអាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍លើផ្ទៃប្រទេស មានខ្ទង់ពាន់នាក់ ដែលសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់អ្នកគាំទ្រដែលអត់សំបុត្រផ្លោះរបង និងអំពើហិង្សាកើតឡើង ក្នុងករណីណាមួយជាយថាហេតុ ស្របពេល សំបុត្រចូលទស្សនាចំនួន ៥ម៉ឹនសំបុត្រត្រូវបានលក់អស់គ្មានសល់ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ (សៅរ៍ និងអាទិត្យ) នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

គិតត្រឹមរសៀលថ្ងៃទី០៧ មិថុនានេះ អ្នកគាំទ្របានមកកាន់ស្តាតអូឡាំពិកបណ្តើរៗហើយ ហើយការពិនិត្យពិត និងក្លែងក្លាយ ក៏កំពុងតែធ្វើឡើងផងដែរ។

សូមបញ្ជាក់ជាថ្មីថា សម្រាប់អ្នកគាំទ្រទាំងឡាយណាដែលគ្មានសំបុត្រ ក៏អាចទស្សនាតាមអេក្រង់ LED ក្នុងស្តាតអូឡាំ ពិកបានដែរ និងអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ BTV-News នៅគេហដ្ឋាន និងតាមរយៈ Fresh News TV រួមជា មួយ Facebook និង YouTube ទៀតផង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ ទាក់ទងនឹងកាប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងចិនតៃបិុ សហព័ន្ទកីឡាបាល់ទាត់កម្ពុជា បានបង្ហោះវីដេអូមួយ ជំរាបដល់បងប្អូនទាំងអស់ ដែលបានទិញសំបុត្រទស្សនាការប្រកួតបាល់ទាត់ ឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងទិញប៉ះចំសំបុត្រក្លែងក្លាយ ព្រោះថាមានជនឆ្លៀតឱកាសមួយចំនួន បានបន្តលក់សំបុត្រក្លែងក្លាយ នៅក្រៅរបងពហុកីឡាដ្ឋានស្តាតអូឡាំពិក។

ជាការពិតណាស់ សំបុត្រទស្សនាបាល់ទាត់ចំនួនរាប់មឺុនសំបុត្រ ត្រូវបានលក់ក្នុងរយៈពេល ២ថ្ងៃដំបូង ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានឆ្ងល់ថា តើហេតុអ្វីបានជាមកទល់ពេលនេះហើយ នៅមានសំបុត្រលក់នៅក្រៅរបងស្តាតទៀត!? រីឯតំលៃវិញ គឺថ្លៃជាងតំលៃសំបុត្រធម្មតា ដោយក្រោមដំបូល មានតំលៃ ១មឺុន៥ពាន់ ទៅ២មឺុនរៀល ចំណែកឯកន្លែងគ្មានដំបូលវិញមានតំលៃដល់ទៅ ១មឺុនរៀល។

នេះបើយោងតាមវីដេអូ បង្ហោះដោយទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា មានជនខិលខូច មួយចំនួនបានឆ្លៀតឱកាសកូពីចម្លងសំបុត្រប្រកួត លក់ដល់ បងប្អូនអ្នកគាំទ្រ ទាំងដែលសហព័ន្ធបានប្រកាសជាផ្លូវការហើយ ប្រកាសទៀតថា សំបុត្របានលក់អស់ហើយ។ ដូចនេះបើបងប្អូនទិញប៉ះចំសំបុត្រក្លែងក្លាយនេះ សហព័ន្ធក៏មិនទទួលខុសត្រូវដែរ ហើយជួនចំពោះជនឆ្លៀតឱកាសដែល លក់សំបុត្រក្លែងក្លាយនេះ ប្រសិនបើសហព័ន្ធកីឡាកម្ពុជាចាប់បាន សហព័ន្ធនឹងចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]